អ្នកជំនាញកម្ពុជានិងអាមេរិកកំពុងរាវរកគ្រាប់បែកគីមីទីពីរនៅស្វាយរៀង

អ្នកជំនាញកំពុងរាវរកគ្រាប់បែកគីមីនៅស្វាយរៀង (រូបភាពពី FB: HENG Ratana)

ក្រុម​ការងារ​មកពី​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ​និង​មជ្ឈមណ្ឌល​កំចាត់​មីន​ក​ម្ពុ​ជា (​CMAC​) ​រួមទាំងអ្នកជំនាញអាមេរិកផង កំពុងបន្តប្រតិបត្តិការរាវរកគ្រាប់បែកគីមីទីពីរ បន្ទាប់ពីរកឃើញគ្រាប់ទីមួយកាលពីម្សិលមិញនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ប្រាប់ VOD នៅថ្ងៃនេះថា ក្រុមការងារបានបើកតំបន់សុវត្ថិភាព ដើម្បីរកគ្រាប់ទីពីរ ដោយថាមេឃកំពុងរាំងភ្លៀង ងាយស្រួលក្នុងការរាវរក។

លោក ហេង រតនា បន្តថា ក្រុមការងារក៏បានសម្របសម្រួលឲ្យពុទ្ធបរិស័ទ្ធ​ប្រារព្ធពិធីចេញវស្សានៅពេលព្រឹកព្រលឹម និងពលរដ្ឋដែលបានជម្លៀសចេញពីទីតាំងប្រតិបត្តិការ វិលត្រឡប់មកផ្ទះសម្បែងវិញនៅម៉ោង៣រសៀល។ លោកសង្ឃឹមថានឹងបញ្ចប់ប្រតិបត្តិការនេះក្នុងរយៈពេលបីថ្ងៃទៀត។

លោក រតនា បញ្ជាក់ពីការបោសសម្អាតគ្រាប់បែកគីមីនេះថាមានបីដំណាក់កាល ទីមួយយកគ្រាប់ចេញពីទីតាំងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ទីពីរចុះវាយតម្លៃផលប៉ះពាល់ និងទីបី ការងារបន្សាបសារធាតុគីមី។

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ គ្រាប់បែកគីមីចំនួន២គ្រាប់ ​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ត្រូវបានមន្ត្រីជំនាញរបស់ CMAC រកឃើញចំនួន២ទីតាំងជិតគ្នា គឺក្នុងសាលាបឋមសិក្សាគគីរ និងវត្តគគីរ ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

មួយរយៈកាលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាញឹកញាប់ឲ្យអាមេរិក​ទទួលខុសត្រូវចំពោះសព្វាវុធដែលបន្សល់ទុកពីសម័យសង្គ្រាមទាំងនេះ។​ ស្ថានទូតអាមេរិកនៅភ្នំពេញ​​ពន្យល់​ថា អាមេរិក​បាន​ផ្តល់​ជំនួយ ​ជាង​១៦០​លាន​ដុល្លារដល់​កម្ពុជា សម្រាប់​លុបបំបាត់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ​ដែល​ទំលាក់​ដោយ​អាមេរិក​នៅ​ភាគ​ខាងកើត​ប្រទេសកម្ពុជា ហើយ​ពាក់កណ្តាល​នៃ​ជំនួយ​អាមេរិក​នេះ​សម្រាប់​ធ្វើ​ការ​ដោះមីន​សូ​វៀត ​វៀតណាម និង​ចិន នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ