តុលាការកំពូលច្រានចោលការទាមទាររបស់ លោក គឹម សុខ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

តុលាការកំពូលនៅថ្ងៃពុធនេះបានបដិសេធបណ្ដឹងសាទុក្ខចំនួនពីររបស់អ្នកវិភាគ លោក គឹម សុខ ដែលទាមទារឲ្យលោក ហ៊ុន សែន មកតទល់ជាមួយលោកនៅតុលាការ និងបណ្ដឹងមួយទៀត គឺការសុំនៅក្រៅឃុំ។

កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី។ ប៉ុន្តែការចោទប្រកាន់​នេះ ត្រូវបានមេធាវីការពាក្តី លោក គឹម សុខ ប្ដឹងជំទាស់មកតុលាការកំពូល។

ប៉ុន្តែនៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រី គឹម សុត្ថាវី បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ ដោយសំអាងថា ការសម្រេចរបស់តុលាការជាន់ទាបដែលមិនឲ្យលោក គឹម សុខ នៅក្រៅឃុំនោះ ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

ចំណែកបណ្ដឹងសាទុក្ខរបស់លោក គឹម សុខ ដែលទាមទារឲ្យតុលាការកោះហៅលោកនាករដ្ឋមន្ត្រី ហ៊ុន សែន មកតទាល់ក្ដីជាមួយនោះ ក៏ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជំម្រះនៃតុលាការកំពូល លោក សឹង្ហ បញ្ញាវុឌ្ឍ សម្រេចបដិសេធនៅថ្ងៃនេះដែរ ដោយសំអាងថាបណ្ដឹងនោះធ្វើឡើងពុំមានមូលហេតុត្រឹមត្រូវ។

បន្ទាប់​ពីស្ដាប់សាលដីការួច លោក គឹម សុខ បានលើកឡើងថា ការសម្រេចរបស់តុលាការធ្វើឡើងតាមការចង់បានរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន។

លោកថា«ការសម្រេចរបស់តុលាការធ្វើឡើងតាមការចង់បានរបស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែន  វាជាការសម្រេចដោយលំអៀងដែលចាត់ចែងដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន» ។

មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី សម្ដែងការខកចិត្តចំពោះការសម្រេចការរបស់តុលាការដោយថាមិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោកឡើយ។

លោកថា«គេអាចមានមធ្យោបាយដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការបានតើ ដូចកំណត់គាត់កុំឲ្យទៅកន្លែងណាមួយ ឬក៏កុំឲ្យធ្វើអ្វីមួយបានតើ ប៉ុន្តែតុលាការបែបជាមិនរើសមធ្យោបាយដាក់ឲ្យត្រួតពិនិត្យតាមផ្លួវតុលាការបែបជារើសមធ្យោបាយឃុំខ្លួនគាត់នេះជាចំណាត់ការមួយដែលផ្ដល់ភាពអយុត្តិធម៌ដល់លោក គឹម សុខ។ ចំណែកការទាមទារឲ្យដើមបណ្ដឹង​​​ទៅជួបតទល់ជាមួយគាត់នៅតុលាការគឺជាវិធីដែលមានតម្លាភាពបំផុត ហើយត្រឹមត្រូវបំផុតល្អបំផុតដើម្បីឲ្យឃើញពីជំហរច្បាស់លាស់របស់អ្នកប្ដឹង ហើយនឹងឃើញពីវិធីហេតុផលនិយាយការពាររបស់ចុងចម្លើយ ប៉ុន្តែដើមបណ្ដឹងអត់ចូលទៅគ្រាន់តែប្រគល់សិទ្ធិឲ្យមេធាវីហើយបែបជាចាប់ចុងចម្លើយទៅដាក់គុកបាត់អានឹងវាមិនមែនជាចំណាត់ការដែលផ្ដល់ភាពយុត្តិធម៌ឬក៏មានតម្លាភាពនោះទេ»។

អ្នកនាំពាក្យសមាគអាដហុក លោក សំ ចាន់គា មានប្រសាសន៍ថា  ការបន្តឃុំខ្លួនលោក គឹម សុខ នៅពន្ធនាគារនេះ មិនបានចំណេញអ្វីដល់រដ្ឋាភិបាលនិងតុលាការឡើយ។ លោកស្នើឲ្យរដ្ឋាភិបាលក៏ដូចតុលាការធ្វើការពិចារណាចំពោះករណីនេះ ហើយដោះលែងលោក គឹម សុខ ឲ្យបាននៅក្រៅឃុំវិញ ។

លោកថា«តុលាការគួរតែពិនិត្យមើលថាតើព្យសនកម្មដែលបង្កដោយ គឹម សុខ វាធ្ងន់ធ្ងរប៉ុណ្ណា ហើយគាត់មានសមត្ថភាពបង្កបញ្ហាអសន្តិសុខដល់សង្គមអត់ បើអត់ទេគួរតែអនុញ្ញាតឲ្យគាត់នៅខាងក្រៅឃុំទៅជារឿងមួយខាងរដ្ឋាភិបាលឬតុលាការគួរតែពិនិត្យពិចារណាផងដែរ»។

កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកវិភាគ​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ