សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញទៅរដ្ឋាភិបាលអាមេរិកឲ្យដាក់ទណ្ឌកម្មលើក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយគណបក្សនេះប្រឈមមុខនឹងការរំលាយ។

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ កញ្ញា ដោយរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងប្រឈមមុខនឹងការរំលាយដោយ​អំណាចតុលាការកំពូល។

ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សនេះជំរុញឲ្យមានប្រតិកម្ម និង ការអំពាវនាវឲ្យ​មានការដាក់​ទណ្ឌកម្ម​ពីសហគមអន្តរជាតិ។

ជា​ការ​ឆ្លើយ​ត​ប​ទៅ​នឹង​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង​បែប​នេះ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ដឹកនាំ​ដោយ​លោក John McCain និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិ ២​រូប​ទៀត បាន​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​ណា​មួយ​លើ​ប្រទេស​នេះ។

ប្រធានគណៈ​កម្មការទំនាកទំនងការទេស លោក Robert Phillips Corker Jr. បានយល់ស្របទៅនឹងសំណើរ​របស់ក្រុមសមាជិកព្រឹទ្ធសភាទាំងបីរូប កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ដោយជំរុញទៅក្រសួងរតនាគា និងក្រសួងការ​បរទេស​អាមេរិឲ្យពិចារណា​ដាក់ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាក្នុងបញ្ជីមួយហៅថា SDN (Specially Designated Nationals) ឬជាបញ្ជីឈ្មោះមនុស្សដែលអាមេរិកកំណត់ចូលក្នុងបញ្ជីទណ្ឌកម្ម។

អ្នកវិភាគនយោបាយលោក អ៊ូ វិរៈ បានលើកឡើងនៅលើទំព័រ Twitter របស់លោកនៅថ្ងៃនេះថា បញ្ជី SDN គឺជាបញ្ហាធំមួយ ហើយវានឹងជះឥទ្ធិពលកាន់តែធំ។

លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងត្រឡប់ទៅរកការពិចារណាវិញ ហើយបញ្ឈប់រាល់ភាពឆ្គួតលីលា»។

ទាក់ទងនឹងបញ្ហានេះអ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព និង​ជា​អ្នក​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បានលើកឡើងក្នុងបទសំភាសជាមួយវិទ្យុបារាំង​អន្តរ​ជាតិ​ថាការដាក់ទណ្ឌកម្មពីសហគមអន្តរជាតិ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់ដល់វិស័យ​កាត់​ដេរ​។

លោកបន្តថាបច្ចុប្បន្នដង្ហើមសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើការអនុគ្រោះពន្ធពីក្រៅប្រទេសជាពិសេសអាមេរិ និង អ៊ឺរ៉ុប ដូច្នេះការដាក់ទណ្ឌកម្មណាមួយលើសេដ្ឋកិច្ចកម្ពុជានោះនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៧០ម៉ឺននាក់​ដែល​ធ្វើលើវិស័យវាយនភណ្ឌកាត់ដេរ។

លោក ឈាង វណ្ណារិទ្ធិបន្តថាស្ថានការណ៍នយោបាយនឹងកាន់​តែធ្ងន់ធ្ងរ​នោះអន្តរជាតិនឹងលូកដៃចូលជាក់ស្ដែង ដែល​មិន​ត្រឹមតែ​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ​ អំណាចនីតិប្រតិបត្តិនៃប្រទេសមួយចំនួននៅសហគមអ៊ឺរ៉ុប​ក៏ប្រកាស​ជំហរដាក់ទណ្ឌកម្ម ហើយកម្ពុជានឹងជួបគ្រោះមហន្តរាយនាពេលខាងមុខ បើមិនដោះស្រាយវិបត្តិនយោបាយ​។

ស្ថានការណ៍នយោបាយកម្ពុជាត្រូវបានសហគមអន្តរជាតិចាត់ទុកថាធ្លាក់ចុះដុនដាប បន្ទាប់ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​លោក កឹម សុខាត្រូវបានចាប់ខ្លួន និង ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង​ធំ នេះពីសំណាក់​រដ្ឋាភិ​បាល។

ទាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង សុទ្ធ​តែ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស ដោយ​ចាត់​ទុក​ជា​ការ​ធ្វើ​ឲ្យ​លំហូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​រួម​តូច និង​ដើរ​ថយ​ក្រោយ​ទៅ​វិញ។

សហគមន៍​អន្តរជាតិ​ថែម​ទាំង​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​មេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​ទៀត​ផង។

ប្រទេស​ស៊ុយអែត​បាន​ព្រមាន​ថា ប្រទេស​នេះ​នឹង​ពិចារណា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា ប្រសិន​បើ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ពិត​ជា​ត្រូវ​បាន​រំលាយ​មែន​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ