ព្យុះ​ទីហ្វុង​ដំរី​សម្លាប់​មនុស្ស​យ៉ាង​តិច​២៧​នាក់​នៅ​វៀតណាម

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២៧​នាក់ ត្រូវ​បាន​សម្លាប់​នៅប្រទេស​វៀតណាម ដោយសារ​ព្យុះ​ទីហ្វុង​ដំរី ដែល​បាន​បោក​បក់​បង្ក​ជា​ព្យុះ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

​សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទីហ្វុង​ដំរី បាន​កើន​ឡើង​ដល់​ចំនួន​យ៉ាង​តិច ២៧​នាក់​នៅ​ប្រទេសវៀតណាម គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ព្យុះ​នេះ​បាន​បោក​បក់​កាត់​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។

ព្យុះ​ទីហ្វុង​ដំរី ដែល​ជា​ព្យុះ​ធំ​លំដាប់​ទី​១២ ដែល​បាន​បោកបក់​កាត់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​នេះ បាន​បក់​បោក​ដល់​ភាគ​ខាង​ត្បូង​វៀតណាម​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្នុង​ល្បឿន​ដល់​ទៅ ៩០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាជន​វៀតណាម​ជាង ៤​ម៉ឺន​គ្រួសារ ព្រម​ទាំង​ផ្ដួល​រំលំ​ដើម​ឈើ និង​បង្គោល​ភ្លើង។

ក្រៅ​ពី​អ្នក​ស្លាប់ អាជ្ញាធរ​វៀតណាម​បាន​រាយការណ៍​ថា មនុស្ស ២២​នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​ដែល​ផ្ទះ​សម្បែង​ដល់​ទៅ ២៦២​គ្រួសារ បាន​ដួល​រលំ​ទាំង​ស្រុង ហើយ​បង្ខំ​ឲ្យ​មនុស្ស​ជាង ៣​ម៉ឺន​នាក់​ភៀស​ខ្លួន​ចេញ​ពី​មុខ​ព្យុះ​នេះ។

ព្យុះ​ដំរី (ឈ្មោះ​ព្យុះកំណត់​ដោយ​ប្រទេស​កម្ពុជា) បាន​បោក​បក់​កាត់​ប្រទេស​វៀតណាម​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ការ​ចាប់​ផ្ដើម​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខេត្ត​ញ៉ាត្រាង ស្ថិត​នៅ​ប្រហែល ៥០០​គីឡូម៉ែត្រ​ពី​តំបន់​ភាគ​ខាង​ត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ