UN អង់គ្លេស និងអូស្ដ្រាលី សម្តែងការព្រួយបារម្ភនិងស្នើបញ្ឈប់ការគំរាមកំហែងលើបក្សប្រឆាំង

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

នៅល្ងាចថ្ងៃទី៤ខែកញ្ញា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗ ចំនួន២ទៀត រួមមាន អង់គ្លេស និងអូស្ត្រាលី សម្តែងការព្រួយបារម្ភខ្លាំង ជុំវិញការចាប់ខ្លួនលោក កឹម សុខា ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein មានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លោក ព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង ដែលហាក់ដូច ជាត្រូវបាន​អនុវត្ត​ដោយ​គ្មាន​ការគោរព​ចំពោះ ការធានាតាមនីតិវិធីត្រឹមត្រូវ រួមទាំង​ការគោរព​ចំពោះ​អភ័យឯក​សិទ្ធិសភា។

ករណីនេះ រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេស លោក Mark Field ក៏ព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ដើម្បីស្តារលទ្ធភាព​សម្រាប់​ការបោះឆ្នោតសេរី និងយុត្តិធម៌នៅឆ្នាំក្រោយ។

បន្ថែមពីនេះ ទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ការរិតត្បតិសិទ្ធិសេរីភាពបក្សប្រឆាំង និង ជម្រុញឲ្យកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យក្នុងធម្មនុញ្ញអាស៊ាន។

ទូតអូស្ដ្រាលី ទទូចឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការចាំបាច់នានា ដើម្បីធានានូវលំហូរលទ្ធិប្រជាធិបតេយ្យបើកជំហរ មានការបញ្ចេញទស្សនៈ និងមតិដោយសេរី  សេរីភាពសារព័ត៌មាន និងអនុញ្ញាតឲ្យគណបក្សប្រឆាំង ធ្វើសកម្មភាពនានា ដោយថា នេះជាធាតុផ្សំដ៏សំខាន់នៃដំណើរលទ្ធិប្រជាធិបតេយ្យ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី២ ឈានចូល ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ និងត្រូវបានបញ្ជូនទៅពន្ធនាគារត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាម ដោយរដ្ឋាភិបាល ចោទពីបទ ប្រព្រឹត្តអំពើក្បត់ជាតិ និងចារកម្មឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ