រដ្ឋ​មន្ត្រី​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាឲ្យ​បង្ក្រាបឲ្យចំមេខ្លោងគ្រឿង​​ញៀន​ឆ្លង​ដែន

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:57 AM | អភិបាលកិច្ចល្អ | 0 | 1796 លោកឧបនាយករដ្ឋមន្រ្តី ស ខេង

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​បង្ក្រាបមេខ្លោងគ្រឿងញៀន ដោយថា ដើម្បី​ទប់​ស្កាត់​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​បទ​ល្មើស​គ្រឿង​ញៀន​បាន​កើន​ឡើង​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ​មុន។

លោក ស ខេង បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​បែប​នេះ អំឡុង​ពេល​លោក​ថ្លែង​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ការងារ​គ្រឿង​ញៀន​ឆ្នាំ​​២០១៧ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោកថ្លែងថា៖ «​ត្រូវខិតខំ​កសាង​សមត្ថភាព​មន្ត្រី​ក្នុងការ​ស្រាវជ្រាវ ​និង​ស៊ើបអង្កេត​បន្ថែមទៀត ​ដើម្បី​មានលទ្ធភាព​បង្ក្រាប​ឲ្យ​ចំ​មេខ្លោង និង​កាត់ផ្តាច់​ខ្សែរយៈ​អង្គ​ការចាត់​តាំងរបស់​ពួកនេះ​ឲ្យ​ដល់​​ឫសគល់ ។ ​ទន្ទឹមនឹងនេះ ​ត្រូវផ្តោត​ការ​​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ថែមទៀត ​ក្នុងការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​តាម​ព្រំដែន​កម្ពុជា-ឡាវ ​ដែលជា​ភូមិសាស្ត្រ​របៀង​គ្រឿង​​ញៀនពី​តំបន់ត្រីកោណមាស ដើម្បី​ធ្វើយ៉ាងណា​បង្ការ​ និង​បង្ក្រាប​ឲ្យ​បាន ​នូវ​ការ​លួចលាក់​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ចូលមក​​ប្រទេស​យើង»។

រដ្ឋម​ន្ត្រី​មហាផ្ទៃ​រូប​នេះ បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​បែប​នេះ បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ហាញ​របាយការណ៍​ថា បទ​ល្មើស​គ្រឿង​ញៀន​បាន​កើន​ឡើង​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ​មុន ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស។

របាយការណ៍​សង្ខេប បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ៨ ១៧៣​ករណី ត្រូវ​​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ឆ្នាំ​២០១៧ ដោយ​មាន​កំណើន​ដល់​ ៩២.៤៨​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ៤ ២៤៦​ករណី ខណៈ​ដែល​មនុស្ស​ដល់​ទៅ ១៧ ៧៩៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​អំឡុង​ប្រតិបត្តិការ​មួយ​ឆ្នាំ​កន្លង​មក។

ទោះជាយ៉ាងណា ប្រធានសមាគមសង្គ្រោះជនរងគ្រោះ​​ដោយគ្រឿងញៀនកម្ពុជា ហៅកាត់ថា DARAC លោក មាស សុវណ្ណ បាន​ឲ្យ​ដឹង​ថា លោក​មិន​មាន​ជំនឿ​លើការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរកម្ពុជា​នោះ​ទេ ដោយថា បទល្មើសនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃបែបនេះ។

លោក​ថា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ស្ថាប័នពាក់ព័ន្ធត្រូវ​ពង្រឹងការ​អនុវត្តច្បាប់ឲ្យបានតឹងរឹង ដោយមិន​ប្រកាន់បក្ខពួក ទើបទទួលបានផលវិជ្ជមាន។

លោក​និយាយថា៖ «អ្នកណាក៏ត្រូវ​ចូលរួមបង្ក្រា​បចាប់​ ហើយបើមិនចាប់ទេ ក៏ចូលរួមផ្តល់ព័ត៌មានឲ្យទៅ[អាជ្ញាធរ​] ទោះបីអ្នកតូច អ្នកធំ​ណាក៏ដោយ​ វាត្រូវការ​អនុវត្តច្បា​ប់ដែរ។ ច្បា​ប់​ហ្នឹង​​ ចម្រុះ​អន្តរក្រសួង​ ដើម្បីបង្ក្រាប​បោសសម្អាត​ បើសិនជាធ្វើជាប់​ទៅទៀត បន្តឆ្នាំទៅមុខ​ទៀត ​​គឺមានការថយចុះកាន់តែបានច្រើន»។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើ​តេ កាល​ពី​ពាក់​​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​២០១៦។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required