ក្រសួងធម្មការកំពុង​ស្វែងរកព្រះសង្ឃមួយអង្គដែលច្រៀងបង្ហោះវីដេអូលើបណ្តាញសង្គម

ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ស្ថាប័ននេះកំពុងសហការជាមួយគណៈសង្ឃ ដើម្បីស្វែងរកព្រះសង្ឃមួយអង្គដែលច្រៀងចំរៀងបង្ហោះនៅលើហ្វេសប៊ុក ដោយថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនាព្រះពុទ្ធ។

វីដេអូឃ្លីបដែលគេបង្ហោះចែកចាយគ្នានៅលើបណ្តាញសង្គមនៅថ្ងៃនេះ បានឲ្យដឹងថា ព្រះសង្ឃមួយអង្គដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានច្រៀងចំរៀងបទភក្តីស្នេហ៍ពេញបេះដូង និងមានសារថា៖ ”អាត្មាសូមផ្ញើរជូនញ៉ោមស្រីណព្វម្នាក់អស់ពីបេះដូងអាត្មាឮសម្រាប់ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះសូមស្តាប់ហើយជួយស៊ែរគ្រប់គ្នាផងដើម្បីឲ្យឮដល់ញ៉ោមស្រីណព្វចិត្តអាត្មាផងណា ញ៉ោមញាតិ ឧបាសក ឧបាសិកាទាំងឡាយអើយ”។

រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ប្រាប់VODនៅថ្ងៃពុធនេះថា ក្រសួងធម្មការបានទទួលព័ត៌មាននេះហើយ តែលោកថាក្រសួងកំពុងសហការជាមួយគណៈសង្ឃ ដោយថា ដើម្បីស្វែងរកព្រះសង្ឃមួយអង្គនោះ។ លោកថា ព្រះសង្ឃដែលច្រៀងថតជាវីដេអូបង្ហោះនោះ ធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា ។លោកថាករណីនេះ គណៈសង្ឃអាចនឹងសម្រេចដាក់ទណ្ឌកម្ម ដោយមិនទាន់ផ្សឹកនោះទេ។

ផ្ទុយទៅវិញលោក សុមុនី ថា បើករណីរកឃើញថា ព្រះសង្ឃអង្គនោះ ធ្វើឡើងក្នុងបំណងធ្វើឲ្យខូចសាសនាធ្ងន់ធ្ងរនោះ អាចប្រឈមនឹងការចាប់ផ្សឹក។

លោក សុមុនី ក៏បានអំពាវនាវទៅពុទ្ធបរិស័ទ និងព្រះសង្ឃទំាងអស់ ដែលស្គាល់ព្រះសង្ឃអង្គនោះ ត្រូវរាយការណ៍មកគណៈសង្ឃ និងក្រសួងធម្មការ និងសាសនា ដើម្បីឲ្យស្ថាប័នជំនាញចុះទៅសិក្សាលើបញ្ហានោះ។

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយវីដេអូឃ្លីបមួយចំនួនបង្ហាញពីសកម្មភាពរបស់ចៅអធិការវត្តខេត្តកំពង់ស្ពឺ គឺព្រះសង្ឃ ឌូ វណ្ណឌឿន ឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីមួយ ។ ក្រោយបែកធ្លាយវីដេអូឃ្លីបនៅតាមបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន ព្រះសង្ឃ ឌូ វណ្ណឌឿន យល់ព្រមទទួលកំហុស និងលាលែងពីតំណែងជាមេគណខេត្ត ខណៈក្រសួងធម្មការ និងសាសនា រួមទំាងគណៈសង្ឃ មិនបានផ្សឹកព្រះអង្គនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ