ជើង​ខ្លាំងថៃ​​ Loom Leng ប្រកាសមិនតវ៉ា​ក្រោយឲ្យ ឃីម ឌីម៉ា ឈ្នះ

ការប្រកួត​​​​​រវាង​កីឡាករកម្ពុជា ឃីម ឌីម៉ា ​និង​កីឡាករថៃ Loom Leng (សុខ ឆាយ)

ការប្រកួតមិត្តភាពអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ត្រូវគេឃើញផ្ទុះឡើងលទ្ធផលចម្រូងចម្រាស់គួរឲ្យកត់សម្គាល់ ដោយសារតែកីឡាករកម្ពុជា ឃីម ឌីម៉ា ត្រូវបានគណៈកម្មការឲ្យឈ្នះក្នុងពេលដែលភាគីថៃមិនព្រម។ យ៉ាងណាមិញ កីឡាករថៃបានអះអាងថា ខ្លួនមិនធ្វើការតវ៉ាគឺមិនមែនជាយល់ស្របនោះទេ តែដោយសារតែយល់ថានោះជាការប្រកួតមិត្តភាពប៉ុណ្ណោះ ទើបសុខចិត្តចាក់បណ្ដោយក្រោយការប្រកាសលទ្ធផល។

ប្រកួតរវាងកីឡាករកម្ពុជា ឃីម ឌីម៉ា និងកីឡាករថៃ Loom Leng បានចំណាយពេលត្រឹមតែ៣ទឹកប៉ុណ្ណោះ ក៏រកឃើញចាញ់ឈ្នះផ្លូវការ បើទោះជាលទ្ធផលដែលបានប្រកាសឡើងគឺជាលទ្ធផលចម្រូងចម្រាស់។ ជើងខ្លាំងកម្ពុជាដែលពូកែទាត់កែងនិងមានបច្ចេកទេសល្អក្នុងជំនាញកីឡាដាក់ទ្រុងផង គឺមានឱកាសត្រឹមតែជង្គង់និងទាត់តិចតួចប៉ុណ្ណោះ។ នៅក្នុងការប្រកួតដែលបានធ្វើឡើងនោះ គេឃើញកីឡាករថៃ Loom Leng មានសមត្ថភាពវាយតប់និងវាយចេញបានល្អ ដោយអាចនិយាយបានថា គេមានកម្រិតប្រកួតល្អជាង ឌីម៉ា។ ក្នុងទឹកទី៣ អ្នកទាំងពីមានការប្រតាយប្រតប់ដាក់គ្នាយ៉ាងចាស់ដៃ ដោយកែងរបស់កីឡាករកម្ពុជាមានឱកាសវ័ធចូលបានមួយស្នៀត តែបែរជាត្រូវសងវិញយ៉ាងដំណំនូវកែងពីសំណាក់គូប្រកួត។

ស្ថានភាពនាពេលនោះ គឺឡើងកំដៅដាក់គ្នាយ៉ាងខ្លាំង ទើបរុញឲ្យភាគីទាំងពីរត្រូវបង្កើនសកម្មភាពវាយប្ដូរដាក់គ្នា។ នៅក្នុងទឹកនោះ កីឡាករកម្ពុជាបានអុកមួយជង្គង់ពេញទំហឹង ត្រូវចំប្រដាប់ការពាររបស់កីឡាករថៃ ហើយបណ្ដាលឲ្យកីឡាករថៃប្រកាច់ននៀលលើរេញ។ បើទោះជាលោកអាជ្ញាកណ្ដាលនិងគ្រូបង្វឹកបានសម្រួលឲ្យសម្រាក២នាទី ក៏កីឡាករថៃ Loom Leng នៅតែពុំព្រមក្រោក និងខឹងសម្បាក្នុងពេលគណៈកម្មការមិនចាប់កំហុសកីឡាករ ឌីម៉ា។

លោក រាជ សូផែន ប្រធានគណៈកម្មការពិន័យប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានប្រកាសថា មួយជង្គង់របស់ ឃីម ឌីម៉ា គឺជាអចេតនាប៉ុណ្ណោះ អ៊ីចឹងហើយទើបគណៈកម្មការសម្រេចអោយ ឃីម ឌីម៉ា ឈ្នះ បើទោះជាវីដេអូឃ្លីបបានបង្ហាញថាមួយជង្គង់របស់ ឌីម៉ា ពិតជាត្រូវមួយទំហឹងពេញចំប្រដាប់ការពាររបស់កីឡាករថៃ។

លោកថាកីឡាករថៃ Loom Leng ជាអ្នកដកខ្លួនពីការប្រកួត និងមិនព្រមបន្តប្រកួតបន្ត ក្រោយអោយសម្រួល២នាទី ទើបលោកសម្រេចចិត្តអោយចាញ់។ លោក ថៃ អ៊ូ ជាអ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាអ្នកនាំពាក្យរបស់កីឡាករថៃបានអះអាងថា កីឡាករ ឃីម ឌីម៉ា អុកត្រូវប្រដាប់ការពារខុសពីលក្ខន្តិកៈ ហើយគណៈកម្មការមិនព្រមចាប់កំហុសតាមច្បាប់របស់សហព័ន្ធប្រដាល់ ទើបកីឡាកររបស់លោកមិនបន្តការប្រកួត។

លោកថាកីឡាករ Loom Leng គឺជាកីឡាករលំដាប់នៅក្នុងប្រទេសថៃ ហើយក៏ធ្លាប់ទទួលបានខ្សែក្រវាត់ផងដែរទើបគេមិនអាចទទួលយកបាន នៅពេលកីឡាករកម្ពុជាវាយខុសហើយគ្មានការវិន័យ។ យ៉ាងណាមិញ លោកថាកីឡាករ Loom Leng មិនធ្វើសកម្មភាពប្រតិកម្មចំពោះលទ្ធផលនោះទេ ដោយសារតែគេយល់ថានោះគ្រាន់តែជាការប្រកួតមិត្តភាព។

លោកថានៅពាក់កណ្ដាលខែធ្នូខាងមុខ កីឡាករ Loom Leng និង ឃីម ឌីម៉ា នឹងប៉ះគ្នាជាថ្មីម្ដងទៀតក្នុងជំនួបព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នៅក្នុងព្រឹត្តិការណ៍មួយរបស់សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយលោកប្រកាសថាបើមានការកាត់ក្ដីដូចអ្វីដែលបានកើតឡើងនោះ កីឡាកររបស់លោកនឹងឈប់ប្រកួតតែម្ដងសម្រាប់សង្វៀននៅកម្ពុជា។

លោកនិយាយថា៖ «វា [Loom Leng] ថាកីឡាករខ្មែរយើងវាយខុសបច្ចេកទេស ចឹងឲ្យវាចាញ់ វាអត់ទទួលយកទេ វាថាបើកុំតែការប្រកួតហ្នឹងជារបៀបមិត្តភាព វាច្បាស់ជាតវ៉ាហើយ!»។

លោក រាជ សូផែន បានអះអាងថា លោកទទួលស្គាល់ថា ឃីម ឌីម៉ា វាយខុស ប៉ុន្តែលោកថាសភាពនៃការវាយត្រូវគឺមិនដល់ថ្នាក់ឲ្យកីឡាករថៃបន្តការប្រកួតមិនបាន ក្រោយឲ្យសម្រាក២នាទីនោះទេ។ លោកថាបើលោកឲ្យកីឡាករថៃឈ្នះ គឺមិនខុសពីលើកទឹកចិត្តឲ្យកីឡាករដែលមានឱកាសស៊ីឡាក់បានលេស ឬទម្រន់នោះទេ។

លោកថាប្រដាល់ត្រូវតែចាញ់ឈ្នះអោយអ្នកទស្សនាអស់ចិត្ត គឺមិនមែនសំឡឹងរកតែឱកាសស៊ីឡាក់នោះទេ។ លោកបានហៅការមិនប្រកួតក្រោយចប់ទឹកទី៣របស់កីឡាករថៃជាការខឹងចិត្ត ក្រោយបរាជ័យស៊ីឡាក់ តែកីឡាករថៃបានហៅការកាត់ក្ដីនោះជារឿងបក្ខពួកនិងអយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ