សារព័ត៌មាន​​ថា មន្ត្រី​កូរ៉េ​ខាង​ជើង​ថ្មី​ទៀត​ស្វែង​រក​ការ​ចុះ​ចូល

មន្ត្រីកាទូតកូរ៉េខាងជើងម្នាក់ទៀតប្រចាំនៅទីក្រុងប៉េកាំង បានចុះចូលនឹងកូរ៉េខាងត្បូង។ នេះដោយយោងតាមការចុះផ្សាយរបស់ AFP ដោយផ្អែកតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងយ៉ុនហាប់ នៅថ្ងៃពុធនេះ ប៉ុន្តែសេចក្ដីរាយការណ៍មួយទៀតបានផ្សាយថា បុគ្គលិកទូតកូរ៉េខាងជើង ២នាក់ បានស្វែងរកសិទ្ធិជ្រកកោនក្នុងស្ថានបេសកទូតជប៉ុននៅទីក្រុងប៉េកាំង។

ទីភ្នាក់ងារព័ត៌មាន AFP បានបន្តថា ប្រសិនបើជាការពិត វាគឺជាការចុះចូលថ្មីមួយទៀត នៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលអ្នកតាមដានមួយចំនួនកត់សម្គាល់ថា ជាសញ្ញានៃកំណើនអស្ថិរភាពជាមួយមេដឹកនាំក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដែលបានដកស្រង់ប្រភពអានាមិក បានផ្សាយថា មន្ត្រីរូបនោះ បានបាត់ខ្លួនជាមួយក្រុមគ្រួសាររបស់គាត់កាលពីចុងខែកញ្ញាកន្លងមក។ មន្ត្រីរូបនោះ ត្រូវបានដាក់ឲ្យបំពេញការងារនៅស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង ប៉ុន្តែ ស្ថិតក្រោមក្រសួងសុខាភិបាលកូរ៉េខាងជើង។

ប្រភពដដែលបានបន្តថា មន្ត្រីរូបនោះ ទទួលខុសត្រូវចំពោះការស្វែងរកប្រភពផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដល់គ្លីនិកមួយនៅទីក្រុងព្យុងយ៉ាង ដែលផ្ដល់ការព្យាបាលដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមគ្រួសាររបស់លោក។

ចំណែកសេចក្ដីរាយការណ៍មួយទៀតរបស់កាសែតកូរ៉េខាងត្បូង JoongAng Ilbo បានផ្សាយថា បុគ្គលិកជាន់ខ្ពស់ ២រូប នៅស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង បានស្នើសុំសិទ្ធិជ្រកកោននៅជប៉ុន។

ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បានបដិសេធថា គ្មានការស្នើសុំណាមួយ ត្រូវបានគេធ្វើឡើងទៅកាន់ស្ថានបេសកទូតជប៉ុននោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ