ភរិយាលោក កែម ឡី នឹករឭកស្វាមី ខណៈជិតដល់ខួប១ឆ្នាំនៃឃាតកម្ម

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:45 AM | កែម ទ្បី | 0 | 5068 អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ខណៈដែលបុណ្យខួប១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជិតមកដល់ ភរិយារបស់លោកបានសំដែង​ការ​នឹករឭក​ស្វាមីប្រកប​ដោយ​មោទនភាពចំពោះអ្វីដែលអ្នកវិភាគរូបនេះបានធ្វើឲ្យមានការកែប្រែនៅក្នុង​សង្គម ហើយមានមនុស្ស​រាប់លាននាក់​ឲ្យ​តម្លៃលោក។

នៅលើទំព័រហ្វេសប៊ុក អ្នកស្រី ប៊ូ រចនា នៅថ្ងៃទី៥ខែកក្កដានេះ បានសរសេរថា «ជិតមួយឆ្នាំហើយដែលពួកតិរិច្ឆានបានឆក់យកជីវិតបងពីអូននិងកូនៗ អូននឹកបងណាស់ តែបងកុំបារម្ភអីដោយសារមានបងប្អូនឈាមខ្មែរទាំងក្នុងនិងក្រៅប្រទេសជាង២លាននាក់ដែរបានលើកទឹកចិត្តអូន ធ្វើឲ្យអូនរឹងមាំ»។

អ្នកស្រី ប៊ូ រចនា បន្តថា «អូនពិតជាមានមោទនភាពណាស់ដែលមានបងជាស្វាមី បងលះបង់ជីវិតដើម្បីជាតិខ្មែរ »។

បើតាមអ្នកស្រី ប៊ូ រចនា ពេលនេះ គាត់និងកូនៗកំពុងរងចាំទៅរស់នៅប្រទេសមួយដែលលោក កែម ឡី ប៉ងប្រាថ្នាចង់ឲ្យកូនៗគាត់បានទៅរៀន ដោយមានការជួយជ្រោមជ្រែងពីបងប្អូនខ្មែរដែលស្រលាញ់អ្នកវិភាគរូបនេះ។

លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ នៅក្នុងហាងទំនិញមួយរបស់ស្ថានីយ៍ប្រេង កាល់តិច ជាប់ស្តុបបូកគោ។

ឃាតកម្មនេះ បានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក កែម ឡី ធ្វើ​ការបក​ស្រាយ​លើ​របាយការណ៍ស៊ើបអង្កេតមួយរបស់អង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness ដែលបានបរិយាយពីការរកស៊ីរបស់ក្រុមគ្រួសារ លោក ហ៊ុន សែន៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required