គ.ជ.ប មិនឯកភាពនឹងសំណើដែលសុំឲ្យពលករចំណាកស្រុកបានចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំ​បិណ្ឌ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថានឹងមិនពិចារណាលើសំណើរបស់បក្សប្រឆាំង ដែលស្នើឲ្យ គ.ជ.ប ចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ ជាពេលដែលអ្នកចំណាកស្រុកទៅលេងស្រុកកំណើតនោះទេ។

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ គណបក្សសង្រោះជាតិបានស្នើ គ.ជ.ប រៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលបក្សប្រឆំាងគិតថាជាការផ្តល់ឱកាសឲ្យពលករចំណាកស្រុកក្នុងនិងក្រៅប្រទេស ដែលទៅលេងស្រុកកំណើតនាថ្ងៃបុណ្យភ្ជុំបិណ្ឌនោះអាចបានចុះឈ្មោះបោះឆ្នោត សម្រាប់ទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងថ្នាក់ជាតិ ឆ្នាំ២០១៧និង២០១៨ខាងមុខ។

ចំណែកឯការចុះឈ្មោះបោះឆ្នោតវិញ ច្បាប់តម្រូវឲ្យ គ.ជ.ប ប្រើរយៈពេល៩០ថ្ងៃ ធ្វើការទាំងថ្ងៃសៅរ៍និងអាទិត្យ ដែលចាប់ពីថ្ងៃទី១ខែកញ្ញារហូតថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦។

ក្នុងកិច្ចប្រជុំមួយនៅស្នាកការ គ.ជ.ប នាថ្ងៃទី៥ខែសីហានេះ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែងថា គ.ជ.ប មិនអាចធ្វើអ្វីលើសពីច្បាប់កំណត់បានទេ។ លោកថា ការស្នើសុំឲ្យមានការរៀបចំការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ លោកថាអាចប៉ះពាល់ដល់ភាពឯករាជ្យរបស់ គ.ជ.ប បើគណបក្សផ្សេងទៀតមិនយល់ព្រមនិងម្យ៉ាងទៀតលោកថា អាចប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យជាតិ។

លោកថា៖ «ធ្វើ៩០ថ្ងៃទៅហើយ ហើយបើចង់ទៅចុះឈ្មោះបោះឆ្នោតថាអាញ់បោះឆ្នោតនៅកន្លែងអាញ់ធ្វើការហ្នឹងទេ អាញ់ចង់ទៅផ្ទះ ហើយចុះ៩០ថ្ងៃហ្នឹង បើចង់ទៅចុះឈ្មោះមានរឿងអីថាទៅមិនបាន មិនចាំតែភ្ជុំអីណា ថ្ងៃសៅរ៍អាទិត្យអីទៅបានដែរតើ? គេធ្វើការទាំងសៅរ៍ទាំងអាទិត្យ ហើយ៩០ថ្ងៃឯណោះឡើងម៉ាកំផ្លូស»

សម្រាប់នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្រ្វែល លោក គល់ បញ្ញា វិញគិតថាការដែលច្បាប់មិនអាចធានាសិទ្ធិពលរដ្ឋចំណាកស្រុកឲ្យពួកគេអាចបោះឆ្នោត លោកថាជាកាសោកស្តាយមួយរួចទៅហើយ។

លោក គល់ បញ្ញា បន្តថា គ.ជ.ប មិនបង្ហាញភាពវិជ្ជាមាន បើកឱកាសឲ្យពលករចំណាកស្រុកទាំងនោះបានចុះឈ្មោះបោះឆ្នោតបាន ពេលពួកគេមកលេងស្រុកកំណើតនាថ្ងៃបុណ្យជាតិពេលនេះទៀត លោកថាជាការខកចិត្តមួយទៀតសម្រាប់ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។

លោកថា៖ «ជាការទទួលខុសត្រូវរបស់ គ.ជ.ប ហើយត្រូវធានាសិទ្ធិហ្នឹង! ហើយនៅពេលគេឲ្យយោបល់ ដើម្បីបង្កើនសិទ្ធិចុះឈ្មោះបោះឆ្នោតហ្នឹង គ.ជ.ប ត្រូវតែពិនិត្យអនុសាសន៍ហ្នឹង ហើយត្រូវរកមធ្យោបាយដោះស្រាយ ជាវិធានការវិជ្ជមាន ជាវិធានការជម្រើស ដើម្បីធ្វើម៉េចបង្កើតឲ្យពលរដ្ឋចំណាកស្រុកហ្នឹង ប្រកដជាចុះឈ្មោះបោះឆ្នោតបានច្រើនជាអតិបរិមាដែលអាចធ្វើបាន»

សង្គមស៊ីវិលធ្លាប់លើកឡើងថា ពលករចំណាកស្រុករាប់ម៉ឺននាក់កំពុងធ្វើការនៅប្រទេសផ្សេងៗរួមទាំងប្រទេសថៃដែលនៅជាប់នឹងកម្ពុជាផងដែរ។

បើតាមរបាយការណ៍របស់ គ.ជ.ប ចែកចាយឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី៥ខែសីហានេះបង្ហាញថា ពលរដ្ឋខ្មែរមានជាង១៥លាននាក់(១៥ ៧២១ ៣៥៦) អាយុ១៨ឆ្នាំឡើងមានជាង៩លាន៦សែននាក់(៩ ៦៦៤ ២១៦) ក្នុងនោះអ្នកអត់ទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានជិត២លាននាក់(១ ៩៩១ ០២៥)៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ