សហជីពមួយស្នើតុលាការទម្លាក់ការចោទលើសកម្មជនដែលតវ៉ាសុំប្រាក់ឈ្នួល១៦០ដុល្លារ

សម្ព័ន្ធសហជីពកម្ពុជា ស្នើសាលាដំបូងខេត្តកំពង់ចាម ទម្លាក់បទចោទលើមេសហជីពមូលដ្ឋានរបស់ខ្លួន ខណៈ​ចៅ​​ក្រ​ម​​ស៊ើបសួរ ទើបនឹងចេញដីកាបង្គាប់ឲ្យចូលបំភ្លឺនៅពាក់កណ្តាលខែនេះ ទាក់ទិ​ននឹង​ការតវ៉ាទា​មទា​រប្រា​​ក់​ឈ្នួ​ល១​៦០ដុ​ល្លារ​ តាំង​​ពីឆ្នាំ២០១៣។

ដីកាកោះចុះថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរ លោក ប៉ុក សុ​វណ្ណ​មុ​ន្នី បង្គាប់ឲ្យលោក ចន ធាង ចូលបំភ្លឺនៅថ្ងៃទី១៩ខែកក្កដា ដោយថា ដើម្បីសាកសួរពីបទញុះ​ញង់ឲ្យប្រ​​ព្រឹត្តិ​​ប​​ទ​ឧ​ក្រិ​​​ដ្ឋនិងប្រើ​ប្រាស់​មធ្យោ​បា​​​​យ​​ដើ​​ម្បី​ជាឧបសគ្គដល់ចរាចរណ៍សាធារណៈកាល​ពីថ្ងៃទី​​​២៦ ​ខែធ្នូ​ ឆ្នាំ២០​១​៣។

លោក ប៉ុក សុវណ្ណ​មុន្នី ព្រមានថា លោកនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនបើ លោក ចន ធាង មិនចូ​លខ្លួន​ទៅបំ​ភ្លឺ​តា​មកាលកំណត់។

ករណីនេះប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ណ បានចេញសេក្តីថ្លែង​ការចំហមួយ ចុះថ្ងៃ​ទី​​៤​​​ខែ​​​​​​ក​ក្ក​ដានេះ ​ស្នើឲ្យចៅក្រមស៊ើបសួររូបនេះ ទម្លាប់បទចោទលើថ្នាក់ដឹកនាំ របស់ខ្លួន គឺលោក ចន ធា​ង។

សេចក្តីថ្លែងការណ៍បន្ថែមថា លោក ចន ធាង ជាថ្នាក់ដឹកនាំសម្ព័ន្ធសហជីពកម្ពុជា ប្រចាំរោ​ងច​​ក្រមេ​នហា​ត​ថេន មិនបានប្រព្រឹត្តិដូចការចោទប្រកាន់ទេ ដោយថាទង្វើរបស់លោក​ ចន ធាង ជា​កា​​រប្រើ​ប្រាស់សិទ្ធិ ជំ​រុញ​​លក្ខខណ្ឌការងារ ក្នុងនាមខ្លួនជាប្រធានសហជីពប្រចាំមូលដ្ឋានតែប៉ុណ្ណោះ។

លោ​កស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ក្នុងលិខិតនោះថា ម្យ៉ាងវិញទៀត រដ្ឋាភិបាល ក៏បានតម្លើ​ងប្រាក់​ឈ្នួ​ល​ដ​​ល់​​កម្មករជាបន្តបន្ទាប់ដែរ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ហួត វុទ្ធី សុំមិនធ្វើអត្ថាធិប្បាយ​ ករណីនេះទេ ដោយ​ជំរុ​ញ​ឲ្យទៅ​​សួរចៅក្រមស៊ើបសួរ លោក ប៉ុក សុវណ្ណមុន្នី ផ្ទាល់ តែ VOD មិនអាចទាក់ទង។

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោកស្រី យ៉ាង សុភ័ណ្ឌ អះអាងថា បើតុលាការនៅតែបន្តនីតិវិធីលើ សំណុំ​​រឿងចាស់នេះ លើថ្នាក់ដឹកនាំ របស់ខ្លួន លោកស្រីថា ចំណាត់ការនេះ ហាក់បង្ហាញពិរឹកនយោបាយ គំរាមដល់សេរី​ភាពអ្នកលើកកម្ពស់សិទ្ធិការងារ ខណៈខេត្តកំពង់ចាម បក្សប្រឆាំងបាននាំ​មុខបក្ស​កាន់អំ​ណា​​ច អំឡុងបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ។

លោកស្រីថា៖ «ខ្ញុំគិតថាជារូបភាពគំរាមកំហែងទៅលើគាត់ ដោយសាតែគាត់ជាសកម្មជន របស់គណបក្សសង្គ្រោះជាតិ ហើយគាត់ជាអ្នកធ្វើសកម្មភាពយ៉ាងផុលផុះទាក់ទិននឹងរឿងកន្លងមករឿងបោះឆ្នោតឃុំ សង្កាត់ស្អីផ្សេងៗហ្នឹង»។

ប្រធានសហជីពប្រចាំរោងចក្រមេនហាកថេន លោក ចន ធាង បង្ហាញពីការភ្ជាក់ផ្អើលពីចំណាត់​ការ​រប​ស់​តុលា​ការនេះ ដោយលោកថាព្រឹត្តិការ​តវ៉ាទាមទារសុំតម្លើងប្រាក់ឈ្នួលដល់១៦០ដុល្លារនោះ បានស្ង​ប់ស្ងត់ជិត៥ឆ្នាំទៅហើយ។

ប៉ុ​ន្តែលោកថា លោកនឹងទៅបង្ហាញមុខនៅចំពោះមុខចៅក្រម បើតុលាការមិ​នទម្លាប់ប​ទចោទតាម​ការ​ស្នើសុំ​។

លោកថា៖ «បារម្ភដែរមិនដឹងធ្វើម៉េច!។ ប៉ុន្តែបើយើងរត់គេចខ្ញុំគិតថាវាមិនមែនជាការដោះស្រាយបញ្ហាទេ វានៅតែបន្ត ពីព្រោះរឿងហ្នឹងវាយូរហើយ តាំងពីឆ្នាំ២០១៣មកម្លេះឥឡូវវា២០១៧ហើយ»។

យ៉ាងណាក៏ដោយសម្ព័ន្ធសហជីពកម្ពុជា អំពាវនាវឲ្យអង្គការសិ​ទ្ធិមនុស្សជាតិ និងអន្តជា​តិរួមទាំង​ការិ​យា​​​​ល័​យឧត្តមស្នងការទទួលបន្ទុកសិទ្ធិនុស្សប្រចាំកម្ពុជា ជួយតាមដានករណីនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ