ក្រសួងធនធានទឹកបានជូនដំណឹងបន្ថែមទៅវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ដោយថា អាកាសធាតុ នឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។
ក្នុងជូនដំណឹងបន្ថែមរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លំាង ចុះនៅថ្ងៃនេះ បានឲ្យដឹងថា អាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។ ករណីនេះ ក្រសួងអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព។
ក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះកាលពីថ្ងៃទី២ ខែកុម្ភៈនេះ បានប្រាប់ប្រជាពលរដ្ឋនៅតាមតំបន់សមុទ្រ និងព្រៃភ្នំ ត្រូវប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឲ្យបានល្អ ដោយថាកម្ពុជានឹងរងចំហាយត្រជាក់ខ្លាំងធ្លាក់មក ធ្វើឲ្យអាកាសធាតុមានការប្រែប្រួលខុសពីធម្មតា នៅដើមខែកុម្ភៈនេះ។
ចំណែក ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ កាលពីថ្ងៃ១ ខែកុម្ភៈនេះ បានឲ្យដឹងដែរថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន។ ករណីនេះក្រសួងថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈនេះ។
ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅតំបន់ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សា និងនៅឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សា ខណៈនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះកុង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សា។
ចំណែកនៅភ្នំពេញ កំពុងឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៩ ទៅ ២០ និងខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សា៕