នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់

នាយគ្រឿន (កណ្ដាល) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កាល​ពី​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)

តបនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញពាក្យសម្ដីរបស់នាយគ្រឿន ដែលត្រូវគេស្រង់យកទៅចុះផ្សាយធ្វើឲ្យក្រសួងក្ដៅស្លឹកត្រចៀកនោះ ទាំងសាមីខ្លួន និងចាងហ្វាងផលិតកម្ម បានធ្វើការបញ្ជាក់ជាច្រើនក្នុងន័យបញ្ចប់ចម្រូងចម្រាស់ដែលត្រូវគេមើលឃើញថា បណ្ដាលមកពីក្រុមផលិត និងអ្នកជំនាញភាពយន្តរបស់ក្រសួងធ្វើការមិនទាន់យល់ចិត្តគ្នា។ ភាគីអ្នកឆ្លើយតបក៏បានព្យាយាមពន្យល់ពីផលវិបាក ដើម្បីឲ្យក្រសួងវប្បធម៌មានការយោគយល់ពាក់ព័ន្ធនឹងបញ្ហាដែលបានចោទឡើងនោះផងដែរ។

កាលពីថ្ងៃទី៥ ខែមេសា នាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីបំភ្លឺមួយច្បាប់ពាក់ព័ន្ធនឹងការលើកឡើងរបស់នាយគ្រឿងដែលបានថ្លែងស្នើឲ្យក្រសួងវប្បធម៌ចុះទៅជួបក្រុមផលិតភាពយន្តផ្ទាល់ពេលថតរឿង ជាជាងរិះគន់ និងកាត់ចោល។ នៅក្នុងលិខិតនោះ ក្រសួងបានលើកឡើងថា យោងតាមបទពិសោធន៍កន្លងទៅ នាយកដ្ឋានភាពយន្តតែងសង្កេតឃើញមានផលិតិផលភាពយន្តដែលផលិតរួចតែងមានភាពខុសគ្នាពីអត្ថបទនិពន្ធពិស្ដារ (scenario) ដែលបានដាក់ស្នើសុំផលិត ទាំងរូបភាព ខ្លឹមសារ និងពាក្យពេជន៍សន្ទនា ដែលក្រសួងចាត់ទុកថា កត្តានេះតែងបង្កឲ្យមានភាពស្មុគ្រស្មាញដល់យន្តការនៃការពិនិត្យខ្លឹមសារ រូបភាពដើម្បីផ្ដល់ទិដ្ឋាការ “ពិសេសបញ្ហាតួសម្ដែងមួយចំនួនមិនបានគោរពទៅលើវិជ្ជាជីវៈរបស់ខ្លួន ពោលគឺតែងបង្កើតពាក្យពេចន៍ដោយខ្លួនឯង មិនគោរពតាមខ្លឹមសារអត្ថបទដែលបានដាក់ឆ្លងសុំការអនុញ្ញាតថតនោះទេ”

លិខិតរបស់ក្រសួងបន្តទៀតថា ករណីនោះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ក្នុងនាមគណៈកម្មការត្រួតពិនិត្យខ្លឹមសាររូបភាព ភាពយន្តវីដេអូ ត្រូវប្រើបព្វសិទ្ធិរបស់ខ្លួនក្នុងការកែតម្រូវពាក្យពេចន៍សន្ទនា និងរូបភាពទាំងឡាយណាដែលនាយកដ្ឋានយល់ថាប្រាស់ចាកពីប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិ។

ពាក់ព័ន្ធនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌នេះ នាយគ្រឿនបញ្ជាក់ថា លោកមិនមែនចង់សំដៅពីភាពខ្វះចន្លោះរបស់ក្រសួង ហើយចាំរិះគន់ និងកាត់ប្លង់ចោលក្រោយពេលខ្សែរឿងមួយផលិតរួចនោះទេ គឺគ្រាន់តែចង់ទទូចឲ្យមានការតាមដានការផលិត និងការសម្ដែងរបស់តួអង្គឲ្យបានម៉ត់ចត់ជាងនេះ ជាជាងថតហើយសម្ដែងហើយក៏កាត់ប្លង់ចោលឬរិះគន់ ដែលលោកថាធ្វើឲ្យផលិតករ និងតួសម្ដែងបាក់ទឹកចិត្តប៉ុណ្ណោះ។ លោកនិយាយថា៖ “ខ្ញុំថាអត់មានបំណងអាក្រក់អីទេ គឺចង់ឲ្យតែក្រសួងគាត់ដាក់កំហិតមកថារឿងកំប្លែងទាល់តែបែបនេះបានយកកើត បែបនោះយកមិនកើត ឬក៏ជួយដាក់តំណាងឲ្យមកជួយប្រឹក្សា ដើម្បីជៀសវាងពេលតួសម្ដែងហើយឬផលិតករផលិតហើយ ក៏បន្ទោសគ្នាប៉ុណ្ណោះទេ ព្រោះពួកខ្ញុំតួចង់តែបានល្អទេ”។ លោកទទូចឲ្យក្រសួងវប្បធម៌មានការយោគយល់ និងបន្តបង្ហាត់បង្ហាញតួអង្គ និងអ្នកផលិតឲ្យយល់ដឹងពីអ្វីដែលក្រសួងចង់បាន ដោយលោកថាការលើកឡើងថាចំណុចនេះមិនត្រូវចំណុចនោះខ្វះខាត ពេលខ្លះក៏តួសម្ដែងខ្លួនឯង អត់ដឹងថាខ្វះខាតយ៉ាងម៉េច។

នាយគ្រឿន (ស្ដាំ) ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» កាលពីចុង​ខែ​មីនា (រូបភាព៖ វង្ស សុម៉ាលីន)
នាយគ្រឿន (ស្ដាំ) ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» កាលពីចុង​ខែ​មីនា (រូបភាព៖ វង្ស សុម៉ាលីន)

ចំណែកលោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture ដែលខាងនាយកដ្ឋានភាពយន្តតែងសំដៅជាងគេពាក់ព័ន្ធនឹងផលិតតែរឿងបែបកំប្លែង និងថាមិនត្រូវស្ដង់ដារភាពយន្តនោះ បានប្រាប់VOD ថា ប្រតិកម្មរបស់ក្រសួងមិនខុសនោះទេ ដោយសារតែភាពជាក់ស្ដែងគឺផលិតករពិតជាបានផលិតរឿងបែបកំប្លែង មិនត្រូវតាមប្លង់ និងសាច់រឿងដែលបានសុំឆ្លងទៅក្រសួងនោះមែន។ លោកថា ផលវិបាកមានច្រើនករណីទើបមិនអាចឲ្យលោក និងផលិតករផ្សេងទៀតផលិតរឿងតាមខ្លឹមសារអត្ថបទ(ប៉ារ៉ូល) និងប្លង់ដែលបានកំណត់។

លោក លៀក លីដា លើកជាឧទាហរណ៍ថា នៅក្នុងអត្ថបទរឿងគេបានសរសេរថា «មកទៅញ៉ាំបាយទេ» ប៉ុន្តែដោយសារតែក្នុងពេលសម្ដែងតួអង្គនិយាយទៅដាក់ដូចមិនសើច ទើបឈានទៅកែជាក់ស្ដែងថា «មកស៊ីបាយ» ឬបញ្ចូលពាក្យទើបបង្កើតថ្មីអីជាដើម ដូចជាពាក្យកូ ពាក្យបែកស្លុយអីដែលលោកថាធ្វើឲ្យមើលទៅគឺខុសនឹងទម្រង់កុន តែត្រូវនឹងបរិបទនៃសង្គម។ លោកនិយាយថា៖ “រឿងកំប្លែងយើងពិបាកធ្វើប៉ារ៉ូល(អត្ថបទ) ណាស់ គឺដាច់ខាតត្រូវតែបត់បែនតាមទីតាំង តាមសង្គម និងភាពជាក់ស្ដែងក្នុងពេលសម្ដែង។ ជាបទពិសោធន៍គឺយើងថែមទៅថែមមក(ប៉ារ៉ូល) យកអារស់ជាតិពិតច្រើនជាងតាមប្លង់ ដើម្បីឲ្យបានសើច។ ការពិតយើងដឹងថាខុសទម្រង់ ប៉ុន្តែបើចំតាមប៉ារ៉ូលវាអត់សើច ហើយបើអត់សើច យើងយកទៅចាក់អត់បានលុយ ទាំងនេះសុទ្ធតែជាបញ្ហា”

ចាងហ្វាងរូបនេះបន្តថា នៅក្នុងស្ថានភាពខ្លះ តួអង្គមិនទៅថតតាមកាលកំណត់ដែលមាននៅក្នុងសេណារីយោ ដែលនោះក៏តម្រូវឲ្យលោកកាត់ប៉ារ៉ូលចាស់ចោល និងដាក់ប៉ារ៉ូលថ្មី ធ្វើឲ្យខុសនឹងអ្វីដែលយកទៅឆ្លងក្រសួងនោះដែរ។ លោកអះអាងថា ខ្លួនចង់ផលិតរឿងស្នេហា មនោសញ្ចេតនា និងរឿងស៊ើបអង្កេតដែលក្រសួងចង់បាន ប៉ុន្តែលោកសួរថា តើរឿងប្រភេទនោះដែលបានផលិតឡើងមានប៉ុន្មានរួចហើយទទួលបានចំណេញ និងមានការទទួលស្គាល់ពីទស្សនា? លោកបន្ថែមថា នោះគឺដោយសាតែទុនផលិតក៏ស្ទើរ បច្ចេកទេសក៏មិនដល់ ហើយតួសម្ដែងទៀតសោតក៏ខ្វះបទពិសោធន៍ ពិបាកធ្វើឲ្យខ្សែរឿងមួយបានល្អតាមចង់បាន។ លោកសុំឲ្យក្រសួងមានការយោគយល់ និងកុំទាន់គិតតែពីរឿងស្ដង់ដារខ្លាំងពេក ដោយបញ្ជាក់ថា ដើម្បីកុំឲ្យវិស័យផលិតភាពយន្តជួយប្រទះនឹងរឿងដាំក្បាលចុះវិញ នៅពេលផលិតករលែងចង់តស៊ូព្រោះតែការខាតបង់។

លោកនិយាយថា៖ “កុនយើងរស់បានតែរឿងកំប្លែងៗឡប់ៗទេរាល់ថ្ងៃ កត្តាសំខាន់យើងត្រូវធ្វើម៉េចថែរក្សាអ្នកគាំទ្រកុំឲ្យធ្លាក់ចុះសិន ព្រោះបើយើងគិតតែលើគុណភាពទាំងស្រុងពេក ហើយអ្នកមើលគេលែងមើលតើវិស័យកុនយើងហ្នឹងយ៉ាងម៉េច ព្រោះខ្មែរយើងបើធ្វើរឿងស្នេហា ស៊ើបអង្កេតអីបច្ចេកទេសយើងអត់ដល់គេទេ។ ឥឡូវហ្នឹងគាត់ចូលចិត្តអី យើងតម្រូវចិត្តគាត់សិន ហើយចាំព្យាយាមកាត់អ្វីដែលថ្មី អ្វីដែលខុសម្ដងបន្តិចៗវិញទៅថ្ងៃក្រោយវិញ យើងជៀសវាងកាច់បត់ទាំងស្រុង ហើយធ្វើឲ្យគាំទ្របាត់បង់”។ លោកថា ខ្លួនអត់មានលុយខាតក្នុងការផលិតរឿងដែលគ្មានទីផ្សារនោះ ដោយសារតែភាពជាក់ស្ដែងឲ្យតែក្រៅរឿងកំប្លែង និងរឿងខ្មោច គឺដាក់បញ្ចាំងសឹងមិនរួចខ្លួន ដោយសារដើមទុន ធនធាន និងបច្ចេកទេសរបស់ខ្មែរទៅមិនទាន់រួច។

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនចេញលិខិតប្រតិកម្មនឹងបទសម្ភាសន៍របស់នាងគ្រឿន ធ្លាប់បានរិះគន់ច្រើនមកហើយថាផលិតកម្ម និងតួសម្ដែងក្នុងរឿងបែបកំប្លែងខ្វះទម្រង់ភាពយន្ត ដោយលោកចាត់ទុកថារឿងទាំងនោះគ្រាន់តែជាល្ខោនបែបកំប្លែង និងមិនមែនជាភាពយន្តឡើយ។ លោកថា បើគ្មានការយោគយល់ខ្សែរឿងស្ទើរទាំងអស់ដែលផ្ដោតជាសំខាន់លើភាពកំប្លុកកំប្លែងនឹងមិនត្រូវអនុញ្ញាតឲ្យដាក់បញ្ចាំងនោះទេ ដោយលោកថា នោះជារឿងដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតរបស់ភាពយន្តដទៃដែលមានស្ដង់ដារពេញលេញ។ លោកនិយាយថាទីផ្សារអ្នកទស្សនាជារឿងសំខាន់ ប៉ុន្តែផលិតករ និងតួសម្ដែងក៏ត្រូវតែមានឆន្ទៈធ្វើឲ្យបានល្អ ដើម្បីជាមុខមាត់របស់ភាពយន្តជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ