លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ប្រើរបបផ្តាច់ការដូច ប៉ុល ពត​

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

អតីតមេដឹកនាំគណបក្សប្រឆំាង​ បានចោទមេដឹកនាំគណបក្សកាន់អំណាច​ថា កំពុង​ប្រើរបប​ផ្តាច់​ការ​វាយ​គូ​ប្រ​កួត​​របស់​ខ្លួនមុនការបោះឆ្នោតជាតិ​ ដោយថាដើម្បីឈានទៅបន្តកាន់អំណាច​នៅអាណត្តិក្រោយ។

ការលើកឡើងនេះ បន្ទាប់ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅយប់​​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេ​ហដ្ឋាន​របស់​លោក ដោយ​រដ្ឋា​ភិបា​ល​ចោទ​​ថា​ ក្បត់​ជាតិ និង​ឃុប​ឃិត​ជាមួយ​អាមេរិក​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​​។

ករណីនេះអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន​បង្ហោះវីឌេអូលើហ្វេសប៊ុក​របស់​លោកនៅថ្ងៃទី៥ខែកញ្ញានេះ​ថា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បិទប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ កាសែត​ឯក​រាជ្យ និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារជាដើម​។ ករណីនេះលោកថា លោក ហ៊ុន សែន កំពុង​ប្រើ​​រ​បបផ្តាច់ការដូចសម័យលោក ប៉ុល​ ពត ដឹកនាំប្រទេសកម្ពុជា​ដែរ ដោយថាដើម្បី​បន្តគ្រប់គ្រងអំណាច​របស់ខ្លួន។

លោកនិយាយថា «ខ្ញុំបានបង្ហាញហើយថា ហ៊ុន សែន និង ប៉ុល ពត ចេញមកពីសំបុកតែមួយ គឺសំបុកពួកជនកុម្មុយនីស្ត ផ្តាច់ការ ដែលម្តងបំរើចិន ម្តងបំរើ​យួន ឬក៏បំរើទំាងផលប្រយោជន៍ចិន និងផល​ប្រយោជន៍យួនដូចសព្វថ្ងៃ​ដើម្បីពង្រឹង​អំណាច​ផ្តាច់ការ និងអំពើពុករលួយរបស់ខ្លួន​។ គេបិទបំាង​មិនឲ្យ​ប្រជារាស្ត្រខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា​ ក្រុម​ដែល​កាន់​អំណាច​​សព្វថ្ងៃនៅប្រទេសកម្ពុជា​គេមិនខ្វល់ទេ​ ពីខ្មែរខាតបង់ ទោះជាខាតបង់ដល់ណា​ ក៏គេ​មិន​ខ្វល់​ដែរ ឲ្យតែក្រុមគេបានកាន់អំណាច​តទៅទៀត​»។

លោក សម រង្ស៊ី បានអះអាងថា អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេតាមធ្វើបាបរាល់ថ្ងៃ មិន​ដែលធ្វើឲ្យបាត់បង់ទឹកដី ទ្រព្យសម្បត្តិ​ជាតិ ធនធានធម្មជាតិ ព្រៃឈើ និងរ៉ែ នោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា​ បានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាគណបក្សកាន់អំណាចដឹកនាំប្រទេសដូច​ ប៉ុល ពត។ ចំណែកការចាប់ខ្លួនលោក កឹម សុខា អ្នកនាំពាក្យរូបនោះថា ទុកឲ្យតុលាការចាត់វិធានការច្បាប់។

លោកនិយាយថា «ប៉ុល ពត បន្ថយជីវិតប្រជាជន យើងបង្កើនជីវិតប្រជាជនកើនឡើងដល់ទៅបីដង បួន​ដង​ឯណោះ ជាចំណុច​មួយដែល​យើងមិនបាច់ឆ្លើយតប​ទៅនឹងបុគ្គលដែលគាត់គិតតែអវិជ្ជមាននោះ​ទេ​ ចំណុច​ប្រជាធិបតេយ្យ កម្ពុជា​ត្រូវ​តែមានប្រជាធិបតេយ្យខ្លួនឯង ត្រូវ​តែមានអធិបតេយ្យខ្លួនឯង ហើយកម្ពុជា​ត្រូវ​តែម្ចាស់ការលើអនាគតប្រទេសរបស់ខ្លួន ដោយមិនបណ្តែតបណ្តោយឲ្យកម្ពុជាធ្លាក់ទៅ ក្នុងកណ្តាប់ដៃនៃការលូកលាន់របស់បរទេសទៀតទេ បញ្ហាពាក់ព័ន្ធលោក កឹម សុខា​ គឺជារឿង​មួយ ដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខាង​យុត្តិធម៌ ដូច្នេះពួកយើងខ្ញុំមិនមានអ្វីប៉ះពាល់ទេ មិនមានអ្វីត្រូវ​យក ធ្វើការវាយតម្លៃមុន​ការកាត់ទោស​របស់តុលាការ​ទេ»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង ៣៥​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេ​ហដ្ឋាន​របស់​លោក និង​បញ្ជូន​ទៅ​ពន្ធនា​គារ​​ត្រំពំាងថ្លុង ខេត្តកំពង់ចាម។ ក្រោយពីចាប់ខ្លួន ស្ថាប័ន​រដ្ឋមួយ​ចំនួនបាន​ចេញ​សេចក្តី​ថ្លែង​ការគំាទ្រ​និង​ចំចាត់​កា​ររបស់រដ្ឋាភិបាលលើលោក កឹម​ សុខា។

ប៉ុន្តែស្របពេលជាមួយគ្នានោះ សង្គមស៊ីវិល​ជាតិ និងសហគមន៍អន្តរជាតិ រួមទំាងគណបក្សប្រឆំាង បាន​ចេញ​​សេចក្តីថ្លែង​ការណ៍​ជា​បន្តបន្ទាប់ ​ថ្កោលទោសចំពោះ​វិធានការ​របស់​រដ្ឋាភិបាលក្នុង​ការចាប់​ខ្លួន​មេ​បក្ស​ប្រឆំាង​​​រូប​នោះ ដោយថា​ ធ្វើ​ឡើង​ដោយគ្មានដីកាចាប់ខ្លួន និង​​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា ដែល​ត្រូវ​​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុ​ញ្ញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ