ពលរដ្ឋបីសហគមន៍បោះជំរុំទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុនចិនឈូសឆាយដីនៅខេត្ដព្រះវិហារ​​

ដោយ លោក បូ សាវី​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧​ ម៉ោង 2:44 PM | បញ្ហា​វិវាទដីធ្លី | 0 | 1242

ប្រជាសហគមន៍ចំនួន៣ បាននាំគ្នាបោះជុំរុំនៅក្បែក្រុមហ៊ុនចិនមួយ នៅស្រុកឆែប ខេត្ដព្រះវិហារ​ ​ដោយទទួចឲ្យអាជ្ញាធរទប់​ស្កាត់គ្រឿងចក្រ​​ក្រុម​ហ៊ុន ​ដែលអ្នកភូមិថាបានឈូសឆាយចូល​ដីព្រៃសហ​គមន៍ពួក​​គាត់។

ប្រជាសហគមន៍ទាំងនោះមកពីស្រុកត្បែងមានជ័យ​ ស្រុកជ័យសែន និងស្រុកឆែប ​ខេត្ដព្រះ​វិហារ។

តំណាងសហគមន៍នៅស្រុកឆែប លោក ជុំ សុភឿត ប្រាប់VODនៅថ្ងៃនេះថា ពួកគេបានរួមគ្នាបោះតង់នេះ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ​២០​១៧មក បន្ទាប់ពីគ្រឿងចក្រ​ជា​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុនចិនហេងរ៉ូយ ធ្វើការឈូសឆាយដីព្រៃសហគមន៍ ដោយមិនមានការ​ទប់​ស្កាត់ពី​អា​ជ្ញាធរ។លោកបន្ដថា ដីព្រៃ​សមូហភាពរបស់ប្រជាសហគមន៍ជាងមួយពាន់ហិកតា នៅឃុំសង្កែពីរ ត្រូវ​បាន​ក្រុម​ហ៊ុន​ចិន ​ឈូស​ឆាយរំលោភយកជាបន្ដបន្ទាប់ ដែលលោកថា ប្រឈមនិងការបាត់បង់​ ខណៈ​ដី​នោះពួក​គាត់​បានកាន់កាប់និងថែរក្សាទុកជាសម្បត្ដិរួម។លោកបន្ដថា៖ «គ្រឿងចក្រ១០គ្រឿងតែ​ខ្ញុំចាប់បាន​មួយគ្រឿងព្រោះអីគេរំលែកការដ្ឋានមួយកំណាត់ៗក្នុងមួយការដ្ឋានមានបីទៅបួនគ្រឿងខ្ញុំ​ចង់ទាមទារឲ្យបានដីសហគមន៍របស់ខ្ញុំទាំងអស់សម្រាប់ប្រើប្រាស់ទៅមុខទៀត»។

តំណាងប្រជាសហគមន៍មកពីស្រុកជ័យសែន ដែលចូលរួមបោះជុំរុំ អ្នកស្រី ហួត ម៉ាលី ឲ្យដឹងថា ដីព្រៃ​សហគមន៍ដែលពួក​គាត់ទទួលបានអនុផលព្រៃឈើជាច្រើនឆ្នាំ​មក​​ហើយ ប៉ុន្ដែក្រុមហ៊ុនចិន​ហេងរ៉ូយនោះ នៅតែលួចឈូសឆាយជាបន្ដបន្ទាប់ បើទោះបីសហគមន៍មានច្បាប់ការពារ​ពីរដ្ឋាភិបាល​ក៍ដោយ ។​អ្នកស្រីបន្ដ​ថា ក្រុមហ៊ុននោះ បានសន្យាផ្អាកឈូសឆាយ​បណ្តោះអាសន្ន ខណៈដែលប្រជា​សហ​គមន៍ ឃាត់​គ្រឿង​ចក្រ​មួយគ្រឿង កាលពីថ្ងៃទី១ខែមករា ប៉ុន្ដែគ្មាន​ប្រសិទ្ធិភាព ទើបពួក​គាត់នាំ​គ្នា​បោះ​ជំរុំការ​ពារកុំ​ឲ្យក្រុម​ហ៊ុន​ចិន​លួចឈូសឆាយបន្ដទៀត។អ្នកស្រី​ព្រមាន​ថា ពួកគេ​នឹងរួមគ្នា​បោះតង់ការពារដីពួកគេរហូត បើ​សិន​​អាជ្ញាធរមិនចាត់វិធានការឲ្យ​ក្រុមហ៊ុនចិន​នោះ បញ្ជប់ឈូសឆាយ​នោះទេ។ អ្នកស្រីបន្ដថា៖ «កាលពីថ្ងៃ​ទី៤និងទី៥ម្សិលនេះគាត់បានដើរល្បាត​មើលទៅគាត់ឃើញអាប៊ុលឈូស​ជាបន្ដបន្ទាប់ពីទៀតអត់ដូច​កិច្ចសន្យាដូចដែលគេធ្វើទេ ចឹងគាត់អត់ទុក​ចិត្ដគាត់បោះទីតាំងចាំល្បាត​មើល។ម្សិលគាត់​ដេញចេញ​ពីកន្លែង៥គ្រឿងទៀត»។

ករណីនេះ អភិបាលខេត្ដព្រះវិហារ​លោក អ៊ុន ចិន្ដា មានប្រសាសន៍ថា ​​លោកមិនទាន់ទទួល​ព័ត៌មាន​នេះទេ។លោកបន្ដថា៖ «គាត់ដាក់ពាក្យមកខ្ញុំមកខ្ញុំមិនទាន់ទទួលព័ត៌មានហ្នឹងទេ»។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា​ ជម្លោះដីធ្លីនៅតំបន់នោះ បានអូសបន្លាយជាច្រើនឆ្នាំមកហើយ ប៉ុន្ដែអាជ្ញា​ធរ​គ្មាន​​​ចំណាត់ការណាមួយនោះទេ ដោយលោកថា ដោយសារមន្ដ្រីមួយចំនួនបានទទួលចំណែកដីព្រៃខ្លះពី​ក្រុម​ហ៊ុន​នោះ។លោកស្នើឲ្យអាជ្ញាធរសម្របសម្រួលបោះបង្គោលកមណត់ព្រំប្រទល់​ដី​ជម្លោះ​​នោះ​ឲ្យបាន​ឆាប់ ​ដើម្បីឲ្យសហគមន៍ពួកគាត់បានកាន់និងថែរក្សាទុកជាសម្បត្ដិសមូហភាព។

បើតាមលោក ឡោ ចាន់ ឲ្យដឹងថា ពលរដ្ឋដែលបោះជំរុំទប់ស្ដាត់ការឈូសឆាយដីសហគមន៍ បាន​កើតឡើងជាច្រើនលើកមកហើយ ប៉ុន្ដែស្ថាប័នពាក់ព័ន្ធមិនយកចិត្ដទុកដាក់ដោះស្រាយជូនពួកគាត់៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required