កម្ពុជា​ជំរុញ​ឲ្យ​មាន​ការ​​ប្រកួត​ប្រជែងតាម​​របៀង​សេដ្ឋកិច្ច​

រដ្ឋ​មន្ត្រី​មហា​អនុតំបន់​មេគង្គ​ប្រចាំ​ប្រទេស​កម្ពុជាលោក​ សុខ​ ចិន្តា​សោភា (ដោយ សាយ ទ្បាលីស)

មន្ត្រីរដ្ឋាភិបាលថាកម្ពុជាអាចជំរុញឲ្យមានការប្រកួតប្រជែងក្នុងរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គឬ Great Mekong Sub-Region (GMS) បានគឺត្រូវតែមានការចូលរួមពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងជាពិសេសគឺវិស័យឯកជន។

មហាអនុតំបន់មេគង្គ GMS មានប្រទេសចំនួន៦ដែលស្ថិតនៅជាប់នឹងទន្លេមេគង្គ ដូចជាប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ បណ្តាប្រទេសទាំងនេះមានរបៀងសេដ្ឋកិច្ចចំនួន៣គឺ របៀងសេដ្ឋកិច្ចជើងត្បូង គឺរវាងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍និងប្រទេសចិន របៀងសេដ្ឋកិច្ចខាងត្បូង រត់តាមបណ្តោយភាគខាងត្បូងនៃមហាអនុតំបន់នេះ និងរបៀងសេដ្ឋកិច្ចកើត-លិច លាតសន្ធឹងប្រមាណជាង១ ៣០០គីឡូម៉ែត ពីកំពង់ផែដាណាងនៃប្រទេសវៀតណាមដល់ប្រទេសមីម៉ាន់ម៉ា ដោយឆ្លងកាត់តាមប្រទេសឡាវនិងថៃ។

បើតាមរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាអនុតំបន់មេគង្គប្រចាំប្រទេសកម្ពុជាលោក សុខ ចិន្តាសោភា ឲ្យដឹងថា របៀងសេដ្ឋកិច្ចជាផ្លូវទូរគមនាគមន៍តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ហើយមានសកម្មភាពសេដ្ឋកិច្ច ដែលអាចផលប្រយោជន៍ទៅដល់ប្រជាជនដែលរស់នៅតាមដងផ្លូវ។

ថ្លែងក្នុងវេទិការរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ កាលពីថ្ងៃទី៤ខែសីហាម្សិលមិញ ដែលពិភាក្សាលើការ “ពង្រឹងការតភ្ជាប់និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ” លោក សុខ ចិន្តាសោភា បានលើកឡើងថាការជំរុញកិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ចនៅតាមបណ្តាយរបៀងសំខាន់ៗ រវាងបណ្តាប្រទេស GMS និងដៃគូអភិវឌ្ឍ នឹងជួយបង្កើនការងារនិងទំហំពាណិជ្ជកម្មដល់បណ្តាប្រទេសទាំងនោះ។

លោក សុខ ចិន្តាសោភា បញ្ជាក់ទៀតថាការពង្រឹងភាពតភ្ជាប់និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃរបៀងសេដ្ឋកិច្ចអាចសម្រេចទៅបាន គឺអាស្រ័យលើភាគីពាក់ព័ន្ធរួមមានរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ លោកថ្លែងថា គោលគំនិត នៃការអភិវឌ្ឍរបៀងនេះមានពីរ ទី១គឺការពង្រឹងភាពតភ្ជាប់ និងមួយទៀតគឺការលើកកម្ពស់ភាពប្រកួតប្រជែងនៃរបៀងសេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា៖ ការពង្រឹងភាពតភ្ជាប់ គឺធ្វើយ៉ាងណាឲ្យក្រុមមួយ តំបន់មួយមានការតភ្ជាប់គ្នា។ ក្នុងន័យពង្រឹងភាពតភ្ជាប់នេះ បើយើងនិយាយឲ្យស្រួលយល់ ថាយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីតភ្ជាប់តំបន់និងតំបន់ ប្រទេសនិងប្រទេស។ …ការលើកកម្ពស់ភាពប្រកួតប្រជែងនៃរបៀងសេដ្ឋកិច្ចនោះមានន័យ យើងចង់ឲ្យតំបន់ឬប្រជាជននៅតាមរបៀងមានលទ្ធភាពទាក់ទាញសកម្មភាពវិនិយោគពាណិជ្ជកម្ម

លោក សុខ ចិន្តាសោភា ឲ្យដឹងបន្ថែមថាបណ្តាប្រទេស GMS នឹងត្រូវខិតខំពិភាក្សាជាមួយរដ្ឋាភិបាលរៀងៗខ្លួន ហើយធ្វើការជាមួយដៃគូអភិវឌ្ឍដែលពួកគេនឹងនាំមកនូវជំនាញនិងហិរញ្ញវត្ថុ។ បន្ថែមលើសហ្នឹងដែរ លោកថាតួអង្គដែលធ្វើឲ្យសេដ្ឋកិច្ចដើរ គឺផ្នែកឯកជន ដូច្នេះលោកទាមទារឲ្យមានការយល់គ្នារវាងរដ្ឋាភិបាលនិងវិស័យឯកជន។ សម្រាប់កម្ពុជាផ្ទាល់ លោកថានឹងធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ ដោយថាមិនមែនគ្រាន់តែជាកន្លែងដែលគេជិះឆ្លងកាត់នោះទេ។

វេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គនេះ បានរៀបចំឡើងដំបូងនៅឆ្នាំ២០០៨ ក្នុងគោលបំណងបំពេញតួនាទីជាវេទិកាតែមួយគត់ ដើម្បីជំរុញការអភិវឌ្ឍរបៀងសេដ្ឋកិច្ចនិងបង្កើតទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន និងរវាងរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ