លិខិតមិត្តអ្នកអាន៖ក្មេងជំទង់អាយុចន្លោះ១០ដល់២៤ឆ្នាំគួរទទួលការអប់រំពី​ការរៀបចំគ្រួសារនិងការការពារសុខភាពបន្តពូជ​

លោកសាស្ត្រាចារ្យ Chittaranjan Narahari Purandareដែលមកពី​អង្គការInternational Federation of Gynaecology and Obstetrics(រោគស្ត្រីនិងការសម្រាល​កូន) ថ្លែងនៅក្នុងសន្និសីទ​ក្នុងប្រទេសឥណ្ឌូនេស៊ី

អង្គការសុខភាពពិភពលោកមួយចំនួនបានកំពុងធ្វើការជជែកវែកញែកអំពី​សិទ្ធិរបស់ក្មេងជំទង់​និងយុវជនពេញវ័យក្នុងការទទួលបានដំណឹងនិងការអប់រំអំពី​ការថែរក្សាសុខភាពបន្ត​ពូជ ដូចជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតនិងការរួមភេទប្រកបដោយសុវត្ថិភាព។

ខ្ញុំ​ទទួលបានការអញ្ជើញចូលរួមក្នុងសន្និសីទ​ដ៏ធំមួយប្រារព្ធឡើងពីថ្ងៃទី២៥ដល់២៨ខែមករា នៅកោះបាលី​ប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកចូលរួមលើសពី​២៦០០នាក់ ហើយក្នុងចំណោម​អ្នកចូលរួមទាំងអស់នោះ រួមមានអ្នកស្រាវជ្រាវខាងសុខភាព អ្នកអនុវត្តកម្មវិធីសុខភាព មន្ត្រីសុខាភិបាលនិងមន្រ្តីរៀបចំគោលការណ៍​សាធារណៈ អ្នកគាំពារសុខភាពមកពីអង្គការក្នុងនិងក្រៅតំបន់ យុវជនអ្នកដឹកនាំ អ្នកសារព័​ត៌មាននិងអ្នកតំណាងអង្គការក្នុងតំបន់ និងអន្តរជាតិ។ សន្និសីទ​ដ៏ធំមួយនេះ​ធ្វើឡើងជាលើកទី៤និងរៀបចំផ្តួចផ្តើមដោយសកល​វិទ្យា​ល័យសុខភាពសា​ធារណៈ​សហរដ្ឋអាមេរិកJohns Hopkins Bloomberg School of Public Health, វិទ្យាស្ថាន the Gates Institute the National Population និងវិទ្យសា្ថនប្រជាភិវឌ្ឍន៍​ជាតិនិងគម្រោងការពារកំណើតរបស់ប្រទេសឥណ្ឌូនេស៊ី (BKKBN)។

ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានអ្នកតំណាង មកពីអង្គការ ម៉ារីស្តូបអន្តរជាតិ Marie Stopes International អង្គការ PSIនិងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីកិច្ចអភិវឌ្ឍន៍​អន្តរ​ជាតិ(យូសេដ USAID) បានធ្វើការវែកញែកនៅថ្ងៃអង្គារនេះថាក្មេងជំទង់និងយុវជនពេញវ័យដែលសកម្មក្នុងការរួមភទមួយចំនួនពីអាយុ១០ដល់២៤ឆ្នាំ គួរតែចេះប្រើប្រាស់មធ្យោបាយក្នុង​ការពន្យារកំណើត ដូចជាការពន្យារកំណើតតាមរយ: ការចាក់ថ្នាំនិងការដាក់កងក្នុងរាងកាយ ជាដើម។

អ្នកតំណាងអង្គការទាំងអស់នេះ​បានមានប្រសាសន៍​បន្តទៀតថាមធ្យោបាយបង្កកំណើតទាំងអស់នេះ​មិនត្រឹមតែទប់ស្កាត់​ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្មេងស្រីជំទង់ ដែលនៅកំពុងសិក្សានិងស្វែងរកការងារឫ​មិនទាន់រៀបការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថយការធ្លាក់ឈាមរដូវនិងការឈឺចាប់ពេលមករដូវ ជួយព្យាបាលអាការ:រោគស្ត្រីមួយចំនួននិងកាត់បន្ថយការចុះខ្សោយឈាមក្រហម(anaemia)។

លោកសាស្ត្រាចារ្យ Chittaranjan Narahari Purandare ដែលមកពី​អង្គការInternational Federation of Gynaecology and Obstetrics(រោគស្ត្រីនិងសម្ភព)បានមានប្រសាសន៍​នៅក្នុងវគ្គពិភាក្សា​តូចមួយថា: “បើតាមក្បួនច្បាប់ពេទ្យ គ្មានមូលហេតុណាដែលយើងគួរបដិសេធមិនឲ្យ​ក្មេងជំទង់ទទួលប្រើប្រាស់មធ្យោបាយបង្កកំណើតនោះទេ”។ គាត់ធ្វើការបញ្ជាក់អះអាងបន្ថែមទៀតថាប្រទេសនីមួយៗគួរតែមានទំនួលខុសត្រូវក្នុងការ ឧបត្ថម្ភ គាំទ្រនិងជំរុញឲ្យ​មានការទទួលបានការប្រើប្រាស់ ផលិតផលនិងសេវាកម្មដ៏​មានគុណភាពសម្រាប់​មនុស្សរាល់គ្នា មិនថាពួកគេរៀបការហើយឫ​មិនទាន់រៀបការនោះទេ ព្រោះថាការធ្វើនេះគឺដើម្បីសុខភាពផ្លូវភេទ ក៏ដូចជាសុខភាពរបស់មនុស្សទូទៅមានភាពល្អប្រសើរ។

ចំណាប់អារម្មណ៍​របស់ខ្ញុំ​មួយទៀត គឺទៅលើពាក្យសម្តីរបស់អ្នកស្រី Beth Schlachter ដែលជានាយកប្រតិបត្តិរបស់សហព័ន្ធអង្គការពន្យារកំណើតនិងសុខភាពបន្តពូជ ដែលនិយាយ​ថា​វា​ជាឧបសគ្គដ៏ធំមួយដែលប្រទេសជាច្រើននៅតែបន្តអើពើសិទ្ធិរបស់ក្មេងជំទង់ក្នុងការទទួល​យក​ព័​ត៌មាននិងជាពិសេសនោះគឺការចេះប្រើវិធីពន្យារកំណើតតែម្តង។ អ្នកស្រីក៏បានបញ្ជាក់បន្ថែមទៀតថារាល់មនុស្សពេញវ័យជាច្រើន ដែលឈានដល់អាយុដែលអាចបង្កកំណើតបានហើយ នៅតែប្រឈមមុខនឹងឧបសគ្គជាច្រើនទាក់ទងនឹងការទទួលយកប្រើប្រាស់​វិធីពន្យារកំណើតបែបLARCs(ការដាក់ឧបករណ៍​ក្នុងស្បូននិងរាងកាយផ្នែកផ្សេងៗ) ពីព្រោះ​មនុស្សមួយចំនួនជាពិសេសឪពុកម្តាយរបស់ពួកគេគិតថាការធ្វើដូចនេះនឹងធ្វើឲ្យ​ក្មេង​ជំទង់ទាំងអស់នេះមានចំណង់រួមភេទកាន់តែខ្លាំង ប៉ុន្តែតាមការពិតនោះ វាមិនកើតឡើងដូច្នោះទេ ហើយលើសពីនេះទៀតក្មេងៗជំទង់គួរតែរៀនធ្វើការសម្រេច​ចិត្តសម្រាប់ជី​វិតនិងសុខ​ភាពរបស់ពួកគេ។

បើយោងតាម​សេចក្តីថ្លែងការណ៍​មួយដែលចុះហត្ថលេខាដោយអង្គការអន្តរជាតិ International Planned Parenthood Federation, Pathfinder International, UK-AID និងInternational Youth Alliance for Family Planning អ្នកបង្កើតច្បាប់និងគោលការណ៍​សាធារណៈ មន្ត្រីរដ្ឋាភិបាល សហគមន៍​និងគ្រួសារនានាគួរតែទទួលបានព័​ត៌មានទាក់ទងអំពីសុវត្ថិភាព ប្រសិទ្ធភាព ភាពបត់បែន(reversiblity)និងការចំណាយមានប្រសិទ្ធភាពរបស់ការពន្យារ​កំណើត។ ក្នុងថ្ងៃសម្ពោធសន្និសីទ​នោះផងដែរ មូលនិធិរបស់BIll & Melinda Gates បានប្រកាសនឹងផ្តល់ជំនួយ១២០​លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការងាររយ:​ពេល​៣ឆ្នាំក្នុងការជួយឲ្យ​មានការប្រើប្រាស់វិធីពន្យារកំណើតសម្រាប់​ស្ត្រីនិងក្មេងស្រី១២០​លាន​នាក់ក្នុង៦៩ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីឲ្យ​សម្រេច​មុនឆ្នាំ២០២០។ លោកស្រី Melina Gates តាមរយ:សារជាវីដេអូផ្ញើមកកាន់សន្និសីទ​បានមានប្រសាសន៍​ថាជំនួយជាប្រាក់ទាំងអស់នេះ​នឹងប្រើប្រាស់សម្រាប់​គាំពារការពន្យារកំណើត ធ្វើឲ្យ​​សេវាកម្មពន្យារ​​កំណើតកាន់តែប្រសើរឡើង តាមរយ: វិស័យឯកជននិងពង្រីកការប្រើប្រាស់ វិធីពន្យាកំណើតដែលឆ្លងកាត់នូវការពិសោធន៍​ហើយ ដើម្បីជួយដល់មនុស្សដទៃបន្ថែមទៀត។

ចំណែកប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី​ លោកJoko Widodo បានអំពាវនាវឲ្យ​មានសកម្មភាពជាសកលមួយក្នុងការធ្វើឲ្យ​ការពន្យារកណើតនិងការរៀបចំគម្រោង​គ្រួសារនិងការពង្រីកនៃការប្រើប្រាស់វិធីពន្យារកំណើតជាអទិ​ភាពរបស់​ប្រទេសផ្សេងៗទៀត។ ទន្ទឹមនឹងការអំពាវនាវនោះដែរ លោក ចូកូវី​ បានមានប្រសាសន៍​ទៀតថាវាជារឿងសំខាន់ណាស់ក្នុងការចាត់វិធានការក្នុងការជួយឲ្យ​ម្តាយមានសុខភាពល្អ ព្រោះថាកាលណាម្តាយមានសុខភាពល្អ នោះកូនៗនិងគ្រួសាររបស់ពួកគាត់ ក៏មានសុខភាពល្អនិងមានភាពរីកចម្រើន​ហើយទង្វើទាំងអស់នេះ​នឹងអាចជួយឲ្យ​ពិភពលោកទាំងមូលកាន់តែមានភាពប្រសើរឡើងផងដែរ។

បន្ទាប់ពីចូលរួមក្នុងរយ:ពេល២ថ្ងៃមក ខ្ញុំ​មានសង្កេតឃើញថាប្រទេសកម្ពុជាត្រូវការការពិភាក្សា​(dialogue)បន្ថែមទាក់ទងនឹងការអប់រំក្មេងជំទង់អំពីសុខភាពបន្តពូជ សុខភាពផ្លូវ​ភេទ ការពន្យារកំណើតនិងការរៀបចំផែនការគ្រួសារ ពីព្រោះថានៅមានឪពុកម្តាយជាច្រើននៅ​មិនទាន់ហ៊ានពិភាក្សាជាចំហរជាមួយកូនៗរបស់គាត់ ទាក់ទងនឹងសុខភាពផ្លូវភេទ​ឫ​សុខភាព​បន្តពូជ ដែលអាចបណ្តាលឲ្យ​មានផលលំបាកដូចជាការមានផ្ទៃពោះដោយចៃដន្យ ការរំលូត​កូនដោយពុំ​មានសុវត្ថិភាពឫ​ការចម្លង​កាមរោគផ្សេងៗទៀត។

ជាការ​ពិតណាស់ កន្លងមកនេះ​មានអង្គការជាតិនិងអន្តរជាតិជាច្រើនបានរួមចំណែកដាស់​តឿន​និងផ្តល់ព័​ត៌មាននានាអំពីចំណុច​ទាំងអស់នេះ​ទៅដល់ប្រជាជនខ្មែរដទៃទៀត ប៉ុន្តែនៅមានសារព័​ត៌មានមួយចំនួននៅមិនទាន់ចាត់ទុកចំណុច​ទាំងអស់នេះ​ជាចំណុច​សំខាន់ក្នុងការរាយការណ៍​នៅឡើយ។ នេះបង្ហាញថាប្រទេសកម្ពុជានៅមានការងារជាច្រើនទៀតដើម្បីសម្រេច​ក្នុងការជំរុញប្រជាជនបន្ថែមទៀតឲ្យ​យល់ដឹងអំពីសុខភាពបន្តពូជរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ