សមត្ថកិច្ចបញ្ជូនលោក ញឹក ប៊ុនឆៃ បន្ដទៅតុលាការក្រុងភ្នំពេញ

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ (រូបភាព Fresh News)

នៅវេលាម៉ោង១រសៀល ថ្ងៃសៅរិ៍ទី៥ខែសីហានេះ កម្លាំងសមត្ថកិច្ច បាននាំខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បន្ដទៅតុលាការរាជធានីភ្នំពេញ។

ការនាំខ្លួនបន្ដទៅតុលាការនេះ គឺបន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ តាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពី១០ឆ្នាំមុន ហើយសមត្ថកិច្ច ក៏បានចុះទៅឆែកឆេររកភស្ដុតាងបន្ថែម នៅផ្ទះរបស់លោក ញឹក ប៊ុនឆៃ ឋិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ កាលពីថ្ងៃសុក្រម្សិលមិញ។

ករណីឃាត់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បង្ហើបថា​ ដោយសារ លោក ញឹក ប៊ុនឆៃ មានជាប់ពាក់ព័ន្ធនឹងទីតាំងផលិតគ្រឿងញៀនមួយកន្លែង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧។

ប៉ុន្ដែករណីនេះ មជ្ឍដ្ឋានជាតិ មើលឃើញថា ទំនងជាធ្វើឡើង បន្ទាប់ពីបក្សកាន់អំណាច ប្រកាសផ្ដាច់សម្ព័ន្ធភាពជាមួយគណបក្សនេះ ដោយចោទថា លោក ញឹក ប៊ុនឆៃ មានចេតនាកុហក មិនស្មោះត្រង់នឹងបក្សកាន់អំណាច។ បន្ថែមលើសនេះ រាជរដ្ឋាភិបាល ក៏បានស្នើដល់ព្រះមហាក្សត្រ ឲ្យចុះហត្ថលេខាបញ្ចប់តំណែងលោកជាទីប្រឹក្សារាជរដ្ឋាភិបាល។​

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីខែមិថុនាកន្លងទៅ លោក ញឹក ប៊ុនឆៃ អះអាងថា លោកបានទូរស័ព្ទច្រឡំលេខទៅមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីមុនបោះឆ្នោតឃុំសង្កាត់។ ប៉ុន្ដែលោកបដិសេធថា លោកគ្មានទំនាក់ទំនង ឬចង់ចុះចូលជាមួយគណបក្សប្រឆាំងឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ