លោក សម រង្ស៊ី បន្តចោទលោក ហ៊ុន​ សែន ថាកាត់កោះត្រល់ឲ្យវៀតណាម

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អតីមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បន្តរំឭកពីការបាត់បង់ទឹកដី​ទៅប្រទេសវៀតណាម ដោយ​ចោ​ទ​ចំៗថា មេដឹក​នាំ​​​បក្ស​កាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់កោះត្រល់របស់ខ្មែរ ឲ្យទៅ​​វៀ​​ត​​​ណា​ម តាមរយៈ​សន្ធិស​ញ្ញាព្រំ​ដែន​ឆ្នាំ​១៩៨២។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសនោះ បានបង្ហោះវីដេអូឃ្លីប​លើគេហទំព័រហ្វេសប៊ុក រប​ស់​លោ​ក ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ តាមគណៈកម្មាការព្រំដែនខ្មែរ ​របស់លោក ស៊ាន ប៉េងសែ មានទីតាំង​នៅប្រទេស​បារាំង បានបញ្ជាក់ថា សន្ធិ​សញ្ញា​​ព្រំដែននៅ​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៥ ជា​ស​ន្ធិសញ្ញា​កាត់ដីឲ្យ​ទៅវៀ​តណា​​ម  ។ លោកថា ពិសេសកោះត្រល់។

លោកថា៖ «នរណាធ្វើឲ្យបាត់កោះត្រល់គឺ ហ៊ុន សែន។ លោក ឌី ការ៉េត ដែលធ្វើការជាមួយលោក ស៊ាន ប៉េងសែ បា​នបញ្ជាក់​ថា ស​ន្ធិ​សញ្ញាព្រំដែនឆ្នាំ១៩៨២ ដែល ហ៊ុន​ សែន ប្រគល់កោះត្រល់ឲ្យទៅយួន គ្រប់គ្រង ហើយយើ​ងបា​​ត់​បង់​កោះត្រល់ គឺដោ​​យ​​​​សារ ហ៊ុន សែន។ ហ៊ុន សែន គឺជាជនក្បត់ជាតិ បងប្អូន!»។

ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន និងជាប្រធានរាជ្យបណ្ឌិត្យសភា ​របស់រដ្ឋាភិបាល លោក​បណ្ឌិត សុខ ទូច មិន​យល់​ស្រ​​ប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​បែប​នេះ​របស់​លោក សម រង្ស៊ី នេះ​ឡើយ ដោយលោកចាត់ទុកថា ការនិយាយនេះ ខុស​ពីកា​រពិ​ត ហើយ​ថា លោក សម រង្ស៊ី កំពុង​យក​បញ្ហា​ព្រំដែន​សម្រាប់​កេង​ចំណេញ​​នយោបាយ​ ។

លោកថា៖ «គាត់យករឿងព្រំដែនធ្វើជាលេសនយោបាយ ហើយនៅពេលដែលគាត់មិនច្បាស់ផង ខ្លួនឯងនិយា​យអញ្ចឹ​ង។ ​រឿ​ងកោះ​ត្រ​​ល់មិនមែ​នជារឿងយើងទេ។ សួ​រ​​គា​ត់​ អាប្រេវីយ៉េហ្នឹង វាកើតសម័​យណា? តើ​អាប្រេវីយ៉េដែ​លវា​ស់ឲ្យកូសាំ​ងស៊ីនហ្នឹ​ង​​ចា​ប់​​​​ពីពេ​លណាទៅ​? ហើ​យ​ហេ​​​តុ​​អី​ក៏​យើ​ងនិយាយអាប្រេវីយ៉េ ថាខ្មែរបច្ចុប្បន្ន ទៅកាត់ដីឲ្យ​នោះ វាអត់ត្រូវរឿងសោះ។ អញ្ចឹ​ង​យើងមិ​ន​បាច់​ប្រ​​តិ​កម្ម​ជាមួយ​ម​នុស្ស​អ​ញ្ចឹ​​​​ង​នាំតែបានចិត្តទេ។ គ្រាន់តែពន្យល់ថា ផែនទីដែលគាត់ថា យក​ពីបារាំ​ងអស្ចា​រ្យ​ ល្អ​​ហ្នឹ​ង ម​កដល់ថ្ងៃហ្នឹង នៅ​ជាប់ [ជំពាក់]ខ្ញុំ២ផ្ទាំងទៀត។ អញ្ជឹ​ង បា​នន័​យ​​ថា គ្រាន់តែផែនទីគាត់​អត់ច្បាស់ផង។ បើអ​ត់ច្បាស់​បែប​ហ្នឹង បើគា​ត់​ធ្វើព្រំដែន វាត្រូ​វកាត់ដីនៅម្តុំខេត្តរ​តន​គិរីហ្នឹ​ងឲ្យ​ទៅ​​គេអ​ស់​​​​បា​ត់ទៅហើយ»។

លោក សម រង្ស៊ី បាន​រំឭកពីការបាត់បង់ទឹកដីនេះ​ បន្ទាប់​​ពីតុលា​ការកំពូ​ល​​សម្រេច​​រំលាយគណបក្សសង្គ្រោះជាតិ​ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​នេះ។

លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន បែប​នេះ បន្ទាប់​ពី​លោក​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អះ​អាង ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ដើម្បី​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ សម្រាប់​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ប៉ុន្តែ លោក ហ៊ុន សែន បាន​ព្រមាន​កាល​ពី​សប្ដាហ៍មុន​ថា នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រសិន​បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ហ៊ាន​ចូល​មក​កាន់​តំបន់​អាស៊ី ដោយចោទថា លោក សម រង្ស៊ី កំពុ​ងតាំ​​​ងខ្លួ​នជាមេ​ភេ​​រវ​ករ​។

លោកថ្លែង​ថា៖ «ខ្ញុំសូម​ផ្តាំ កុំមកក្បែអាស៊ីឲ្យសោះ! បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯ​ងឲ្យទាល់​តែបាន​​។ ឥ​ឡូ​វនេះ គេកំពុងតែប្រកាសខ្លួនជាភេរវករ ហើយមិនមែនគ្រាន់តែអង្គការ​ក្រៅច្បាប់ទេ ជាភេរវករតែម្តង​ ជាអង្គកា​​រភេរវកម្ម សុំ​អ​ញ្ជើ​ញធ្វើចុះ។ ខ្ញុំថា មិនចង់ផ្ញើសារនឹងចេញទៅទេ ព្រោះខ្ញុំចង់ឲ្យវាស្ងប់ ឲ្យវាមក ប៉ិនថា ជ្រុ​ល​មាត់​​ហើយ ថា​ទៅ កុំឲ្យវាមក»។

សាស្រ្តាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ប្រាប់VODនៅសប្តាហ៍មុនថា បើមេដឹកនាំខ្មែរនៅបន្តឈ្លោះគ្នា លោ​ក​​ថា​​ ប្រ​ទេស​ជិ​ត​​​​ខាងជាអ្នកកេងចំណេញ​ទាំងផ្នែកសេដ្ឋកិច្ច និងរំកិលព្រំដែន។

រាល់​សន្ធិ​សញ្ញា ឬ​កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​រវាង​ប្រទេស​វៀតណាម និង​អតីត​របប​សាធារណរដ្ឋ​ប្រជាមានិតុ​កម្ពុជា​ ត្រូវបាន​សម្រេច​រំលាយ​ចោល បន្ទាប់​ពី​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​សម្រេច​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩១។

ទោះយ៉ាងណា អតីត​បក្ស​ប្រឆាំង​ បាន​ចោទ​លោក ហ៊ុន សែន ថា បាន​ធ្វើ​ឲ្យ​សន្ធិ​សញ្ញា​ចាស់ៗ​រស់​ឡើង​វិញ បន្ទាប់​ពី​កម្ពុជា​បាន​ចុះ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ​នៅ​ឆ្នាំ​២០០៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ