អ្នកឃ្លាំមើលថាបទល្មើសព្រៃឈើនៅតំបន់ការពារឧទ្យានជាតិវីរៈជ័យកើនឡើង

បទល្មើសព្រៃឈើនៅតំបន់ការពារឧទ្យានជាតិវីរៈជ័យ (FB: លោក ហេង ស្រស់)

អ្នកឃ្លាំមើល និងពលរដ្ឋអះអាងថា រាល់ថ្ងៃសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ការពារឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរីកំពុងកើតមានយ៉ាងអាណាធិបតេយ្យដោយមិនមានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ។

តំណាងសហគមន៍ម្នាក់នៅខេត្តរតនគិរីដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពនិយាយថា នៅតំបន់កន្ទុយនាគក្នុងដែនឧទ្យានជាតិវីរៈជ័យកំពុងមានសកម្មភាពកាប់ និងដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រៀងដោយមិនឃើញមានអាជ្ញាធរណាចុះបង្រ្កាបនោះទេ។

លោកបន្ថែមថា «យួនវាចូលទៅកាប់បំផ្លាញព្រៃឈើខ្មែរយើងដោយសេរី និងកំពុងដឹកជញ្ជូនទៅកាន់ព្រំដែនខេត្តប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ»។

សមាជិកក្រុមបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការ ការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់លោក ហេង ស្រស់ មានប្រសាសន៍ថា តាមរយៈក្រុមការងាររបស់លោកចុះឃ្លាំមើលកាលពីសប្តាហ៍នេះតំបន់ការពារឧទ្យានជាតិវីរៈជ័យ គឺកំពុងកើតមានបទល្មើសព្រៃឈើពិតមែន។

លោកបន្តថា បញ្ហាបទល្មើសព្រៃឈើកើតដដែលៗមិនអាចទប់ស្កាត់មានប្រសិទ្ធភាពនេះ ដោយសារតែជាប់ពាក់ព័ន្ធអំពើពុករលួយរវាងអាជ្ញាធរនៅតំបន់នោះ និងជនល្មើសព្រៃឈើ។

លោកបន្ថែមថា«យើងចុះទៅរយៈពេល២យប់៣ថ្ងៃហ្នឹង យើងសង្កេតឃើតបទល្មើសព្រៃឈើច្រើន ដោយមិនមែនដឹកជាគោយន្ត ទេ គឺដឹកឡានរ៉េវ ឡាន ប្រកុង គឺបានកាប់ឈើទាំងមូលៗដឹកចេញពីតំបន់វីរៈជ័យហ្នឹងមកបាតអាង ហើយតាមសង្កេតទៅមិន មានអាជ្ញាធរណាទប់ស្កាត់ទេ មានតែអ្នកមានស័ក្តពាក់ផ្កាយ១ផ្កាយ២ហ្នឹងជាអ្នកកាងឈើឲ្យថែមទៀត ហើយបើតាមយើងស្រាវជ្រាវបានហ្នឹងគឺ មានមន្រ្តីមួយចំនួនហ្នឹងគាត់ទទួលបានសំណូកពីគេដែរ ក្នុងការបើកឲ្យក្រុមឈ្នួញឈើចូលទៅកាប់ឈើនៅក្នុងតំបន់វីរៈជ័យ តំបន់ភ្នំព្រិច នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរីជាដើមហ្នឹង»។

កាលពីខែមករាក្រុមអ្នកឃ្លំាមើលបានអះអាងប្រហាក់ប្រហែលគ្នាថា នៅរយៈពេល៤ខែចុងក្រោយនេះបទល្មើសព្រៃឈើ​នៅ​​ខេត្តព្រះ​វិហារ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង រតនគិរី កំពង់ស្ពឺ​ និងខេត្តមួយចំនួនទៀតមានការកើនឡើងខ្លាំង បើទោះជារដ្ឋាភិ  បាល​ប្រកាសបិទច្រករបៀង​មិនឲ្យឈ្នួញបន្តនាំឈើលក់នៅក្រៅប្រទេស​ក៏ដោយ​​។

អភិបាលខេត្តរតគិរីលោក ថង សាវុន បានច្រានចោលការលើកឡើងនេះ ដោយលោកថា ពុំមានបទល្មើសព្រៃឈើ និងការដឹកឈើចេញពីតំបន់ការពារឧទ្យានជាតិវីរៈជ័យទៅកាន់ប្រទេសវៀតណាមនោះទេ។ លោកថា បទល្មើសព្រៃឈើវានៅបន្តកើតមានតែក្នុងតំបន់ព្រៃដែលសគមន៍សុំការពារតែប៉ុណ្ណោះ។

លោកបន្ថែមថា«ខ្ញុំមានវិធានការទប់ស្កាត់អស់ហើយ ប៉ុន្តែសំខាន់វាកើតឡើងនៅតាមតំបន់ព្រៃសហគមន៍ដែលបានបង្កើតកន្លង មក មិនមែននៅក្នុងឧទ្យាជាតិវីរៈជ័យទេ ដែលប្រជាពលរដ្ឋគាត់នាំគ្នាប្រើប្រាស់អនុផលទាំងអស់ហ្នឹង ហើយបើលោកឯងថាមានការដឹកជញ្ជូនទៅក្រៅទៀត តាមព័ត៌មានវាចេះតែមានហើយ ប៉ុន្តែជាក់ស្តែងវាអត់មានដូចអញ្ចឹងទេ»។

បាយការណ៍ឆ្នាំ២០១៧របស់អង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញថា ការនាំឈើហុប និងឈើអារពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមកើនឡើងគួរឲ្យកត់សម្គាល់ ដោយរបាយការណ៍នេះ បញ្ជាក់ថា នៅឆ្នាំ២០១៧ឈើប្រមាណ ១៦៣០៧១ ម៉ែត្រគូបរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាម ពោលគឺមានកើនឡើង១៧ភាគរយលើសឆ្នាំមុន។

របាយការណ៍ដដែលនេះ បន្ថែមថា តម្លៃនៃការនាំចេញនោះបានកើនឡើង២១ភាគរយ គឺស្មើនឹងទឹកប្រាក់ ៤០ លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ