ភិន សុដាលីស ​​​ប្រកាស​​ជំនួញធំ​​​ជាមួយ​​​កូរ៉េ​មុន​សម្រាលកូន

នាង ភិន សុដាលីស នៅកម្មវិធីសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា

ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលមេម៉ាយក្មេងខ្ចី នាង ភិន សុដាលីស បានប្រកាសឲ្យដឹងថានាងទើបតែបានចំណាយប្រាក់រហូតដល់ខ្ទង់ម៉ឺនដុល្លារទិញសិទ្ធិផ្ដាច់មុខនាំចូលផលិតផលកញ្ចក់ភ្នែក និងរោមភ្នែក មកពីប្រទេសកូរ៉េ ក្នុងពេលដែលនាងទើបតែបានទទួលតំណែងជាអ្នកគ្រប់គ្រងទូទៅប្រចាំនៅក្នុងផលិតកម្មមហាហង្ស។ នេះជាជំហានជោគជ័យដែលគេកត់សម្គាល់ថាបានកើតឡើងក្រោយពេលនាងធ្លាក់ខ្លួនជាមេម៉ាយ និងកៀកដល់ថ្ងៃសម្រាលកូននៅដើមខែតុលាខាងមុខ។

ភិន សុដាលីស បានប្រកាសក្នុងវេទិកាសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា នៅសណ្ឋាគារសុខាភ្នំពេញថា នាងបានសម្រេចចិត្តបណ្ដាក់ទុនជាមួយក្រុមហ៊ុនដើមរបស់កូរ៉េប្រមាណដល់ច្រើនម៉ឺនដុល្លារ ដើម្បីទិញសិទ្ធិនាំចូលផ្ដាច់មុខតែម្ដងទៅលើផលិតរោមភ្នែក និងកញ្ចក់ភ្នែកសម្រាប់លម្អសម្រស់ភ្នែក។

នាងថាផលិតផលទាំងនោះនាងធ្លាប់សហការនាំចូលពីក្រុមហ៊ុនកូរ៉េ និងថៃយកមកលក់នៅលើទីផ្សារអនឡាញប្រមាណ២ឆ្នាំមកហើយ ប៉ុន្តែដោយសារតែនាងមានបំណងចង់ពង្រីកលើអាជីវកម្មដើម្បីប្រកួតប្រជែង ទើបនាងសម្រេចចិត្តទិញសិទ្ធិ និងកំណត់អោយក្រុមហ៊ុនកូរ៉េដាក់ឈ្មោះរបស់នាងធ្វើជាយីហោរបស់ផលិតផលតែម្ដង។

នាងថា ផលិតផលដែលនាងសម្រេចចិត្តបោះទុននាំចូលមកលក់ផ្ដាច់មុខនោះគឺមានយីហោថា «Pandy by Katy » ដែលរួមមានកញ្ចក់ភ្នែក និងផលិតផលដាក់រោមភ្នែកជាដើម។ នាងនិយាយថាឈ្មោះ ខេតធី ឬ Katy គឺជាឈ្មោះនៅផ្ទះរបស់នាង ហើយក៏ជាឈ្មោះដែលនាងបានប្រើក្នុងការបង្កើតជំនួញសម្រាប់លក់នៅលើអនឡាញផងដែរ ទើបនាងមិនប្រើឈ្មោះដាលីស ហើយប្រើឈ្មោះ ខេតធី ធ្វើជាយីហោផលិតផលវិញ។

នាងថាក្រោយការកុងត្រា ក្រុមហ៊ុនកូរ៉េនឹងផ្គត់ផ្គត់ផលិតផលកញ្ចក់ភ្នែក និងប្រដាប់ពាក់រោមភ្នែកដែលមានយីហោឈ្មោះនាងឲ្យនាងផ្ដាច់មុខនៅក្នុងទីផ្សារកម្ពុជា ហើយក៏មានន័យថាក្រុមហ៊ុននឹងមិនផ្ដល់ការផ្គត់ផលិតផលដដែលនេះដែលបានផលិតចេញពីក្រុមហ៊ុនទៅអោយបុគ្គលផ្សេង ដែលបើកអាជីវកម្មលក់កញ្ចក់ភ្នែក (Eye Liner) និងរោមភ្នែកដូចនាងនៅទីផ្សារកម្ពុជានោះទេ ដោយឲ្យក្រុមហ៊ុនទាំងនោះទទួលទិញផលិតផលពីនាងទៅលក់បន្តវិញ។

នាង ភិន សុដាលី មានប្រសាសន៍ថា នេះជាមុខជំនួញធំមួយដែលនាងចំណាយទុនច្រើន ទម្រាំទទួលបានសិទ្ធិផ្ដាច់មុខ និងបានទាំងឈ្មោះរបស់ខ្លួនធ្វើជាយីហោផង។ នាងថាកម្រិតជោគជ័យគឺឃើញច្បាស់នឹងភ្នែកតែម្ដងដោយសារតែក្នុងពេលនេះ ផលិតផលដែលនាងនាំចូលមានការចែកចាយកាន់តែទូលាយនៅតាមទីផ្សារទាំងខេត្តទាំងក្រុងទូទាំងកម្ពុជា។ នាងថាបើកុំតែការសាកល្បងលក់ដូរតាមរយៈអនឡាញនាពេលកន្លងមកទទួលបានជោគជ័យ នោះនាងក៏មិនហ៊ានបោះទុនរហូតដល់រាប់ម៉ឺនដុល្លារទិញសិទ្ធិផ្ដាច់មុខលើការនាំចូលផលិតផលនេះឡើយ។

យ៉ាងណាមិញ នាងថាអាជីវកម្មរបស់នាងគឺនៅតែរក្សាជំហរបន្តលក់នៅតាមអនឡាញដដែលទេ ដោយសារតែបានកត់សម្គាល់ឃើញថាបើទោះជាបើកហាងធំដុំដាក់លក់ក៏មិនមានកម្រិតទូលំទូលាយដូចគ្នានឹងការដាក់លក់នៅលើផេក និងអ៊ីធឺណិត។ នាងថានឹងបង្កើនក្រុមការងារបង្ហោះផលិតផលដាក់លក់ និងបន្ថែមក្រុមការងារដឹកជញ្ជូនច្រើនឡើងជាងមុន ដោយនៅក្នុងនោះបុគ្គលិកសម្រាប់ផ្សព្វផ្សាយ និងចែកចាយដោយផ្ទាល់នៅតាមបណ្ដារហាងតូចធំក៏នឹងត្រូវបង្កើនផងដែរ។

ភិន សុដាលីស បញ្ជាក់ថា បើទោះជានាងសម្រេចចិត្តនាំចូលផលិតផលផ្ដាច់មុខដើម្បីចែកចាយទីផ្សារក្នុងស្រុកខុសប្លែកជាងមុន ក៏នាងប្រកាសថាការងារគ្រប់គ្រងផលិតកម្មមហាហង្សគឺនាងមិនមានការព្រលែងដៃនោះឡើយ ដើម្បីកុំអោយឪពុករបស់នាងដែលបានប្រគល់តំណែងអោយខកចិត្ត។

នាងនិយាយថា៖ “[…]ឥឡូវខ្ញុំសម្រេចចិត្តរកស៊ីធំជាងមុន ប៉ុន្តែការងារបង្ហោះលក់ និងចែកចាយផ្ទាល់គឺខ្ញុំមានអ្នកចែកចាយទាំងអស់ ចឹងបើមែនទែនខ្ញុំចាំមើលតែស្ដុកថាគេកុម្មង់អស់ប៉ុន្មាន និងចាត់ចែងកុម្ម៉ង់មកបន្ថែមអីទេ គឺអត់រវល់ច្រើនទេ! ” ។

នាងថានឹងបន្តវាយលុកក្នុងអាជីពសម្ដែងក្រោយពេលសម្រាលកូនដូចដើម ដើម្បីរក្សាកេរ្តិ៍ឈ្មោះឲ្យនៅតែល្អនៅក្នុងសិល្បៈ ដើម្បីងាយស្រួលជោគជ័យក្នុងការពង្រីកអាជីវកម្មដែលបានបោះទុនជាមួយកូរ៉េ។ ក្នុងនោះនាងក៏ខ្លួនមានពេលច្រើនសម្រាប់ការងារមើលខុសកូនក្រោយពេលសម្រាលផងដែរ បើទោះជានាងបានក្លាយជាម្ចាស់ផលិតផលផ្ដាច់មុខ និងជាអ្នកគ្រប់គ្រងផលិតកម្មភាពយន្តមួយដែលមានសកម្មភាពខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ