ឌួង ហ្សូរីដា ធ្វើទូតសុឆន្ទៈឲ្យក្មេងពិការស្មារតី

កញ្ញា ឌួង ហ្សូរីដា នា​ពេល​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)

ជាលើកទី១ដែលតារាសម្ដែង និងជាពិធីការិនីជើងចាស់កញ្ញា ឌួង ហ្សូរីដា សម្រេចចិត្តទទួលយកតំណែងជាឯកអគ្គរាជទូតសុឆន្ទៈរបស់អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ហៅកាត់ថា HHC Cambodia ដើម្បីរួមចំណែកជួយសង្គ្រោះដល់ក្មេងពិការរបស់អង្គការនេះ ដែលពួកគេគឺជាក្មេងពិការខាងផ្នែកស្មារតី។ បន្ទាប់ពីដឹកនាំតារាសិល្បៈ និងសប្បុរសជនចុះទៅដល់អង្គការជាលើកដំបូង កញ្ញាឲ្យដឹងថា កញ្ញាគ្រោងធ្វើសកម្មភាពជាច្រើនទៀត ដើម្បីជាប្រយោជន៍ដល់ជនពិការទាំងនោះ ដោយបញ្ជាក់ថា បន្ទាប់ពីពួកគេទទួលបានការរើសអើងខ្លាំងនៅក្នុងសង្គម។

ឌួង ហ្សូរីដា និយាយថា ហេតុផលដែលនាំឲ្យនាងទទួលយកតំណែងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការក្មេងពិការ HHC Cambodia គឺដោយសារនាងមានមិត្តភក្ដិម្នាក់ជាតំណាងរបស់អង្គការមួយនេះ ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងទទូចឲ្យនាងចូលរួម។ គាប់ជួនជានាងក៏មើលឃើញពីទុក្ខលំបាករបស់ក្មេងៗជាជនពិការខាងផ្នែកស្មារតីទាំងនោះផង ទើបនាងសម្រេចចិត្តទទួលយក ដោយនឹងចុះបំពេញសកម្មភាពស្ម័គ្រចិត្តមិនគិតកម្រៃចាប់តាំងពីថ្ងៃតែងតាំងរបស់អង្គការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦តទៅ។

នាងនិយាយថា៖ “ក្មេងៗនៅក្នុងអង្គការHHC Cambodia គឺជាជនពិការគួរឲ្យអាណិតណាត់ ព្រោះពួកគាត់មិនមែនជាជនពិការដៃជើង ឬភ្នែកអីដូចអង្គការផ្សេងទេ គឺជាក្មេងៗដែលមានបញ្ហាផ្នែកស្មារតី។ ពួកគាត់ទទួលការរើសអើងខ្លាំងណាស់ ដោយសារតែមនុស្សភាគច្រើន ខ្លាចទឹកមុខគាត់ និងកាយវិការគាត់តែម្ដង។ អញ្ចឹងបើយើងអត់ជួយបំផុសជួយពួកគាត់ទេ គឺពួកគាត់ពិតជាឯកោ”

កញ្ញា ឌួង ហ្សូរីដា ពេល​ទៅ​សួរ​សុខទុក្ខ​កុមារ​ពិការ​ស្មារតី​នៅ​អង្គការ HHC Cambodia (រូប​ពី​ហ្វេសប៊ុក ឌួង ហ្សូរីដា)
កញ្ញា ឌួង ហ្សូរីដា ពេល​ទៅ​សួរ​សុខទុក្ខ​កុមារ​ពិការ​ស្មារតី​នៅ​អង្គការ HHC Cambodia (រូប​ពី​ហ្វេសប៊ុក ឌួង ហ្សូរីដា)

ឌួង ហ្សូរីដា បន្តថា ក្នុងនាមជាឯកអគ្គរាជទូតសុឆន្ទៈ នាងបានដឹកនាំតារាល្បីៗប្រមាណជាជិត២០រូប និងសប្បុរសជនមួយចំនួនចុះទៅដល់កន្លែងក្មេងដែលមានបញ្ហាផ្នែកសតិបញ្ញា សិក្សានៅអនុវិទ្យាល័យអនុវត្តន៍ក្នុងក្រុងតាខ្មៅ ដោយមានការបញ្ចុកអាហារ ការផ្ដល់ថវិកា ផ្ដល់សៀវភៅសិក្សា ផ្លែឈើ និងកង្ហារជាដើម ដើម្បីសម្រួលដល់ការលំបាករបស់អង្គការ។ នាងបន្ថែមថា៖ “ពួកគាត់(ក្មេងៗពិការ) អត់មានសតិបញ្ញាប្រក្រតីដូចក្មេងពិការទូទៅទេ។ ពេលខ្លះកំពុងរៀនៗ ឬអង្គុយជាមួយយើងក៏ប្រកាច់ហៀរទឹកមាត់តែម្ដង អញ្ចឹងមើលទៅគួរឲ្យអាណិតណាស់ ហើយជាយុទ្ធសាស្រ្តក្នុងនាមខ្ញុំជាតំណាងសុឆន្ទៈរបស់អង្គការ ក្រៅពីជួយផ្សព្វផ្សាយកុំឲ្យមានការរើសអើងចំពោះពួកគាត់ ខ្ញុំនឹងដឹកនាំតារាសិល្បៈស្វែងរកជំនួយជួយដល់អង្គការ និងគ្រោងធ្វើរាត្រីសមោសរយ៉ាងហោចមួយឆ្នាំម្ដងជួយរកថវិកាមកទ្រទ្រង់ទៀត”

លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍(HHC Cambodia) បានអះអាងថា អង្គការរបស់លោកមានក្មេងពិការចំនួន៦៧នាក់ ដោយមានអាយុពី៦ដល់១៧ឆ្នាំ និងមានម្នាក់២នាក់មានវ័យដល់២៥ឆ្នាំដែរ។ លោកថា ក្មេងៗទាំងនេះគឺជាជនពិកាផ្នែកសតិបញ្ញា ដែលភាពជាក់ស្ដែងរបស់ក្មេងទាំងនោះ បានទទួលនូវការរើងអស់ និងខ្ពើមរអើមខ្លាំងនៅក្នុងសង្គម។

លោកមានប្រសាសន៍ថា៖ “មនុស្សភាគច្រើនបានហៅពួកគាត់ថាអ្នកជំងឺគ្រាសកន្លង ឬឆ្កួតជ្រូក អញ្ចឹងមិនថាតែអ្នកដទៃទេ គឺសូម្បីតែក្រុមគ្រួសារគាត់ខ្លួនឯងក៏រើសអើងពួកគាត់ដែរ។ និយាយឲ្យខ្លី សូម្បីតែស្រ្តីពោះធំក៏សឹងមិនហ៊ានដើរកាត់មុខពួកគាត់ផង ព្រោះខ្លាចកូនកាត់ដូច។ អញ្ចឹងពួកគាត់ពិបាកណាស់មុនពេលបានទទួលការសង្គ្រោះពីអ្នកជំនាញរបស់អង្គការ។ រាល់ថ្ងៃអង្គការទទួលពួកគាត់ឲ្យមករៀនត្រឹមតែម៉ោង៧ព្រឹក និងតម្រូវឲ្យឪពុកម្ដាយមកទទួលនៅម៉ោង៥(ល្ងាច)។ ប៉ុណ្ណឹងគឺបានជួយគ្រួសារគាត់ច្រើនហើយ ព្រោះពួកគាត់បើឲ្យនៅផ្ទះក៏ក្រឡុកអ្នកផ្ទះពិបាកមើលដែរ ជាពិសេសគឺសភាពឧស្សាហ៍ប្រកាច់ និងអាការៈប្លែកៗរបស់ពួកគាត់”

លោក ចាន់ សារិន បន្តថា តាំងពីបើកដំណើរការក្នុងឆ្នាំ២០១២រហូតមកទល់ពេលនេះ អង្គការរបស់លោកមិនមានស្នាក់ការផ្ទាល់ខ្លួននោះទេ ដោយទើបនឹងបានអនុវិទ្យាល័យអនុវត្តន៍នៅក្រុងតាខ្មៅ អនុញ្ញាតឲ្យខ្ចីអគារមួយធ្វើជាកន្លែងអប់រំ ដោយតាមគម្រោងគឺរយៈពេល១៦ខែទៀតនឹងផុតកំណត់។ លោកថា វត្តមានរបស់កញ្ញា ឌួង ហ្សូរីដា និងតារាសិល្បៈនឹងជួយឲ្យក្មេងៗដែលមានសតិបញ្ញាមិនប្រក្រតី និងមានការចាប់អារម្មណ៍ដូចក្មេងកំព្រាទូទៅ និងអាចធ្វើឲ្យអង្គការអាចមានលទ្ធភាពពង្រីកគម្រោងរបស់ខ្លួនជាប្រយោជន៍ដល់ក្មេងៗពិការទាំងនេះ។ លោកថា ជំងឺរបស់ពួកគេមិនមានថ្នាំព្យាបាលនោះទេ ប៉ុន្តែតាមរយៈការថែទាំរបស់អង្គការ និងការបណ្ដុះបណ្ដាលក្នុងរយៈពេលវែង នោះនឹងជួយឲ្យពួកគេអាចប្រសើរមួយផ្នែកលើសតិបញ្ញា និងភាពមិនប្រក្រតីមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ