បក្សប្រឆាំង​ថាការជាប់គាំងដំណើរការ​ទូរទស្សន៍​ដោយសារ​អាជ្ញាធរមូលដ្ឋាន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:57 PM | នយោបាយ | 0 | 6840

គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើងថា​ឧបសគ្គ​ដែល​បណ្តាល​ឲ្យទូរទស្សន៍​ព្រះ​អាទិត្យ​របស់​ខ្លួន​មិន​អាច​ដំណើការ​បាន​នោះ ​គឺ​មក​ពី​អាជ្ញាធរ​មិន​អនុញ្ញាត្តឲ្យសង់អង់តែន។

គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរការ​តាំងពីក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ក្រោយមក គណបក្សប្រឆាំងអះអាងទៀតថា ទូរទស្សន៍នេះនឹង​ចាប់​ផ្ដើម​​ដំណើរ​ការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ តែ​រហូត​មក​ដល់​នឹងពេល​នេះ​​ ដំណើរការនៃការ​ស្នើសុំលើកអង់តែនទូរទស្សន៍កំពុងជាប់គាំងនៅឡើយ។

ក្នុង​វេទិកា​របស់គណបក្សសង្គ្រោះ​ជាតិ​ធ្វើ​ឡើង​នៅ​ក្នុងខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃទី​៥ មករា ​​ម្សិល​មិញ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បាន​លើក​ឡើង​ថា​ ដំណើរ​ការ​នៃ​ការ​សាង​សង់​អង់តែនទូរទស្សន៍នៅ​ក្រុង​តាខ្មៅ​ អាជ្ញាធរមិនអនុញ្ញាតដោយ​លើកហេតុផលថា​ខ្លាចភាយជាតិ​វិទ្យុសកម្ម​ ដែលលោកថាជាហេតុ​ផល​​មិន​សម​រម្យ​។

លោក​ថា៖ «យើង​ទិញ​ដី​បាន​ហើយ​នៅ​តាខ្មៅ​ជាង​១០​ម៉ឺន​ដុល្លារ កាត់​ឈ្មោះ​បាន​ហើយ​ រៀប​ចំដើម្បី​បំពេញ​​បែប​បទដើម្បី​សុំ​តម្លើង​អង់តែន ស្រាប់​តែ​គេ​ថា​មាន​ប្រជាពល​រដ្ឋ​ដែល​នៅ​ជា​ប់​ដី​ហ្នឹង​ប្តឹង​អត់​ឲ្យ​តម្លើង​ទេ​ព្រោះ​មាន​វិទ្យុសកម្ម ប៉ះពាល់​ដល់​សុខភាព។ បាន​យើង​ថា​ចុះ​អាទូរទស្សន៍​នៅ​ទួល​គោក​ហ្នុងវា​អត់​ប៉ះ​ទេ​អី! ចំកណ្តាលភ្នំពេញហើយ​ដល់​យើង​ដាក់ពាក្យ​ទៅ គេ​ថា​អត់​ទេ​​គេ​ស៊ើប​អង្កេតសិន។ មិន​មែន​យើង​​ជា​អ្នកសម្រេច​ចិត្តគេជា​អ្នក​សម្រេច! ដល់ពេល​អញ្ចឹង​ស៊ើប​គេ​ចេះ​តែ​ស៊ើប​ទៅ ឲ្យ​ក៏ដូច​ជា​មិន​ឲ្យ!»។

បើ​តាម​លោក​ យ៉ែម​ បុញ្ញឬទ្ធិ បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ ​រក​បាន​ទី​តាំង​ថ្មីមួយ​កន្លែង​ ហើយ​បាន​ដាក់​ពាក្យ​​ស្នើ​សុំតម្លើង​អង់​តែ​ន​រួច​រាល់​ហើយ ​​តែអាជ្ញាធរមិនទាន់សម្រេច។

អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍសង្គមនិង​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា​ទូរ​ទស្សន៍​បក្ស​សង្គ្រោះ​ជាតិនេះ​គឺ​ពិ​បាក​ចេញ​ជា​រូប​រាង​ណាស់ ដោយ​លោក​ថា​សេ​រីភាព​នៃ​ការ​បញ្ចេញ​មតិត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុងដែ​ន​នៃ​ការ​ឃ្លាំ​មើល​របស់​បក្ស​កាន់​អំណាច ហើយ​ការ​បង្កើត​ទូរទស្សន៍​របស់​បក្ស​ប្រឆាំង​នេះអាច​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាចធ្លាក់​ចុះ​ប្រជា​ប្រិយ​​ភាព​ទៀតផង​ ។

លោក​ថា៖ «គ្រាន់​តែ​ហ្វេស​ប៊ុក​មួយ​ដែល​អាច​ឃើញ​រូប យើង​អាច​មើល​ឃ្លីប​ខ្លីៗ​ឃើញ​រូប ហើយ​ប្រព័ន្ធ​អ៊ិន​ធើណែត​នៅ​ដាច់​ៗ​អី​អញ្ចឹង​ផង​នៅ​តែមាន​ប៉ះពាល់​ទៅ​ដល់​ប្រជាប្រិយភាព​និង​ដែន​អំណាច​របស់គេ​ជា​ខ្លាំង ចុះ​ទម្រាំទូរទស្សន៍។ ទូរទស្សន៍​ផ្សាយ​ទៅ​ភ្លាម​អត់​មាន​រអាក់​រអួល​ទេ​ ផ្សាយ​ទៅ​ភ្លាម ឮសម្លេងឃើញ​រូប​ឃើញ​សកម្មភាព ដូច្នេះសម្មាន​ចិត្ត​របស់​ពល​រដ្ឋ​ហ្នឹង​គឺ​ដក់​ជាប់​ឃើញ​ហ្មង​! មិន​អាច​គណបក្ស​កាន់​អំណាច​ហ្នឹង​ចេះ​តែ​វាយ​លុក​បង្កើត​កល​នយោបាយ ឬ​យុត្តិ​សាស្ត្រ​កល​នយោបាយតាម​ចិត្ត​ងាយៗ​ទេ អា​កន្លែង​ហ្នឹង​ដែល​គេ​មិន​ងាយ​ឲ្យ​ទូ​រទស្សន៍​ទេ»។

បើ​តាម​លោក ​គឹម សុខ បក្ស​ប្រឆាំង​មាន​មធ្យោបាយ​មួយ​ប៉ុណ្ណោះ​ដែល​អាចឲ្យ​បក្ស​ខ្លួន​អាច​បង្កើត​ទូរ​ទ​ស្សន៍​បាន​នោះ ​គឺ​ការ​ចរចាររវាង​បក្ស​ទាំង​ពីរ តែ​លោក​ថា​លក្ខខណ្ឌ​នៃ​ការ​ចរចារ​នោះ​អាច​ជា​គ្រោះ​ថា្នក់​ដល់​បក្ស​ប្រឆាំង។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះ​ជាតិ​​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាល​បានយល់​ព្រមផ្ដល់​អាជ្ញាប័ណ្ណ​ស្ថានីយ​ទូរទស្សន៍​មួយ​ដល់គណបក្សប្រឆាំង។

ស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិដែល​គ្រោង​លើក​អង់តែនកាលពី​ឆ្នាំ​២០១៦​​នោះ មានទីតាំងនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល តែ​ត្រូវ​អាជ្ញាធរ​បដិសេធ​មិន​ឲ្យ​បង្កើត​ដោយ​លើ​ក​ហេតុផល​ថា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ទី​តាំងនោះតវ៉ា​ខ្លាច​មានជាតិ​វិទ្យុ​សកម្មពី​អង់តែន​ តែ​សម្រាប់​អ្នក​វិភាគ​យល់​ថា​នេះ​ជា​ចេតនា​នយោបាយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required