សកម្មជនដីធ្លីអំពាវនាវឲ្យព្រះមហាក្សត្រលើកលែងទោសមន្ត្រីសិទ្ធិមនុស្ស និងអ្នកតំណាង

សហគមន៍បឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដោយនិមន្តព្រះសង្ឃរាប់បាត

សកម្មជនដីធ្លីនៅសហគមន៍បឹងកក់និងបុរីកីឡាដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ អំពាវនាវឲ្យព្រះមហាក្សត្រលើកលែងទោសមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប និងអ្នកតំណាង ខណៈពួកគេអះអាងថា អ្នកដែលជាប់ឃុំទាំងនោះ កើតឡើងដោយសារតែករណីសំណុំរឿងលោក កឹម សុខា។

សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ប្រមាណ២០នាក់នៅថ្ងៃចន្ទទី៥ ខែធ្នូនេះ បានធ្វើពិធីសូត្រមន្ត រាប់បាតតាម បែបសាសនា ដោយសុំឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.ប លោក នី ចរិយា អ្នកស្រី ទេព វន្នី និងរកយុត្តិធម៌ជូនលោក កែម ឡី។ នៅក្នុងពិធីនោះដែរ សកម្មជនដីធ្លីក៏បានអំពាវនាវឲ្យព្រះមហាក្សត្រជួយអន្តរាគមន៍ ដោយលើកលែងទោសឲ្យអ្នកជាប់ឃុំ និងតំណាងពួកគេ ដោយថា អ្នកទាំងនោះមិនមានទោសកំហុសដូចតុលាការចោទប្រកាន់ឡើយ។

សកម្មជនដីធ្លីបឹងកក់ កញ្ញា សុង ស្រីលាភ បានលើកឡើងថា បើព្រះមហាក្សត្របានលើកលែងទោសលោក កឹម សុខា ក៏ត្រូវលើកលែងទោសមន្ត្រីសង្គមស៊ីវិល មន្ត្រីគ.ជ.ប និងតំណាងពួកគេដែរ ព្រោះតុលាការបានចោទប្រកាន់មន្ត្រីទាំង៥រូបនោះ ដោយសារតែសំណុំរឿងលោក កឹម សុខា។

កញ្ញាថា៖ «យើងសង្ឃឹមថា ការលើកលែងទោសរបស់លោក កឹម សុខា មានការឡាយហស្ថពីព្រះមហាក្សត្រ និងមានដល់មន្ត្រីអង្គការសង្គមស៊ីវិល រួមនឹងមន្ត្រីគ.ជ.ប រួមនឹងអ្នកស្រី ទេព វន្នី ផង ពីព្រោះពួកគាត់ជាប់ពន្ធនាគារគឺដោយសារករណី លោក កឹម សុខា។ យើងសង្ឃឹមថា ព្រោះមហាក្សត្រមិនកន្តើយ និងផ្ដល់យុត្តិធម៌ នឹងផ្ដល់សេរីភាពដល់ពួកគាត់ទាំងអស់គ្នាដូចលោក កឹម សុខា ដែរ»។

តំណាងសកម្មជនដីធ្លីមួយរូបទៀត អ្នកស្រី បូវ សោភា ហៅការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លីមិនបានចំណេញអ្វី ដល់រដ្ឋាភិបាលទេ ហើយបើមិនមានដោះលែងទេ ពួកគាត់និងធ្វើការតវ៉ាទាន់តែមានការដោះលែងអ្នកឃុំទាំងនោះ។

អ្នកស្រីថា៖« […] ខ្ញុំជឿងជាក់ថា សង្គមស៊ីវិលទាំង៥រូប គាត់ជាប់គុក ដោយសំណុំរឿង លោក ណកឹម សុខា គាត់ហ្នឹងមានសេរីភាព ដូចលោក កឹម សុខា តាមការឡាយព្រោះហស្ថរបស់ព្រះមហាក្សត្រដែរ។ ជាពិសេស គឺឲ្យមានការដោះលែង អ្នកស្រី ទេព វន្នី ព្រោះអីអ្នកស្រីទេព វន្នី ជាប់ពន្ធនាគារ វាអត់មានជាកំហុសអីសម្រាប់គាត់ឲ្យគាត់ជាប់ពន្ធនាគារ ដែលស្ត្រី តវ៉ារឿងដីធ្លីម្នាក់ទេ ចឹងវាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ ។ ព្រះមហាក្សត្រលោកតែងតែមានបន្ទួលថា ទុករបស់រាស្ត្រគឺជាឆទុលករបស់ព្រះមហាក្សត្រ ដូច្នេះពេលនេះ ពួកខ្ញុំមានទុកជាទម្ងន់ រត់រកស្ថាប័នណាដែលអាចជួបប្រជាពលរដ្ឋបានអត់មានទេ មានតែព្រះមហាក្សត្រអាចឡាយព្រះហស្ថឲ្យអ្នកស្រីទេព វន្នី ឡើងមកវិញ»។

កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៦ ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យមួយ ដោយសម្រេចលើកលែងទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ថា ការទាមទារឲ្យរបស់ពលរដ្ឋឲ្យមានការដោះលែងអ្នកជាប់ឃុំនោះជារឿងល្អ ព្រោះកន្លងមកអង្គការសង្គមស៊ីវិលក៏បានចូលរួមដែរ ប៉ុន្តែលោកស្រីថា ករណីលោក កឹម សុខា និងមន្ត្រីទាំង៥រូបនោះខុសគ្នា ដោយសារលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសរួមហើយ។

លោកស្រីថា៖ «ការទាមទារឲ្យមានការចូលរួម ពីព្រះមហាក្សត្រក្នុងការលើកលែងទោសនោះ យើងត្រូវពិនិត្យទៅតាមនីតិវិធីច្បាប់ព្រោះថា ចំពោះការលើកលែងទោសពីព្រះមហាក្សត្រនោះតម្រូវទាល់តែមានការកាត់ទោស ជាស្ថាពរណាមួយ ឬក៏ជាការកាត់ទោសពីតុលាការសិន ហើយសម្រាប់អ្នកទាំង ៥ នោះ មកដល់ពេលនេះ គាត់មិនទាន់ត្រូវបានគេកាត់ទោសទេគ្រាន់តែជាការចោទប្រកាន់ ។ យើងត្រូវពិនិត្យមើលពីនីតវិធីច្បាប់  ហើយខ្ញុំគិតថា បើសិនជាយើងមានប្រព័ន្ធយុត្តិធម៌ ដែលឯករាជ្យ ហើយដែលអាចផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ ដោយមិនប្រកាន់និនាការនយោបាយអីនោះ ខ្ញុំគិតថា ពួកគាត់ គួរតែទទួលបាននៅយុត្តិធម៌មកដល់ពេលនេះរួមហើយមិនគួរចាំត្រូវការនៅការលើកលែងទោសពីព្រះមហាក្សត្រទេ»។

នៅថ្ងៃចន្ទទី៥ខែធ្នូនេះ គឺជាសប្តាហ៍ទី៣១ ហើយដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែឧសភាកន្លងទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។ ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ