សេចក្តី​ព្រាង​បទ​បញ្ជាសម្រាប់ការ​បោះ​ឆ្នោតឃុំ​-សង្កាត់ រងការរិះគន់

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:17 AM | បោះឆ្នោត | 0 | 1086

សេច​ក្តីព្រាង​បទ​បញ្ជានិង​នីតិវិធីសម្រាប់​ការ​បោះ​ឆ្នោតឃុំ​-សង្កាត់ឆ្នាំ​២០១៧ ដែល​​​តាក់តែងឡើងដោយ គ.ជ.ប នោះ ត្រូវរងការតវ៉ាពីសំណាក់គណបក្សនយោបាយធំៗនិងអង្គការឃ្លាំ​មើលការ​​បោះ​ឆ្នោត។

ការតវ៉ារបស់តំណាងគណបក្សនយោបាយធំៗនិង​អង្គការឃ្លាំមើលការបោះឆ្នោតនៅពេលនេះ ខណៈដែល គ.ជ.ប បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេច​ក្តីព្រាងបទ​បញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះ​​​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧ ដើម្បី​ទទួល​យោបល់​និង​ការ​ស្នើ​នានា​របស់​ភាគីពាក់​ព័ន្ធ​នៅ​ថ្ងៃ​ទី៥ដល់​ថ្ងៃ​ទី​៦ មករានេះមុន​នឹង​​អនុម័ត​ជាផ្លូវ​ការ​។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានក្នុង​ពិធីនោះ​ថា​ គណបក្សនេះ​ចង់​ឲ្យ ​គ.ជ.ប បកស្រាយ​ឲ្យ​បាន​ច្បាស់ពីតួនាទីមេភូមិនិង​ការ​ចេញ​មកធ្វើ​សកម្ម​ភាព​​នយោបាយរបស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលរួម​ទាំង​​ការអនុវត្តច្បាប់ទៅ​លើ​អ្នក​ល្មើស​ច្បាប់​បោះ​ឆ្នោត​។

លោក​ថា៖ «វា​មា​ន​ម៉ោង​ក្នុង​ម៉ោង​ក្រៅ មន្ត្រី​មុខងារ​សាធារណៈរបស់​រដ្ឋ​ តែ​ NGOs តើ​យើង​កំណត់​ឯណា? ព្រោះ​គាត់​ជា​សមាគម បើ​ជា​សមាគម​ តើ​មាន​ម៉ោង​ស្នូល​ម៉ោង​រដ្ឋ​ឯណាក្រៅ​ក្រប​ខ័ណ្ឌ​នៃ​មន្ត្រី​មុខងារសាធារណៈ។ ចឹង​យើង​មិន​អាច​ឲ្យ​និយម​ន័យ​ច្បាស់​លាស់​បាន​ទេ ចឹង​ថា​បើ​ឲ្យ​មន្ត្រីរបស់​អង្គការអាច​ធ្វើ​សកម្មភាព​(នយោបាយ)បាន​ អាហ្នឹងមិន​អាច​បញ្ជាក់​បាន​ទេ ព្រោះ​គាត់​អត់​មាន​ក្រប​ខណ្ឌ​ជា​មន្ត្រីសាធារណៈទេ! … ច្បាប់​បោះ​ឆ្នោត​បាន​ចែង​ច្បាស់​ហើយ​ អត់​មា​ន​សកម្មភាព​ក្រៅ​ម៉ោង​ក្នុង​ម៉ោង​អី​ទេ»។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី បាន​ឲ្យ​ដឹង​ថាគណបក្ស​ខ្លួន​បាន​ដា​ក់​សំណើ​​ដើម្បី​សុំ​ឲ្យ​កែ​ប្រែ​ជិត​៤០ចំណុច​​​ ​តែលោក​ស្រី​ថា​​ជាង​ពាក់​កណ្តាល​នៃ​ចំណុច​នោះ​ត្រូវ​បាន ​គ.ជ.ប ច្រាន​ចោល។ លោក​ស្រីថា៖ «ចំណុច​ដែល​សំខាន់​ៗ​នោះ ​គឺ​ការ​កំណត់​ទី​សាធារណៈឲ្យ​បាន​ច្បាស់​លាស់ ការ​ចែក​កំណត់​​ហេតុ​ទម្រង់​១១០២ ចង់​ឲ្យ​មាន​ការ​ចែក​កំណត់​ហេតុ​នោះ​ជា​ច្បាប់​ដើម ទាក់​ទង​នឹង​នីតិវិធី​នៃ​ការ​ដោះ​ស្រាយ​បណ្តឹង​សុំ​ឲ្យ​ គ.ជ.ប បញ្ជាក់​ឲ្យ​បាន​លំអិត​នឹង​ច្បាស់​លាស់ ទាក់​ទង​នឹង​នីតិវិធី​នៃការ​បោះ​ឆ្នោតឡើង​វិញ​ក៏​ចង់​ឲ្យ ​គ.ជ.ប បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ដែរ»។

មន្ត្រី​ផ្នែក​ច្បាប់​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែលលោក សួន យុធ្យា យល់ថា​សេច​ក្តីព្រាង​នេះ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើ​នក្នុង​នោះ​រួម​មានការរាប់​សន្លឹកឆ្នោត ហិរញ្ញវត្ថុនយោបាយនៃ​ការ​ឃោស​នា​ និង​ការ​ដោះ​ស្រាយ​បណ្តឹង។ លោក​បញ្ជាក់​ថា​ចំណុច​មួយ​ចំនួន​ខាង​លើ​នេះ​បាន​ចែង​ធ្វើ​ឲ្យមិន​ច្បាស់លាស់ ។

លោក​ថា៖ «គ.ជ.ប ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​ប្រកប​ដោយ​សេរី​ហ្នឹង​យុត្តិ​ធម៌ ចឹង​ហិរញ្ញវត្ថុ​របស់​គណ​បក្ស​នយោបាយហ្នឹង​ ទាក់​ទង​នឹង​ចំណូល​ចំណាយ​របស់​គណបក្ស​នីមួយៗ​ហ្នឹង​ធ្វើ​យ៉ាង​មិច ឲ្យ​បក្ស​ទាំង​ហ្នឹង​ចំណាយ​ឲ្យ​បាន​ស្នើ​គ្នា​ដែរ ព្រោះ​បើគណបក្ស​មួយ​មាន​លុយច្រើន បាន​ន័យ​ថា​មិច​ បាន​ន័យ​​ថា​គណបក្ស​មួយ​ធ្វើ​ការ​មាន​លុយ​ច្រើន មាន​លទ្ធភាព​ឃោសនា​មាន​លទ្ធភាព​ជួល​ទិញ ប្រព័ន្ធ​ឃោ​សនា​របស់​រដ្ឋ​ របស់​ឯក​ជន​បាន​ច្រើន ធ្វើ​ឲ្យបក្ស​ដែល​អត់​សូវ​មាន​លុយ​ហ្នឹង​គាត់​អត់​មា​លទ្ធ​ភាព​ទេ គាត់​ឃោសនា​បាន​កន្លែង​តិច​តួច​បំផុត​អត់​បាន​កន្លែង​ទូទាំង​ប្រទេស ដល់​ចឹង​ធ្វើ​ឲ្យ​គណបក្ស​ដែល​ឈរ​​ឈ្នោះ​ប្រកួត​ប្រជែង​ហ្នឹង​គឺ​មិន​ស្នើ​ភាព​គ្នា»។

អ្នក​​នាំពាក្យ​គណកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ថា រាល់​បញ្ហា​ និង​កង្វល់​​របស់​អ្នក​នយោបាយ និង​សង្គម​ស៊ី​វិល​ ទៅ​លើ​សេចក្តីព្រាង​នេះ គឺ ​គ.ជ.ប នឹងពិចារណា ​ដាក់​បញ្ជូល​ទៅ​ក្នុងសេចក្តីព្រាងនីតិវិធីនេះ​។

លោក​ថា៖ «ពី​មួយ​ជំពូ​ក​ទៅ​មួយ​ជំពូកគឺ​យើង​នឹង​ពិភាក្សា​គ្នា​លំ​អិត ហើយ​ការពិភាក្សា​នេះ​ទៀត​ក៏ គ.ជ.ប នឹង​ទទូល​យក​ដើម្បីពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់ និងពិនិត្យ​ទៅ​លើ​ថ្ងៃ​បោះ​ឆ្នោត​ផង អ្វី​ដែល​ទទួល​យក​បាន​គឺ​គ.ជ.ប នឹង​ទទួល​យកទៅ​ក្នុង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោតនេះ ហើយ​យើង​កំពុង​តែ​ធ្វើ​ដំណើ​រ​ឆ្ពោះ​ទៅ​រក​ការ​រៀប​ចំកា​រ​បោះ​ឆ្នោត​មួយ​ដែល​ចូល​រួម​នឹង​សុខ​ចិត្ត​សុខកាយ​ទាំង​អស់គ្នា»។

ទោះ​ជាយ៉ាង​ណា​ទាំង​គណបក្ស​ប្រជាជន បក្ស​សង្គ្រោះ​ជាតិ និង​សង្គមស៊ីវិល​ ថា​ប្រសិន​បើ​សំណើ​របស់​​ខ្លួន​មិន​ត្រូវ​បាន ​គ.ជ​.ប ឆ្លើយ​តប​នោះ​ខ្លួន​នៅ​តែ​បន្ត​តស៊ូ​មតិបន្ថែម​ទៀត។

​សេច​ក្តីព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​​ទី​៤​ ឆ្នាំ​២០១៧ មាន​១៥ជំពូក​ ត្រូវ​បាន​តាក់តែងដោយ គ.ជ.ប ​​កាលពី​ឆ្នាំ​២០១៦ ស្របពេលការ​បោះ​ឆ្នោត​ ​ឃុំ​សង្កាត់នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៤ មិថុនា​ ខាងមុខនេះ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required