ជនជាតិដើមភាគតិចថា មានការកាប់ទន្ទ្រានយកដីព្រៃយ៉ាងអនាធិបតេយ្យនៅមណ្ឌលគិរី

ជនជាតិដើមភាគតិចជាច្រើនគ្រួសារ​អះអាងថា មានតំណាងទទួលដីសម្បទានសង្គមកិច្ចមួយបានកាប់ទន្រ្ទាញយកដីព្រៃយ៉ាងអនាធិបតេយ្យនៅខេត្តមណ្ឌលគិរី និងបង្កផលប៉ះពាល់ដល់ពួកគេ ខណៈអាជ្ញាធរក៏ទទួលករណីនេះដែរ។

នៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅក្រសួងបរិស្ថាននៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈនេះ តំណាងបណ្ដាញសហគមន៍ជនជាតិដើមភាគតិច លោក ក្រើង តុលា បានឲ្យ​​ VOD ដឹងក្រោយកិច្ចប្រជុំថា មានអ្នកតំណាងទទួលដីសម្បទានសង្គមកិច្ច២នាក់ បានទន្ទ្រានយកដីរបស់ពលរដ្ឋជនជាតិដើមភាគតិចជាយូរមកហើយ ដោយលោកថា បានរំលោភយកដីព្រៃលើសពីការអនុញ្ញាតរបស់រដ្ឋាភិបាល។ លោកថា ជនជាតិខ្មែរអ៊ិស្លាម ឈ្មោះ ស្រុះ ម៉ាឡៃ និងស្រុះ ម៉ាឡែន ដែលទទួលបានដីសម្បទានសង្គមកិច្ចទំហំតែ ២ ៤០០ហិកតា បានបំពានលើសការកំណត់ ដោយបានកាប់បំផ្លាញរាលដាលព្រៃឈើនៅក្បែរតំបន់នោះអស់ជាច្រើនហិកតា។

លោកបន្ដថា ពលរដ្ឋជាជនជាតិដើមភាគតិចរងគ្រោះមានជិត១ពាន់គ្រួសារ និងបានទទួលរងផលប៉ះពាល់ជាច្រើន ដូចជា បាត់បង់ដីធ្វើកសិកម្ម ខូចខាតដំណាំដាំដុះ និងបះពាល់ដល់សុខភាព ជាដើម។

លោកថា៖ «បច្ចុប្បន្ននេះ គឺការកាប់ទន្រ្ទានរបស់គាត់ គឺលើសចំនួនដែលគាត់ស្នើសុំ និយាយចំលើស១ទ្វេជា៣។ ពេលយើងទប់ស្កាត់ទៅ ពេលយើងទៅថ្ងៃ គេចូល (កាប់) យប់ អ៊ីចឹងណាស់ គេកាប់ទន្រ្ទាននៅពេលយប់ គេកាប់ទន្រ្ទាននៅតំបន់ហ្នឹង […] ផលលំបាក គឺទី១-ឧទាហរណ៍ ចម្ការប្រជាពលរដ្ឋនៅខាងក្រោយ ក្រោយដីសង្គមកិច្ចហ្នឹង គឺគាត់បិទផ្លូវរបស់គាត់ហ្នឹងតែម្ដង។ ទី-២ ចម្ការដែលជាប់ដីសង្គមកិច្ចហ្នឹង​គឺ ដំណាំគឺអត់សល់ គឺគាត់ចូលកាត់ឈើយកទៅលក់ឲ្យវៀតណាម ទី៣ គឺគាត់ជួលដីឲ្យវៀតណាម ដាំក្រូច វល្លិ៍»។

VOD មិនអាចទាក់ទងឈ្មោះ ស្រុះ ម៉ាឡៃ និងស្រុះ ម៉ាឡែន ដែលពលរដ្ឋចោទប្រកាន់នោះបានឡើយ។

លោក ក្រើង តុលា បន្ថែមថា បច្ចុប្បន្ន ពលរដ្ឋជនជាតិដើមភាគតិចបានប្ដឹងទៅស្ថាប័នចំនួន៣ហើយ ដើម្បីសុំឲ្យជួយអន្ដរាគមន៍ ដូចជា ក្រសួងរៀបចំដែនដី  រដ្ឋសភាជាតិ និងក្រសួងបរិស្ថាន។

បន្ទាប់ពីត្រូវបានចោទសួរពីរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ អភិបាលរងខេត្តមណ្ឌលគីរីលោក ស្វាយ សំអ៊ាង បានឆ្លើយថា ពិតជាមានករណីទន្ទ្រានយកដីរបស់ពលរដ្ឋជាជនជាតិដើមភាគតិច មែន ដោយលោកថា អាជ្ញាធរបានចុះទៅអង្កេតជាក់ស្ដែង ប៉ុន្ដែមិនអាចចាប់ជនខិលខូចទាំងនោះមកផ្ដន្ទាទោសបានទេ ដោយសារពួកគេដឹងមុន ហើយគេចខ្លួនបាត់។ អភិបាលខេត្តរងរូបនេះលើកឡើងថា លោកបានបង្កើតគណៈកម្មាការមួយដើម្បីសិក្សា និងដោះស្រាយចំពោះបញ្ហានេះហើយ។

លោកមានប្រសាសន៍ថា៖ «ដីនៅម្ដុំហ្នឹង ដែលយើងហៅថា ទួលស្វាយ ដែលលោក តុលា បានលើកឡើងនេះ គឺថាពិត យើងបានទទួលពត៌មានថា មានការកាប់បំផ្លាញព្រៃនៅតំបន់នោះមែន ហើយក្នុងនាមរដ្ឋបាលខេត្តក៏បានចាត់ឲ្យក្រុមការងាររបស់ខេត្តចុះទៅធ្វើការត្រួតពិនិត្យដើម្បីសិក្សា ក៏ប៉ុន្ដែពេលក្រុមការងារចុះទៅដល់ គឺថា យើងអត់បានជួបនឹងជនល្មើសទេ បាទ គឺថាជនល្មើសរត់បាត់»។

ក្រោយពីបានស្ដាប់ការបកស្រាយដូច្នេះ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានរិះគន់ថា ការកាប់ព្រៃឈើបណ្ដាលមកពីអាជ្ញាធរនៅខេត្តនេះមានការធ្វេសប្រហែសដោយមិនក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងចាត់វិធានការទាន់ពេល ធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចបន្ដទទួលរងផលបះពាល់៖ «ការលើកឡើងនេះ មិនខុសអីថា មកពីការគ្រប់គ្រងរបស់យើង មិនបានគ្រប់ជ្រុងជ្រោយ»។

ក្រុមជនជាតិដើមភាគតិចក៏បានអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលចំពោះមន្ត្រីអាជ្ញាធរថ្នាក់ក្រោម និងធ្វើការសិក្សាឲ្យច្បាស់ មុនផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនធ្វើការវិនិយោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ