បក្ស​ប្រឆាំ​ងនិងពលរដ្ឋ​រិះគន់អាជ្ញាធររាជធានី​ដែល​បិទ​ផ្លូវ​ព្រឹក​មិញ

គណបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋរាប់ពាន់ដែលធ្វើដំណើរកាត់តាមផ្លូវជាតិលេខ២បានសម្តែងការមិនសប្បាយចិត្តនិងស្តីបន្ទោសអាជ្ញាធររាជធានីភ្នំពេញដែលបានបិទផ្លូវពេញមួយព្រឹកនៅថ្ងៃនេះ។

ការបិទផ្លូវនេះធ្វើឡើង ខណៈដែលគណបក្សសង្រ្គោះជាតិប្រកាសហែញត្តិទៅដាក់នៅតាមស្ថានទូតនានាដោយថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយធ្វើបាបគណបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស។

សមត្ថកិច្ចរាប់រយនាក់បានដាក់រនាំងបិទផ្លូវចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់រហូតដល់ហួសពីទីស្នាក់ការគណបក្សសង្គ្រោះជាតិប្រហែលជា២០០ម៉ែត្រ។ ការបិទផ្លូវនេះគឺធ្វើឡើងបន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានប្រកាសមិនឲ្យមានការហែញាត្តិរបស់គណបក្សសង្គ្រោះជាតិទៅកាន់ស្ថានទូតនានា។

ក្នុងសន្និសីទសារព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ លោក សុន ឆ័យ បានថ្លែងដោយស្តីបន្ទោសដល់អជ្ញាធរថាបានបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនិងអ្នកវិនិយោគ ដែលលោកថាការបិទនេះធ្វើឲ្យខាតបង់សេដ្ឋកិច្ច។

លោកបន្តថា៖ “ហើយការគ្រប់គ្រងប្រទេសមិនត្រូវបង្កឲ្យមាការព្រួយបារម្ភអត់ប្រយោជន៍បែបហ្នឹងទេ។ ព្រោះយើងត្រួវការវិនិយោគទុនមកប្រទេសកម្ពុជាយើង។ យើងត្រូវការឲ្យមាទេសចរណ៍មកកំសាន្តនៅក្នុងប្រទេសយើងដែលរដ្ឋាភិបាលតែតែអះអាងថា ប្រទេសដែលមានសន្តិភាពនោះ។ បើមើលព្រឹកមិញ ប្រទេសកម្ពុជាគឺអត់មានសន្តិភាពទេ។ ដែលគណបក្សសង្គ្រោះជាតិយល់ថាមិនគួរបណ្តោយឲ្យមានហេតុការណ៍នេះតទៅទៀត”។

ការបិទចរាចរណ៍ព្រឹកមិញនេះក៏បានបង្កឲ្យមានការខឹងសម្បារពីសំណាក់អ្នកធ្វើដំណើររាប់ពាន់នាក់។ អ្នកធ្វើដំណើរទាំងនោះ និយាយថា ពួកគេត្រូវខកខានការងារ ហើយថៅកែកាត់លុយ ខ្លះទៀតថាមិនបានជូនកូនទៅរៀន ខណៈអ្នកខ្លះនាំអ្នកជម្ងឺទៅពេទ្យមិនបាន ដោយសារតែការបិទផ្លូវដោយអាជ្ញាធរនេះ។

ពលរដ្ឋដែលមានទីលំនៅចាក់អង្រែលើ អ្នកស្រី ចាន់ ថន ដែលបានដឹកកូន២នាក់នៅខាងក្រោយម៉ូតូបានសម្តែងការខឹងសម្បារទៅលើការបិទរបាំងនេះ ដោយអ្នកស្រីថាកូនស្រីតូចរបស់អ្នកស្រីកំពុងមានជំងឺ។

អ្នកស្រីបន្តថា៖ បិទផ្លូវអត់ឲ្យគេធ្វើការ។ ធ្វើអីធ្វើទៅ កុំឲ្យតែបិទផ្លូវ ឲ្យគេចេញចូលម៉ែងាប់អីវិន អត់ឲ្យគ្នាទៅបុណ្យទៅអីទេអេ? កូនខ្ញុំក្តៅជិតងាប់ហើយ ខ្ញុំទិញថ្នាំឲ្យម៉ែខ្ញុំនៅផ្ទះនោះ។ ខ្ញុំអត់មានប៉ះពាល់អីទេ ចរាចរណ៍ តែបិទពេញទំហឹងតែហ្មង។ ពីនោះក៏បិទ ខំជិះគេចមកនេះហើយនៅនេះទៀត! លុយបង់រាល់ខែរាល់ឆ្នាំហ្នឹង(ពន្ធ) មិនចេះអត់ទេ”។

អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតក៏បានបង្ហាញការឈឺចាប់ថាទោះបីអង្វរសុំបើកផ្លូវឡានមួយចូល ដើម្បីយកឪពុកទៅពេទ្យ ខណៈអ្នកជម្ងឺកំពុងស្រែកថ្ងូរឈឺចាប់ក្នុងឡានក៏ដោយ ក៏សមត្ថកិច្ចមិនបើកផ្លូវឲ្យទៅឡើយ៖ “ត្រូវការព្យាបាល ហេតុអីឃោរឃៅ ដាច់ធម៌មេត្តាម្ល៉េះ ខ្ញុំគ្មានអាវុធ គ្មានកាំភ្លើង ហេតុអីខ្លាចដល់ថ្នាក់ហ្នឹង? ទាំងដែលពួកអស់លោកប្រដាប់ដោយអាវុធគ្រប់ៗដៃ

ប្រធានរដ្ឋបាលសាលារាជធានីលោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីនៅព្រឹកនេះថាការបិទផ្លូវនេះ គឺដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្រុងដោយលោកថា បើគណបក្សសង្គ្រោះជាតិហែជាក្បួនអាចនឹងបង្កបញ្ហាអសន្តិសុខផ្សេងៗដល់សង្គម។

លោកបន្ថែមថា៖ យើង(សាលារាជធានីភ្នំពេញ) មិនកំណាត់ថាបើកវិញនៅម៉ោងប៉ុន្មានទេ តែនៅពេលដែលទទួលព័ត៌មានថា មិនមានការដើរហែក្បួនចេញពីគណបក្សសង្រ្គោះជាតិក៏ដូចជាមិនមានការបង្កនៅបញ្ហាអសន្តិសុខអីផ្សេងៗ គឺយើងនឹងបើកធម្មតាវិញហើយ”។

នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា បានសរសេរលើហ្វេសប៊ុកលោកថា៖ “ការបិទផ្លូវនេះជាការបំពាន មិនត្រឹមលើសេរីភាពបញ្ចេញមតិ តែក៏ ថែមរំលោភ សេរីភាពធ្វើដំណើរ និងផលប៉ះពាល់ ការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី០៥ ខែកញ្ញានេះ ដែល សមត្ថកិច្ចក្រុងភ្នំពេញបានដាក់រនាំងបិទផ្លូវជាតិលេខ២ ជាច្រើនកំណាត់“។

បើទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានសម្រេចលុបចោលការដង្ហែក្បួន ដោយឲ្យតំណាងរាស្ត្រតែ៥រូប ឲ្យធ្វើដំណើរដាក់ញាត្តិនៅស្ថានទូតទាំង១៥វិញ ដែលបក្សនេះអះអាងថាការធ្វើបែបនេះ គឺដើម្បីបញ្ជៀសការប៉ះទង្គិចរវាងក្រុមអ្នកហែក្បួនដាក់និងសមត្ថកិច្ច។ ហើយនៅម៉ោងប្រមាណជា១១និង៣០នាទី សមត្ថកិច្ចបានបើកផ្លូវឲ្យមានដំណើរការវិញជាធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ