ឈុន សុវណ្ណភក្ដី ​​​និយាយ​ពីការ​ហ្វឹកហាត់កុន​នៅប្រទេស​​ថៃ

លោក​​​ ឈុន ​​​​សុវណ្ណ​ភក្ដី ម្ចាស់​ផលិត​កម្ម​ BKS (ដោយ វង្ស សុម៉ាលីន)

រយៈពេលមួយសប្ដាហ៍មកហើយ ដែលលោក ឈុន សុវណ្ណភក្ដី ម្ចាស់ផលិតកម្ម BKS ដែលត្រូវគេស្គាល់ថាអ្នកចម្រៀង Original Song និងជាតារាសម្ដែងផង បានចេញទៅហ្វឹកហាត់ជំនាញដឹកនាំកុននៅក្នុងប្រទេសថៃ។ ជាមួយនឹងការទទួលបានចំណេះដឹង លោកក៏បានចាប់ដៃគូជាមួយផលិតករ ដើម្បីផលិតភាពយន្តនៅពេលខាងមុខផងដែរ។

មានប្រសាសន៍ប្រាប់វីអូឌីតាមបណ្តាញទំនាក់ទនងសង្គមពីប្រទេសថៃ លោក ឈុន សុវណ្ណភក្ដី ឲ្យដឹងថាគម្រោងសិក្សាជំនាញថតកុនរបស់លោកដែលបានធ្វើឡើងជាមួយក្រុមផលិតករនៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី៤ខែសីហា ដោយក្នុងរយៈពេលមួយអាទិត្យនោះ លោកថាខ្លួនបានទទួលចំណេះដឹងច្រើនពាក់ព័ន្ធនឹងជំនាញផលិតកុន។

លោកថាផលិតករថៃបានបង្ហាត់បង្ហាញនូវបច្ចេកទេសដឹកនាំសម្ដែង បង្ហាញពីប្លង់កាមេរ៉ា និងបង្ហាញពីរបៀបចាប់ប្លង់ជាច្រើន ដើម្បីអោយស្របនឹងសាច់រឿងប្រភេទកំប្លែង ភ័យរន្ធត់ និងរឿងប្រភេទស៊ើបអង្កេតជាដើម។

លោក ឈុន សុវណ្ណភក្ដី អះអាងថាខ្លួនទទួលបានជំនាញច្រើន ហើយអ្វីដែលលោកបានរៀនពីក្រុមផលិតករថៃនេះមិនមែនជាទីបញ្ចប់នោះទេ គឺនឹងត្រូវជួបគ្នាហ្វឹកហាត់ច្រើនទៀត ដោយសារតែលោកយល់ថាចង់ក្លាយជាអ្នកធ្វើកុន គឺត្រូវចេះច្រើនដែលលោកយល់ថារឿនតែមួយសប្ដាហ៍គឺមិនគ្រប់គ្រាន់។

លោកមានប្រាសន៍ថា៖ “ក្រោយពីបានជួបជាមួយផលិតករល្បីៗនៅថៃ ខ្ញុំយល់ថាខ្ញុំចេះដឹងច្រើនជាងមុន ហើយមិនយូរទេ ខ្ញុំនឹងចំណាយពេលមកសិក្សាទៀត។ ហើយមិនមែនស្វែងយល់តែរឿងថតកុនជាមួយនឹងផលិតករថៃនោះទេ គឺខ្ញុំនឹងរកឱកាសរៀនសូត្របន្ថែមទៀតជាមួយអ្នកជំនាញមកពីប្រទេសផ្សេងៗ ”។

លោកថាផលិតករដែលបានបង្វឹកជំនាញកុនដល់លោកក្នុងរយៈពេលមួយសប្ដាហ៍នោះ គឺសុទ្ធតែមានស្នាដៃផលិតកុនថៃដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ដោយក្នុងចំណោមនោះគឺលោក សាយយ៉ុន ដែលបានផលិតរឿង «នាងណាត» ។

លោក ឈុន សុវណ្ណភក្ដី បានអះអាងថាក្នុងពេលខាងមុខផលិតកម្ម BKS របស់លោកនឹងគ្រោងចាប់ដៃជាមួយផលិតករថៃ ដើម្បីផលិតរឿងរួមគ្នា ប៉ុន្តែមិនមែនចាប់ផ្ដើមនៅភ្លាមៗទេ គឺអាចសម្រាប់រឿងទី៤ របស់ផលិតកម្មឬប្រហែលជាកន្លះឆ្នាំយ៉ាងតិច។

លោកថានាពេលកន្លងមក ផលិតកម្ម BKS បានជោគជ័យក្នុងរឿង «ដៃគូកំចាត់ខ្មោច» និងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» រួចហើយ ប៉ុន្តែលោកនៅតែយល់ឃើញថាសមត្ថភាពក្នុងការដឹកនាំផលិតរបស់ខ្លួននៅមានកម្រិត ទើបសម្រេចទៅសិក្សាជំនាញថតកុនដល់ប្រទេសថៃ ដើម្បីប្រើប្រាស់ជំនាញដែលខ្លួនបានដឹងយកមកដឹកនាំក្នុងរឿងទី៣របស់ផលិតកម្ម ដែលនឹងគ្រោងចេញថតក្នុងពេលខាងមុខ។

ទោះជាយ៉ាងណា លោកថាលោកមិនបានបោះបង់អាជីពជាអ្នកចម្រៀងនិងបោះបង់អាជីពតែងនិពន្ធចម្រៀង Original ដែលខ្លួនធ្លាប់ធ្វើនោះទេ បើទោះជាលោកកំពុងងាកខ្លាំងមកធ្វើភាពយន្តនិងមមាញឹកច្រើនជាមួយការសម្ដែង។

លោក ឈុន សុវណ្ណភក្ដី ប្រកាសថានឹងចេញបទចម្រៀងថ្មីៗដែលជាស្នាដៃរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងឲ្យបានកាន់តែច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ