ក្រសួងវប្បធម៌ថាមិនមានចំណាត់ការចំពោះម្ចាស់ផលិតកម្មលើការរក្សាឈ្មោះអ្នកនិពន្ធ

បាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុខុម (រូបភាពពីហ្វេសប៊ុកលោក សាន សេកសុខុម)

កាលពីថ្ងៃទី៤ ខែសីហា មានការផ្ទុះបាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុខុម ពាក់ព័ន្ធរឿងដែលថាមិនបានដាក់ឈ្មោះលោកជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធ៤រូបផ្សេងទៀត នៅក្នុងខ្សែភាពយន្តរឿង អមតៈ របស់ផលិតកម្មហ្សី (Z)។

លោក សាន សេកសុខម ដែលដឹកនាំបាតុកម្មជាបុគ្គលិកគ្មានកុងត្រាជាមួយផលិតកម្ម ហ្សី។ លោកថា លោកបានប្រើប្រាស់មនោសញ្ជេតនាក្នុងការជ្រុមជ្រែងតែងនិពន្ធឲ្យផលិតកម្មហ្សីនៅដើមឆ្នាំ២០១៥ ដោយបង្កើតនូវសមិទ្ធផល២ធំៗគឺរឿង ល្បុកតោ និងរឿង អមតៈ។

ការធ្វើបាតុកម្មអហិង្សាទាមទារឲ្យសិទ្ធិជាអ្នកនិពន្ធរបស់លោក សាន សេកសុខម ធ្វើឡើងស្របពេលដែលផលិតកម្មហ្សីដាក់សម្ភោធរឿង អមតៈ កាលពីថ្ងៃទី៣ ខែសីហា។

លោកឲ្យដឹងថា៖ តែខ្ញុំតក់ស្លុតនៅពេលដែលលោក ជា ឌីណាង ដែលជាដៃស្តាំទើបឡើងដំណែងដោយខ្លួនឯងបានវាយប្រហារថា ការដែលមិនដាក់ឈ្មោះខ្ញុំចូលទៅក្នុងផុសស្ទើរ(poster)ជាអ្នកនិពន្ធ គឺដោយសារតែខ្ញុំជាអ្នកនិពន្ធស៊ីឈ្នួល ការដែលគាត់និយាយអញ្ចឹងគឺស្មើនឹងការប្រមាថមើលងាយ គឺគាត់មើលងាយខ្ញុំស្មើនឹងខ្ញុំកម្មករ គាត់មិនដែលយល់ពីមនោសញ្ចេតនាខ្ញុំដែលជួយផលិតកម្មកន្លងមកទេ

ទោះជាយ៉ាងណាលោក សាន សេកសុខុម នៅតែចង់ទាមទារសិទ្ធិជាអ្នកនិពន្ធនៅក្នុងរឿង អមតៈ ដោយលោកបញ្ជាក់ថា លោកមិនអាចទទួលយកការប្រមាថក្នុងអាជីពជាអ្នកនិពន្ធរបស់លោក។

លោកមានប្រសាសន៍បន្តថា៖ គឺផលិតកម្មរបស់គាត់គឺចេញមកថ្មី គឺគ្មានអ្វីសោះ ខ្ញុំក៏ជួយគាត់តាមលំដាប់លំដោយ ដោយមិនគិតគូលុយកាក់ ដោយយើងស្រលាញ់គ្នាក្នុងនាមយើងជាអ្នកសិល្បៈផលិតករយើង ហើយចង់អោយរឿងរបស់យើងរីកចំរើន ខ្ញុំក៏មិនបានគិតរឿងប្រាក់ខែដោយមានកុងត្រាទេ តាមពិតរឿងកុងត្រា ខាងផលិតកម្មទេ ដែលគួរធ្វើ មិនមែនខ្ញុំទាមទារធ្វើទេ តែគាត់មិនបានធ្វើអោយខ្ញុំទេ កុំថាឡើយកុងត្រា សូម្បីតែនាមប័ណ្ណក៏មិនធ្វើអោយផង

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ជា ឌីណាង ផលិតករនិងជាអ្នកតំណាងផលិតកម្ម ហ្សី តាមបំភ្លឺវិញថា លោក សាន សេកសុខម បាននិយាយបំផ្លើសនិងដោយមានចិត្តច្រណែន។ លោកបន្ថែមថា គ្រប់ស្នាដៃទាំងអស់ជារបស់ផលិតកម្ម បើបុគ្គលិកណាលាឈប់ដោយគ្មានមូលហេតុនិងទំនួលខុសត្រូវ ។

លោកមានប្រសាសន៍ថា៖ តាមពិតទៅ បើសិនបុគ្គលិកណាមានចំណែកពាក់ព័ន្ធក្នុងរឿងមួយៗរបស់ផលិតកម្ម ជាទូទៅបើសិនជាបុគ្គលិកនោះ គាត់នៅជាបុគ្គលិកពេញសិទ្ធិសម្រាប់ផលិតកម្មហ្នឹង គេនឹងដាក់ឈ្មោះគាត់ តែបើគាត់ឈប់ដោយគ្មានការទទួលខុសត្រូវ រាល់សមិទ្ធផលទាំងអស់ត្រូវជារបស់ក្រុមហ៊ុន គាត់មានសិទ្ធិឬមិនដាក់ ព្រោះក្រុមហ៊ុនមានបែបបទត្រឹមត្រូវ រាល់បុគ្គលិកទាំងអស់ត្រូវបំពេញបែបបទមុនចូល

រីឯការប្រមាថលោក សាន សេកសុខុម ជាអ្នកនិពន្ធស៊ីឈ្នួល លោកសូមបដិសេដនិងមានចម្ងល់ផងដែរចំពោះការប្រើពាក្យពេជន៍របស់អ្នកសារព័ត៌មានក្នុងស្រុកមួយដែលបានសម្ភាសន៍លោកនៅថ្ងៃសម្ពោធន៍រឿងនោះ។

លោកមានប្រសាសន៍ថា៖ ខ្ញុំកំពុងតែទាក់ទងទៅភ្នំពេញប៉ុស្តិ៍ ព្រោះខាងប្រូដាកសិន ខាងផលិតកម្ម អត់មានអ្នកណាបកស្រាយថាអ្នកនិពន្ធស៊ីឈ្នួលទេ តែបើថាបុគ្គលិកស៊ីប្រាក់ខែប្រហែលជាមាន ខ្ញុំបានណាត់ភ្នំពេញបុស្ត៍ ហើយសួរថាហេតុអ្វីគាត់ប្រើពាក្យហ្នឹងឬគាត់មានការលំអៀងឬគាត់មានឯករាជ្យភាពទេក្នុងការផ្សាយព័ត៌មាន

លោក សាន សេកសុខុម បានបញ្ជាក់ដោយស្ទាក់ស្ទើរបន្តិចនៅពេលនិយាយទៅដល់ការដោះស្រាយតាមផ្លូវច្បាប់អំពីការការពារស្នាដៃរបស់អ្នកនិពន្ធ តែលោកថាលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការតតាំងដើម្បីយុត្តិធម៌សម្រាប់តម្លៃនៃអ្នកនិពន្ធទូទៅ មិនមែនសំដៅតែលើបុគ្គលខ្លួនទេ។

ពាក់ព័ន្ធនឹងបញ្ហានេះលោកមេធាវីពេញសិទ្ធិ សេក សោភ័ណ បានពន្យល់ថាសមិទ្ធផលទាំងអស់របស់បុគ្គលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលុះត្រាតែមានកិច្ចសន្យាណាមួយរវាងក្រុមហ៊ុននិងបុគ្គលិក ហើយលោកថាគ្មានច្បាប់ណាមួយចែងនោះទេ ផ្ទុយទៅវិញវាជាច្បាប់របស់ក្រុមហ៊ុននីមួយៗដែលគេបង្កើតឡើង។

លោកមានប្រសាសន៍ថា៖ យើងទៅរកភស្តុតាងមកបញ្ជាក់ថាយើងប្រាកដជាបានតែងនិពន្ធមែន យើងអាចប្រើសិទ្ធិយើងថារឿងដែលគេផ្សាយនោះ មិនមែនគេធ្វើតែឯងទេ គឺយើងមានចំណែកដែរ អញ្ចឹងម៉េចអត់មានឈ្មោះយើង បើសិនជាអត់ចុះឈ្មោះយើង នោះយើងមានសិទ្ធិប្តឹងតើ

ក្នុងករណីវិវាទខាងលើ លោកមេធាវីបន្តបន្ថែមអំពីច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា៖ បើឈ្មោះអ្នកផ្សេងដាក់បាន ឈ្មោះយើងត្រូវតែមានដែរ បើសិនជាក្រុមការងារហ្នឹងអត់ដាក់ឈ្មោះ ហើយដាក់តែក្រុមហ៊ុន នោះមិនអីទេ យើងមិនចាំបាច់តវ៉ាទេ តែបើធ្វើទាំងអស់គ្នា ហើយមានអ្នកខ្លះដាក់ អ្នកខ្លះអត់ដាក់ ហើយគាត់បានធ្វើមែន ក្នុងករណីហ្នឹងគេហៅថា ការទទួលស្គាល់សិទ្ធិអ្នកនិពន្ធឬសិទ្ធិប្រហាក់ប្រហែលមិនសព្វគ្រប់ជ្រោយ

អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ប្រាប់វីអូឌីថាក្រសួងវប្បធម៌គ្មានចំណាត់ការផ្លូវច្បាប់ណាមួយ ប្រសិនជាផលិតកម្មមួយចំនួនមិនបានដាក់ឈ្មោះអ្នកនិពន្ធនិងលើកតម្កើងស្នាដៃអ្នកនិពន្ធខ្មែរ ដោយលោកថានេះជាបញ្ហាតូចតាចរវាងផលិតកម្មនិងផលិតករ ព្រមទាំងអ្នកនិពន្ធ។

លោកបន្តថា៖ ការពិតយើងមិនមានចំណាត់ការចំពោះរឿងដ៏តូចតាចនោះទេ បើយើងប្រមូលកិច្ចការទាំងនោះមកដាក់ទៀត ក្រសួងដូចជាគ្មានពេលឳកាសអីនឹងធ្វើការធំដុំអីទេ យ៉ាងហោចណាស់ក្រសួងមានការសម្របសម្រួលឬតាមរយៈភាសានៃការជជែកគ្នារវាងលោកស្រីជាអ្នកសួរ ជាអ្នកប្រព័ន្ធឃោសនាជាមួយនឹងខ្ញុំបាទ ក៏អាចជាចាត់ទុកជាសារមួយជូនដល់អ្នកនិពន្ធ ជាសារមួយជូនដល់ម្ចាស់ផលិតករថា សេចក្តីយោគយល់គ្នានិងការផ្តល់អោយគ្នាទៅវិញទៅមកនូវសុទិដ្ឋិនិយមដូចជាគ្មានអីគួរអោយកំណាច់សោះ

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះបានសំណូមពរឲ្យជួយលើកស្ទួយតម្លៃនៃកម្មសិទ្ធិបញ្ញានិងវប្បធម៌សិល្បៈខ្មែរ ខណៈក្រសួងគ្រោងធ្វើវិសោធនកម្មច្បាប់ ដើម្បីតម្រូវឲ្យម្ចាស់ផលិតកម្មទាំងអស់អនុវត្តទៅតាមច្បាប់ ដើម្បីបញ្ជៀសវិវាទផ្សេងៗក្នុងអាជីពសិល្បៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ