បទយកការណ៍៖ ការបិទកាសែត ដេលី មិនត្រឹមតែប៉ះពាល់បុគ្គលិកទេ ឯអ្នកលក់កាសែតក៏ប៉ះពាល់ដែរ

ស្ថាប័នកាសែត ដឹ ខេមបូឌា ដេលី

នៅថ្ងៃតែមួយ ដែលកាសែត ដឹ ខេមបូឌា ដេលី បិទទ្វារស្ថាប័ន ហើយហាក់ដូចជាពុំមានទីណាផ្សេងត្រូវទៅ ក្រៅពីហាងកាហ្វេ ដែលខ្លួនចូលចិត្ត អតីតអ្នកយកការណ៍ព័ត៌មានកាសែតនេះម្នាក់ គឺ កញ្ញា ឡេង ឡែន អាយុ២៥ឆ្នាំ ឲ្យដឹងថា កញ្ញាមានការសោកស្ដាយ ដែលកាសែតនេះ ត្រូវបានរដ្ឋាភិបាលបញ្ឈប់លែងឲ្យដំណើរការបន្ដទៀត ក្នុងប្រទេសកម្ពុជា។

ទោះបីទើបបានចូលបម្រើការងារ ក្នុងកាសែតនេះមិនជាយូរប៉ុន្មាន ប៉ុន្ដែកញ្ញា ឡេង ឡែន បានរៀបរាប់ពីបរិយាកាសកន្លែងធ្វើការ នៅកាសែត ដឹ ខេមបូឌា ដេលី ថា បុគ្គលិកម្នាក់ៗ មានភាពអត់ធ្មត់ បើកចិត្តទូលាយ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កញ្ញានិយាយថា កាសែត ដឹ ខេមបូឌា ដេលី គឺជាគ្រឿងជំរុញទឹកចិត្ត ឲ្យកញ្ញាស្រឡាញ់ អាជីពជាអ្នកសារព័ត៌មាន ដោយថា កាសែតនេះបង្រៀនឲ្យប្រកាន់ខ្ជាប់ នូវគោលការណ៍វិជ្ជាជីវៈ ផ្សាយតែការពិតក្នុងសង្គម និងមិនប្រកាន់និន្នាការនយោបាយ។

កញ្ញាថា ចងចាំជានិច្ចនូវពាក្យស្លោករបស់កាសែតមួយនេះ ដែលថា «រាល់ព័ត៌មាន ត្រូវរាយការណ៍ដោយមិនលម្អៀង ឬការភ័យខ្លាច» ដើម្បីជាប្រយោជន៍សាធារណជន និងសំឡេងប្រជាពលរដ្ឋរងគ្រោះ។

 

បន្ទាប់ពីកាសែតមួយនេះ ត្រូវរដ្ឋាភិបាលបង្ខំឲ្យបិទទ្វារ កញ្ញា ឡេង ឡែន និយាយថា មិនដឹង ត្រូវធ្វើអ្វីបន្ដទៀតនោះទេ និងថា បើសិនរដ្ឋាភិបាលប្ដូរចិត្ត អនុញ្ញាតឲ្យកាសែតមួយនេះដំណើរឡើងវិញ កញ្ញាថា នឹងត្រឡប់ទៅធ្វើការនៅស្ថាប័ននេះដដែល។

 

អាជីវករលក់កាសែតម្នាក់ នៅក្បែរវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ បានបង្ហើបឲ្យអ្នករាយការណ៍ព័ត៌មានវីអូឌីដឹងថា ការបិទកាសែត ដឹ ខេមបូឌា ដេលី ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការលក់ដូរ និងជីវភាពរបស់គាត់ ដោយថា កាសែតនេះ មានអ្នកទិញ និងចូលចិត្តអានច្រើន ព្រោះវាមានជាភាសាអង់គ្លេស និងខេមរភាសា។

 

 

ក្រោយសម្រាកពីការងារ និងមានពេលកាន់តែច្រើន ដើម្បីមើលថែកូនៗ និងគ្រួសារនៅផ្ទះ អតីតអ្នកយកការណ៍ព័ត៌មានកាសែត ដឹ ខេមបូឌា ដេលី ម្នាក់ទៀត គឺលោក អូន ភាព អាយុ៥៣ឆ្នាំ បានឆ្លៀតពេលបន្ដិច​ ផ្ដល់បទសម្ភាសន៍ជាមួយយើង មុនពេលស្រស់ស្រូបអាហារពេលល្ងាច ដែលខណៈនេះម៉ោងជាង៨យប់ទៅហើយ។

លោក អូន ភាព និយាយថា លោកបានចូលបម្រើការនៅកាសែតនេះ អស់រយៈពេល៧ឆ្នាំមកហើយ ដោយថា ក្នុងនាមជាអ្នករាយការណ៍ព័ត៌មាន គឺថា លោក និងក្រុមការងារដទៃទៀត ផ្សាយតែអ្វីដែលជាការពិតក្នុងសង្គមខ្មែរ និងតែងប្រកាន់គោលការណ៍វិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួន។ លោកបន្ដថា កាសែតនេះ មានភាពអព្យាក្រឹត្យ ជីកកកាយរឿងពិត ដែលគេមិនចង់ឲ្យពលរដ្ឋដឹង ហើយមិនប្រកាន់និន្នាការនយោបាយ ឬលម្អៀងទៅរកបក្សប្រឆាំង ដូចការចោទប្រកាន់ឡើយ។

លោកថា មានការសោកស្ដាយជាពន់ពេក ខណៈកាសែតនេះ ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបិទទ្វារ ក្រោមហេតុផលថា គេចវេសមិនព្រមបង់ពន្ធជាង ៦លានដុល្លារអាមេរិក។ លោករិះគន់ថា រដ្ឋាភិបាលមានចេតនាចង់បិទកាសែតនេះចោល នៅមុនពេលបោះឆ្នោតឆ្នាំ២០១៨ ជាជាងរឿងពន្ធ។

 

កំឡុងពេលធ្វើការនៅកាសែត ដឹ ខេមបូឌា ដេលី លោក អូន ភាព រំលឹកថា កាសែតមួយនេះ ធ្លាប់ទទួលរងការគំរាមកំហែងជាច្រើន ដូចជា ការស្នើសុំកែតម្រូវ ពីមន្ដ្រីរដ្ឋាភិបាលដោយពុំសមហេតុផល ការផលិតអត្ថបទ មានភាពរស៊ើបទាក់ទិនបញ្ហាដីធ្លី និងបទល្មើសកាប់ឈើខុសច្បាប់ជាដើម។

 

កាសែត​ភាសា​អង់គ្លេស The Cambodia Daily ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​កាសែត​អាមេរិក​ជើង​ចាស់ លោក Bernard Krisher នៅក្នុង​ឆ្នាំ​១៩៩៣ មុន​នឹង​កាសែត​នេះ ​ត្រូវ​បាន​លក់​ទៅ​ឲ្យកូនស្រីរបស់គាត់លោកស្រី Deborah Krisher-Steele នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។

ឌឹ ខេមបូឌា ដេលី បានចេញផ្សាយអត្ថបទចុងក្រោយរបស់ខ្លួន នៅថ្ងៃទី៤កញ្ញាឆ្នាំ២០១៧ ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឲ្យបិទ ដោយការចោទប្រកាន់ថា ខកខានមិនបង់ពន្ធជូនរដ្ឋា មានទឹកប្រាក់ដល់ទៅជាង ៦លានដុល្លារសហរដ្ឋអាមេរិក។

ទីបំផុត កាសែត ឌឹ ខេមបូឌា ដេលី ដែលធ្វើប្រតិបត្តិការការងាររបស់ខ្លួនក្នុងប្រទេសកម្ពុជា អស់ពេលជាង ២០ប្លាយឆ្នាំ ត្រូវបានបិទពិតប្រាដកមែន បើទោះបីជាចាងហ្វាងកាសែតនេះ បានបដិសេធយ៉ាងដាច់អហង្កា និងចោទទៅរដ្ឋាភិបាលវិញថា មានចេតនាចង់បិទកាសែតនេះចោល ជាជាងរឿងគេចពន្ធ។

ក្នុងលិខិតចុះថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧  អគ្គនាយកដ្ឋានពន្ធដារបានស្នើសុំកិច្ចសហការពីអគ្គនាយកនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យចាត់វិធានការទប់ស្កាត់ការធ្វើដំណើរចាកចេញពីកម្ពុជារបស់អ្នកទទួលខុសត្រូវ កាសែតនេះ២នាក់ គឺលោកស្រី Deborath Krisher Steele និងលោក Douglas Eric Steele ដោយថា ដើម្បីដាក់បន្ទុកអ្នកទាំងពីរ ទូរទាត់បំណុលជូនរដ្ឋជាមុនសិន។

អគ្គនាយកដ្ឋានពន្ធដារស្នើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់វិធានការទប់ស្កាត់ម្ចាស់ កាសែត ខេមបូឌា ដេលី មិនឲ្យចេញពីកម្ពុជា ដោយថា ដើម្បីរងចាំការទូទាត់បំណុលសិន ខណៈដល់ថ្ងៃកំណត់ឲ្យបង់ពន្ធ និងជាថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់កាសែតមួយនេះ។

ករណីនេះ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក Phil Robertson បាន​ចាត់​ទុក​ការ​បិទ​កាសែត​ Cambodia Daily ថា​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​តាំង​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក Phil Robertson បាន​លើក​ឡើង​ថា ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​តែ​អំពាវ​នាវទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​មួយ​នេះ រហូត​ដល់​មាន​ការ​ធ្វើ​សវនកម្ម​ស្រប​ច្បាប់​ទៅ​លើ​បញ្ហា​បំណុល​ពន្ធ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ