លោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅ​​​​​​​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​​​​​​វិញ

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ (រូបភាព Fresh News)

មេដឹកនាំ​គណបក្ស​រួប​រួម​ជាតិ​ខ្មែរ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ត្រឡប់​ទៅ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​វិញ​ហើយ​នៅ​វេលា​ម៉ោង ៥​ល្ងាច​នេះ បន្ទាប់​ពីបញ្ចប់​ការ​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា ដោយ​សមត្ថកិច្ច​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​កាល​ពី​ ១០​ឆ្នាំ​មុន នៅ​ឯ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

សេចក្ដី​រាយការណ៍​នានា​របស់​សារព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ម៉ោង ១​រសៀល​ថ្ងៃ​នេះ។

រហូត​មក​ដល់​ម៉ោង ៥​ល្ងាច​នេះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​នាំ​លោក ញឹក ប៊ុនឆៃ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​វិញ​ហើយ។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​នោះ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​រូប​នេះ ពុំ​អត្ថាធិប្បាយ​ទេ ដោយ​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ និង​ថា ពុំ​អាច​បញ្ជាក់​ព័ត៌មាន​លម្អិត​បាន​នៅ​ឡើយ​ទេ។

ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​រួប​រួម​ជាតិ​ខ្មែរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព័ត៌មាន​បែក​ធ្លាយ​ថា លោក ញឹក ប៊ុនឆៃ មាន​បំណង​ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ