សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមានធ្វើបាតុកម្មនៅមុខក្រសួងអប់រំនៅពេលខាងមុនេះ ដោយថា បើក្រសួងមិនទទួលយកលោកគ្រូ-អ្នកគ្រូ១៣នាក់ ឲ្យបានចូលបំរើការងារវិញ។
ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានលុបឈ្មោះលោកនិងអ្នកគ្រូ-លោកគ្រូសរុប១៣នាក់ ដែលភាគច្រើនជាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក ខេត្ត ខណ្ឌ របស់អតីតគណបក្សសង្គ្រោះជាតិ ចេញពីក្របខណ្ឌ។ ករណីនេះលោកថា ជាការសងសឹក ការរើសអើងនយោបាយ និងធ្វើខុសពីនីតិវិច្បាប់។
លោក រ៉ុង ឈុន ព្រមានថា បើក្រសួងមិនអនុញាតឲ្យ លោកគ្រូ-អ្នកគ្រូ ១៣នាក់បានចូលធ្វើការវិញទេ លោកនឹងដឹកនាំធ្វើបាតុកម្មនៅមុខក្រសួងអប់រំ ដើម្បីទាមទាររកយុត្តិធម៌។
លោកថ្លែងថា «បើយើងដើរតាមនីតិវិធីអស់ យើងនៅមានបន្តទៀតអាចឈានទៅដល់តុលាការផ្នែករដ្ឋបាល យើង អាចឈានដល់ឈរនៅមុខក្រសួងអប់រំលើកបដា…ដើម្បីធ្វើម៉េច ដើម្បីទាមទារនូវអ្វីដែលជាសិទ្ធិរបស់យើង ហើយយើងចង់បានយុត្តិធម៌មួយ ចង់បានការបំភ្លឺជាក់លាក់មួយជុំវិញរឿងនេះ»។
លើសពីនេះទៀត លោក ឈុន ថ្លែងថា ក្រោយពីសន្និសីទ នៅរសៀលថ្ងៃដដែលនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់លិខិតពីរដាច់ដោយឡែកពីគ្នាទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងតំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យជួយអន្តរាគមន៍ផងដែរ។
អតីតក្រុមប្រឹក្សាខេត្តព្រះសីហនុរបស់គណបក្សសង្គ្រោះជាតិ លោក លី ឌី ដែលអះអាងថា ក្រសួងអប់រំលុបឈ្មោះចេញពីក្រខណ្ឌ បានថ្លែងក្នុងសន្និសីទនោះថា ក្រសួងអប់រំលុបឈ្មោះលោកចេញពីក្របខណ្ឌ ដោយមិនបានជូនដំណឹងទៅមន្ទីរ និងការិយាល័យអប់រំខេត្តនោះឡើយ។ ករណីនេះលោកថា ក្រសួងធ្វើដោយអយុត្តិធម៌ និងខុសពីច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ត្រង់មាត្រា៤០ និង៤៧។
លោកថ្លែងថា «ធ្វើការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសង់តង់គ្នាអត់ ខាងក្រោមនេះអត់ដឹងគេលុបឈ្មោះខ្ញុំផង គេលុបតាំងពីថ្ងៃ៣០ ខែ១ មន្ទីរហៅខ្ញុំចូលធ្វើការថ្ងៃទី២ ខែ២ ឃើញទេ វាមានការបញ្ច្រាសគ្នា… ក្រសួងអប់ធ្វើបំផ្លាញអ្វីដែលជាសម្មិតផលរបស់សម្តេចនាយករដ្ឋមន្ត្រីដែលកំពុងតែខំប្រឹង»។
VODមិនអាចសុំការបំភ្លឺពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងអ្នកនាំ លោក រស់ សាលីន បានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។
ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការពី មានត្រា៤០ ចែងថា មុនឈានទៅដល់ដាក់វិន័យ និង លុបឈ្មោះ មន្រ្តីណាម្នាក់ចេញពីក្រមខណ្ឌគឺត្រូវណែនាំតាមបែបរដ្ឋបាល ដោយហៅមកស្តីបន្ទោសផ្ទាល់ ឬតាមរយៈ ចំណារលិខិត និងព្យួរការងារមួយរយៈសិនជាដើម។ ចំណែកមាត្រា៤៧ ចែងថា មុនបញ្ជូនសុំណុំរឿងមន្រ្តីរាជ ការណាម្នាក់ទៅក្រុមប្រឹក្សាវិន័យសម្រេចចោទប្រកាន់ ត្រូវឲ្យមន្រ្តីរាជការនោះឆ្លើយដោះសារផ្ទាល់មាត់ និង លាយលក្ខណ៍ជាអក្សរ ប្រសិនបើពួកគេតវ៉ានិងសេចក្តីណាមួយនោះ៕