តុលាការដោះលែងអតីតអ្នកបើករថយន្ត២នាក់របស់ក្រុមហ៊ុនកាពីតូលឲ្យនៅក្រៅឃុំ

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានឲ្យដឹងថា តុលាការបានសម្រេចដោះលែងអតីតអ្នកបើកបររថយន្តពីរនាក់របស់ក្រុមហ៊ុនកាពីតូល ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់ជាងរយៈពេលជិត៣ខែ ពាក់ព័ន្ធនឹងករណីហិង្សាក្បែរក្រុមហ៊ុន។

កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់មានឈ្មោះ ណន វណ្ណា ជាអតីតអ្នកបើករថយន្តកាពីតូលដែលត្រូវបានបញ្ឈប់ពីការងារ និងម្នាក់ទៀតឈ្មោះ រស់ ស៊ីផៃ ជាសមាជិកសហភាពការងារកម្ពុជាដែលបានចូលរួមតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូល។

លោក អាត់ ធន់ បានឲ្យវីអូឌី(VOD)ដឹងថា លោកបានទទួលព័ត៌មានពីមេធាវីការពារក្ដីឲ្យអតីតអ្នកបើករថយន្តទាំងពីរនោះថា ពួកគេត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំនៅរសៀលថ្ងៃពុធនេះ។ ទោះយ៉ាងណា លោកពុំបានដឹងព័ត៌មានលម្អិតបន្ថែមពីករណីនេះទេ។

វិអូឌី (VOD)មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក គីម សុជាតិ មេធាវីការពារក្ដីឲ្យជនជាប់ចោទទាំងពីរបាននៅឡើយទេ ដោយទូរស័ព្ទពុំអាចទាក់ទងបាន។

ការដោះលែងអតីតអ្នកបើករថយន្តទាំងពីរនាក់ធ្វើឡើងស្របពេលដែលក្រុមមន្ត្រីសហជីពបានលើកពេលធ្វើការតវ៉ាប្រឆាំងក្រុមហ៊ុនកាពីតូលដែលគ្រោងធ្វើនៅព្រឹកថ្ងៃពុធនេះ ដោយអះអាងថាអាជ្ញាធរខណ្ឌ៧មករាបានសុំធ្វើការសម្របសម្រួល។

ទោះយ៉ាងណា លោក អាត់ ធន់ មានប្រសាសន៍ថា ក្រុមមន្ត្រីសហជីពដែលជាអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលនឹងធ្វើការតវ៉ានៅថ្ងៃស្អែកដោយលោកថា ដើម្បីទាមទាររកដំណោះស្រាយផ្សេងទៀតពីក្រុមហ៊ុន និងអាជ្ញាធរ។

បើតាមន្ត្រីសហជីព គម្រោងតវ៉ានោះទាមទារឲ្យក្រុមហ៊ុនទម្លាក់ចោលនូវពាក្យបណ្តឹងប្តឹងសកម្មជនសហជីព ជំរុញឲ្យសមត្ថកិច្ចចាត់វិធានការតាមចាប់ខ្លួនជនដៃដល់ដែលប្រើញញួរ ដែកសសៃ វាយពួកគេឲ្យរងរបួសជាង១០នាក់កាលពីថ្ងៃទី៦ខែកុម្ភៈកន្លងទៅ និងទាមទារឲ្យក្រុមហ៊ុនយកពួកគេទាំង៤៥នាក់ដែលបានបញ្ឈប់ ចូលធ្វើការដូចដើមវិញ។

គួររំឭកថា អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលមានគ្នាជិត៥០នាក់បានធ្វើការតវ៉ាជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០១៥មក ដោយពួកគេអះអាងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគេដោយសារតែពួកបង្កើតជាសហជីព។ ទោះយ៉ាងណា ភាគីក្រុមហ៊ុនបានអះអាងថា អ្នកទាំងនោះត្រូវបានបញ្ឈប់ដោយសារតែពួកគេធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជាលួចដាក់ភ្ញៀវតាមផ្លូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ