ទិវាគ្រូបង្រៀន៖ ប្រាក់​ខែ​១,៥លានរៀល ទើបអាច​លើក​ស្ទួយ​ជីវភាព​គ្រូ​បង្រៀន​

ក្រុមគ្រូបង្រៀនទាមទារឲ្យរដ្ឋាភិបាលតម្លើងប្រាក់ខែឲ្យបាន១,៥លានរៀលនោះ ពួកគេថាទើបគ្រូបង្រៀនមានជីវភាពសមរម្យ មានកិត្តិនាម និងមានការគោរព។

សមាគមគ្រូបង្រៀនឯករាជ្យបានប្រារព្ធទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី៥តុលានេះ នៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ “ការផ្តល់តម្លៃជូនគ្រូបង្រៀននិងការពង្រឹងកម្រិតស្ថានភាពនៃគ្រូបង្រៀន“។ ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកគ្រូ អ៊ុក ឆាយ៉ាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីនោះថាស្ថានភាពគ្រូបង្រៀនកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងការបាត់បង់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក៏ព្រោះតែប្រាក់ខែមិនសមរម្យ ដែលបណ្តាលឲ្យលោកគ្រូអ្នកគ្រូមួយចំនួនឆ្លៀតទៅរកមុខរបរបន្ថែមពីកិច្ចការបងៀនដើម្បីទ្រទ្រង់គ្រួសារនិងជីវភាពខ្លួន។ អ្នកគ្រូបន្ថែមថា អ្វីដែលសមាគមគ្រូបង្រៀនទាមទារជាចាំបាច់នៅពេលនេះគឺប្រាក់ខែគោលនិងប្រាក់ឧបត្ថម្ភផ្សេងៗឲ្យបានសមរម្យ ដើម្បីឲ្យគ្រូបង្រៀនបានរស់នៅសមរម្យ មានការគោរព និងថ្លៃថ្នូរ។

អ្នកគ្រូមានប្រសាសន៍ថា៖ “ប្រាក់ខែគោលបើសិនជាគាត់បាន១លានកន្លះ ហើយនឹងប្រាក់ខែផ្សេងៗទៀត វាអាចបានរហូតទៅពីរលានអីអញ្ចឹងទៅ ទាំងកូនទាំងប្រពន្ធអីបន្ថែមទៀត វាអាចបាន២លាន អញ្ចឹងខ្ញុំគិតថា២លានស្មើរនឹង៥០០ដុល្លារ ខ្ញុំគិតថាគាត់មិនអាចមានពេលទៅរត់ម៉ូតូឌុប គាត់ធ្វើការងារអីផ្សេងៗលក់នំលក់នេក គិតតែពីយុទ្ធសាស្រ្តយ៉ាងណាគិតតែធ្វើឲ្យក្មេងរកបានចំណេះដឹងពិតប្រាកដបាន”។

គ្រូបង្រៀននៃវិទ្យាល័យជាស៊ីមបឹងកេងកង លោកគ្រូ សេង ថាវីរៈ មានប្រសាសន៍ថា ប្រាក់ខែរបស់លោកបច្ចុប្បន្នបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានប្រមាណជា៨០ម៉ឺនរៀលប៉ុណ្ណោះ ដែលទាមទារឲ្យគ្រួសារលោករកចំណូលបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានសមរម្យ។

លោកគ្រូមានប្រសាសន៍ថា៖ “ព្រោះការបង្រៀនគួរទៅតាមមុខវិជ្ជាទេ ឧទាហរណ៍គ្រូខ្លះ គេមុខវិជ្ជាគណិត រូប គីមី គាត់អាចបង្រៀនបានហើយ ចំណែកខ្ញុំអត់មានបង្រៀនគួរបានទេ ហើយក៏ខ្ញុំអត់លក់មេរៀន ហើយក៏ខ្ញុំអត់គាបសង្កត់សិស្សដែរ ខ្ញុំទទួលប្រាក់បៀរវត្សដែលទទួលបានពីរាជរដ្ឋាភិបាល ពីក្រសួងអប់រំតែប៉ុណ្ណោះទេ អញ្ចឹងមិនអាចរស់បានទេ មិនអាចទៅរកមុខរបរឯណាបន្ថែមពីលើហ្នឹងទៀតទេ ដល់អញ្ចឹងរស់ពិបាក។ … ពិបាករស់ព្រោះថាឥឡូវនេះប្រាក់ខែតិចតួចហើយទំនិញទីផ្សារ ប្រេងសាំងមានតម្លៃថ្លៃ អញ្ចឹងទេគួ្រសារខ្ញុំហ្នឹង គាត់ឆ្លៀតទៅរកនេះរកនោះ ប៉ុន្តែវាធម្មតាទេ ដែលរកនេះរកនោះ វាមិនបានកម្រៃដែលថាទប់ទល់នឹងជីវភាពបានប្រសើរឡើងទេ វាស្ថិតនៅក្នុងកម្រិតមួយដែលពិបាកដដែល“។

លោកយល់ថាប្រសិនបើរាជរដ្ឋាភិបាលសម្រេចតម្លើងប្រាក់គោល១លាន៥សែន បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗនោះប្រកដជាអាចធ្វើឲ្យជីវភាពរបស់គ្រូបង្រៀនអាចប្រសើរឡើងបាន។

លោកគ្រូបង្រៀនចូលនិវត្តន៍ម្នាក់នៅពោធិ៍សាត់ដែលបានមកចូលរួមប្រារព្ធទិវានេះនៅភ្នំពេញលោកគ្រូ ប៉ាល់ ប៊ុណ្ណា មានប្រសាសន៍ថា ប្រាក់ចូលនិវត្តន៍សម្រាប់លោកគ្រូនាពេលបច្ចុប្បន្ននេះបានចំនួន៣៥ម៉ឺនរៀល ដែលលោកថាចំនួននេះមិនអាចទ្រងទ្រង់ជីវភាពរបស់លោកគ្រូបាននោះទេ។

លោកគ្រូមានប្រសាសន៍ថា៖ “យើងបំពេញការងារជាកសិករបន្ថែម យើងមិនអាចប្រើប្រាក់ចូលនិវត្តន៍ហ្នឹងរស់បានទេ ព្រោះយើងរស់រាល់ថ្ងៃនេះព្រោះយើងរស់បំពេញការងារជាអ្នកស្រើអញ្ចឹងទៅ។ យើងធ្វើស្រែផ្សំគ្នា។ ប្រាក់ចូលនិវត្តន៍នេះបីដូចជាទឹកសន្សីមបន្តិចបន្តួចដើម្បីបង្គ្រប់ បើនិយាយទៅបើគ្រាន់តែហូបគុយទាវហើយនឹងកាហ្វេហ្នឹង មួយថ្ងៃមួយម៉ឺនហ្នឹងវាអស់បាត់ទៅហើយ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ តុលាកន្លងទៅបានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រឲ្យនិស្សិតសកលវិទ្យាល័យមួយបានលើកឡើងថា ប្រាក់ខែគ្រួបង្រៀននឹងតម្លើងដល់ជាង ៩០ម៉ឺនរៀលនៅខែមេសាឆ្នាំក្រោយ។

យ៉ាងណាក៏ដោយលោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើប្រាក់ខែដែលរដ្ឋាភិបាលគ្រោងតម្លើងឲ្យដល់ជាង៩៥ម៉ឺនរៀលក្នុងមួយខែនោះ សម្រាប់គ្រូបង្រៀនកំរិតណាខ្លះនោះទេ។

វិស័យអប់រំនៅកម្ពុជាត្រូវបានមហាជនទទួលស្គាល់ច្រើនតាមរយៈការរឹតបន្តឹងការប្រលងមធ្យមសិក្សាទុតិយភូមិ ការបង្រៀន និងការបណ្តុះគំនិតក្នុងការអានជាដើម តែស្របពេលដែលការអប់រំត្រូវបានគេទទួលស្គាល់នេះ ប្រាក់ខែរបស់គ្រូបង្រៀននៅតែរងការរអ៊ូរទាំថាមានកម្រិតទាប ដែលមិនទាន់អាចឆ្លើយតបទៅនឹងជីវភាពរបស់គ្រូបង្រៀនបាននៅឡើយទេ និងបានបង្ខំឲ្យពួកគាត់មួយចំនួនព្យាយាមរកប្រាក់ចំណូលបន្ថែមពីលើកិច្ចការបង្រៀននៅតាមសាលារដ្ឋ ទៅបង្រៀនបន្ថែមតាមសាលាឯកជន បើកបង្រៀនគួរ និងបន្ថែមមុខរបរមួយចំនួនទៀត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ