លោក ហ៊ុន សែន ឌឺដងឲ្យលោក​ សម រស្ស៊ី ខណៈលើកលែងទោសលោក កឹម សុខា

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានផ្ញើសារនយោបាយបែបឌឺដងទៅលោក សម រង្ស៊ី  ដោយជំរុញឲ្យអ្នកសារព័ត៌មានក្នុងស្រុកជួយផ្សព្វផ្សាយឡើងវិញនូវសម្តីមេបក្សប្រឆាំង ដែលនិយាយថាមិនគាំទ្របេក្ខភាពលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈមានការលើកលែងទោសដល់លោក កឹម សុខា។

កាលពីថ្ងៃទី២ ធ្នូ សប្តាហ៍មុន លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រឲ្យលើកលែងទោសប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ចេញសញ្ញាណណាមួយឲ្យលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បានចូលមកកម្ពុជាវិញតាមរបៀបណានោះទេ។

ក្នុងពិធីសម្តោធក្រុមហ៊ុនផលិតភេសជ្ជៈមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ លោកនាយករដ្ឋន្ត្រី ហ៊ុន សែន បានថ្លែងបែបឌឺដងទៅ លោក សម រង្ស៊ី ថា៖ «បណ្តាញផ្សព្វផ្សាយគួរយកសម្តីលោក សម រង្ស៊ី ដែលវាយប្រហារលោក ដូណាល់ ត្រាំ ថាជាជនផ្តាច់ការតាមទំព័រ ឌឺខេមបូឌា ដេលី មកផ្សព្វផ្សាយឡើងវិញ»។

ក្នុងធិពីនោះដែលលោក ហ៊ុន សែន ក៏បានថ្លែងបែបលើកទឹកចិត្តដល់កម្មករផងដែរ ដោយថាការឡើងកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ នឹងមានទំនាក់ទំនងល្អជាមួយកម្ពុជា ដោយលោកមានប្រសាសន៍ថា៖ «លោក ដូណាល់ ត្រាំ ជាអ្នកសេដ្ឋកិច្ចនិងមានលុយវាល់លានដុល្លារ ជាមនុស្សឆ្លាត ដូច្នេះសូមបងប្អូនកម្មករកុំបារម្ភថា លោក ដូណាល់ ត្រាំ បិទសេដ្ឋកិច្ចដូចការលើកឡើងរបស់មនុស្សមួយចំនួន»។

កាលពីដើមឆ្នាំ២០១៤ កម្មករយ៉ាងតិច៥នាក់ ត្រូវគេបាញ់ឲ្យស្លាប់នៅនឹងកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ និងកម្មករចំនួនជាង៤០នាក់ផ្សេងទៀត បានរងរបួស និងជាង២០នាក់ត្រូវបានចាប់ខ្លួន ដោយសារពួកគេចេញតវ៉ាទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ។

ទោះជាយ៉ាងណា នៅក្នុងពិធីសម្តោធក្រុមហ៊ុននោះ លោក ហ៊ុន សែន បានធ្វើការប្រៀបធៀបការបង្ក្រាបបាតុកម្មនៅអាមេរិក ដោយលើកឡើងថា៖ «បណ្តាសង្គមស៊ីវិលនានាថា ការធ្វើបាតុកម្ម និងការបង្ក្រាបនៅសហរដ្ឋអាមេរិកគឺជារឿងត្រឹមត្រូវ។ ដូច្នេះការបង្ក្រាបបាតុកម្មកាលពីមុន ដើម្បីរក្សាសណ្តាប់ធ្នាប់នៅកម្ពុជា គឺជារឿងត្រឹមត្រូវដែរ»។

ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវគេបាញ់សម្លាប់ និងបាញ់ឲ្យរងរបួសវិញ ពួកគេតែងធ្វើពិធីរំឭកខួបនៃព្រឹក្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សានេះ និងឧទ្ធិសកុសលដល់វិញ្ញាណខន្ឌ អ្នកដែលបានស្លាប់ និងជម្រុញឲ្យរដ្ឋាភិបាល វែកមុខជនដៃដល់និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។

ទោះជាយ៉ាងណា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គេសង្គេតឃើញ លោក ហ៊ុន សែន ហាក់បង្ហាញភាពស្និទ្ធស្នាលជាមួយ លោក សម រង្ស៊ី តែបែរជាស្តីបន្ទោសលោក កឹម សុខា។ ប៉ុន្តែបច្ចុប្បន្ន លោក ហ៊ុន សែន ហាក់បង្ហាញជំហរខិតជិតលោក កឹម សុខា ជាងលោក សម រង្ស៊ី វិញ។

ករណីនេះ អ្នកវិភាគគិតថា គណបក្សសង្គ្រោះជាតិ ដែលមានអាសនៈប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនោះ កំពុងប្រឈមនឹងយុទ្ធសាស្ត្របំបែកបំបាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ