បទយកការណ៍៖ អាជីវករ​យកចំណីផ្លូវ​ធ្វើអាជីវកម្មម្តុំផ្សារដើមគ​​នាំឲ្យ​កកស្ទះចរាចរណ៍

នៅក្នុង​រាជធានីភ្នំពេញ​គេកត់សំគាល់​ថានៅតំបន់ដែលមានផ្សារភាគច្រើន​តែងតែមានការកកស្ទះចរាចរណ៍ស្ទើរតែជារៀងរាល់ថ្ងៃជាពិសេសចាប់ពី​ស្តុប​ផ្សារដើមគស្ថិតនៅក្បែរ​មហោស្រប​ចេនឡានិងនៅម្តុំផ្សារ​នាគមាស។ ការស្ទះចរាចរណ៍គឺបណ្តា​ល​មកពីអាជីវករលក់ដូរលើចិញ្ចើមថ្នល់ ខណៈដែល​គេមិន​ឃើញសមត្ថកិច្ចជួយសម្រួលចរាចរណ៍ផងនោះ។

ឲ្យតែឮគេនិយាយពីផ្សារដើមគនិងផ្សារនាគមាស គេឃើញថាជាកន្លែង​ដែលឈ្នួញនាំបន្លែគ្រប់មុខ​ពីបណ្តា​​ខេត្តនានាជាពិសេស​​យក​មកពី​ប្រទេស​វៀតណាមជាង៨០ភាគរយ​ដើម្បី​បោះដុំនឹង​លក់រាយលើ​​ចំណីផ្លូវ​សាធារណៈ​ធ្វើឲ្យស្ទះចរាចរណ៍។

នៅម្តុំផ្សារបន្លែនិងផ្លែឈើទាំងពីរនេះគេមិនសូវឃើញមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍នោះទេ។

ឈរទិញបន្លែក្បែរផ្សារដើមគ លោក ហេង សុខសាន្ត ដែលអះអាងថាលោកធ្វើការនៅក្បែរ​ផ្សារដើមគបានរៀបរាប់ប្រាប់អ្នក​យកព័ត៌មានVODថានៅម្តុំផ្សារនោះ​មានកា​រកកស្ទះជារៀងរាល់ថ្ងៃជាពិសេសនៅពេលល្ងាច។ ប៉ុន្តែលោកថា​មិនឃើញអាជ្ញាធរចុះជួយសម្រួលចរាចរណ៍នោះទេ​ដោយ​លោកថាអាជ្ញាធរសង្កាត់ផ្សារដើមគ ខ័ណ្ឌទួលគោក​ និង​អាជ្ញាធរសង្កាត់ទួលស្វាយព្រៃ២  ខ័ណ្ឌចំការមន ទំនង​ជាអ្នកបើកដៃឲ្យ​​ក្រុមអាជីវ​ករទំាងនោះលក់បន្លែ​​យ៉ាងអនា​ធិបតេយ្យ​លើចិញ្ចើមផ្លូវសាធារណៈ។ លោកបន្ថែមថា៖ ”ដំណើរអាជ្ញាធរបើកដៃហើយ បានឈ្មួញវាហ៊ានរកស៊ីរហូត​ដល់ប៉ុណ្នឹងហ៊ានលក់រហូត​ដល់ប៉ាតណាប៉ាតណីតែយប់បន្តិចដឹងចេញរហូត​ដល់យ៉ាងព្រាតឡើងស្ទះសឹងតែរកផ្លូវ​ឡានម៉ូតូជិះមិនចង់កើតផង​ លក់អនាធិបតេយ្យព្រោះខ្ញុំធ្វើការម្តុំហ្នឹង​ដែរ

2Photo_Template_872x562

អ្នកដំណើរម្នាក់ទៀត លោក ស្រី ហួន បានបង្ហាញការធុញទ្រាន់និងការកកស្ទះចរាចរណ៍នៅម្តុំផ្សារដើមគដែលលោកថាកើតឡើងជារៀងរាល់ថ្ងៃ​។ លោកអំពាវនាវ​ទៅអាជ្ញាធរនិងប្រធានផ្សារជួយសម្រួលដល់អាជីវករដែលលក់ដូរគ្មានសណ្តាប់ធ្នាប់នោះឡើងវិញដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍បន្ត​ទៀត។​ លោកបន្តថា៖ សំណូមពរឲ្យមេផ្សារអាជ្ញាធរ​ឲ្យ​ជួយរៀប​ចំទៅ មើលផ្លូវ​ពិបាកពេកធ្វើដំណើរពេលយប់ក៏ពិបាកលក់ដូរ​ពេញតែផ្លូវមានផ្លូវណាទៅមក​ពិបាកចង់អី”។

ចំណែកអ្នកលក់បន្លែបោះដុំយកមកពីវៀតណាមក្បែរផ្សារនាគមាស អ្នកស្រី ណា លីអ៊ីម​ ឈរបញ្ជាឲ្យកម្មករ​លើកបន្លែចេញពីឡានដាក់លើចិញ្ចើមផ្លូវទទួលស្គាល់ថាពួកគាត់ពិតជាបានលក់លើចិញ្ចើម​ផ្លូវ​សាធារណៈមែន ដោយអ្នកស្រីថាគ្មានជំរើស។ អ្នកស្រីបន្តថា៖ ខ្ញុំទទួលស្គាល់ថាស្ទះហើយ ប៉ុន្តែឲ្យ​ធ្វើម៉េចបើអត់​លក់អញ្ចឹងលក់អត់ដាច់​ខ្ញុំចង់​ឡើង​លើអត់​ចង់ទៅក្រោម​ទេតាមគេ​តាមឯងទៅ​​”

រីឯ អ្នកស្រី ណា លីអ៊ីម បញ្ជាក់ថាពួកគាត់មកលក់ដូរនៅទីនោះបានជួលមុខ​ផ្ទះគេ​ក្នុងមួយខែ៣០០ដុល្លារនិងតូប​មួយត្រូវ​​បង់លុយ(ភាស៊ី​)​ឲ្យអាជ្ញាធរ​ជារៀង​រាល់ថ្ងៃដែលក្នុងមួយថ្ងៃពី២០០០រៀលទៅ៣៥០០រៀល ប៉ុន្តែអាជ្ញាធរមិនបានចេញវិក័យប័ត្រឲ្យ​នោះទេ​​។

អង្គុយនៅខាង​មុខកញ្ជើដាក់បន្លែលក់នៅម្តុំផ្សារ​ដើមគនាម៉ោងប្រមាណ៨យប់បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មានVODប្រ​ហាក់ប្រហែលនិង​អ្នកស្រី លីអ៊ីម ដែរថាគាត់ក៏ត្រូវ​បង់លុយ(ភាស៊ី)ទៅឲ្យអាជ្ញាធរ​ក្នុង​មួយយប់៣៥០០រៀលសម្រាប់ជាថ្នូរ លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈនោះ ប៉ុន្តែ​អ្នកស្រីថា​អ្នកដែលមក​យកលុយ(ភាស៊ី)នោះមិនដឹង​មកពីណាខាង​ណា​នោះទេ​។ អ្នកស្រីបន្ថែមថា៖ អត់ដឹង​ពីខាង​អីដែរព្រោះដឹង​តែយក​រាល់ថ្ងៃព្រោះដឹង​ថាគេយក​មួយឆ្នាំទល់​មួយឆ្នាំអញ្ចឹង​ហើយ​គេ​ថា​យើងត្រូវ​បង់​លុយ​អញ្ចឹង​ហើយចេះតែបង់ទៅបើគេយករហូតម​ក​ហើយ​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ លើកឡើងថាសាលារាជធានីភ្នំពេញកំពុងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះលោកបញ្ជាក់ថាមិនយូរទេអន្តរក្រសួងនឹងចេញច្បាប់ដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាព។ លោកបន្តថា៖ ”យើងត្រូវដឹងថារឿងហ្នឹងវាជារឿងដែលមានបញ្ហាកន្លងមកហើយយើងកំពុងតែខិតខំដោះស្រាយបញ្ហានេះហើយប្រហែលជាមិនយូរមិនឆាប់ទេយើងនឹងឃើញមានការណែនាំមួយរបស់អន្តរក្រសួងក្នុងការគ្រប់គ្រងបញ្ហាទំាងអស់នេះហើយរហូតដល់ចេញច្បាប់ដើម្បីគ្រប់គ្រងទៀត”។

ក្នុងខណៈដែលអ្នកយកព័ត៌ចុះសង្កេតរយៈពេលប្រហែល២ម៉ោងនៅម្តុំផ្សារដើមគនិង​ផ្សារនាគមាស​នោះគេមិនឃើញមានសមត្ថកិច្ចចុះធ្វើចរាចរណ៍នោះទេបើទោះជាក្រុមអាជីវករទំាងនោះលក់​លើចិញ្ចើមផ្លូវសាធារណៈហើយ​បង្កឲ្យមាន​ការកកស្ទះចរាចរណ៍យ៉ាងណាក៏ដោយ។

ក្រៅពីម្តុំផ្សារដើមគនិងផ្សារនាគមាសគឺនៅចំហៀងម្ខាងនៃផ្លូវមុនីរ៉េតស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ក៏មានការស្ទះចរាចរណ៍ដោយសារតែការបោះដុំបន្លែនៅតាមផ្លូវសាធារណៈនេះដែរ។

ប្រធានការិយាល័យនិង​អន្តរវិស័យនិង​ជាប្រធានសណ្តាប់ធ្នាប់ខ័ណ្ឌចំការមនលោក អ៊ីវ ថាវី អះអាងថាក្រុមការងាររបស់លោក​បានចុះអប់រំណែនាំអាជីវកទាំងនោះ​ច្រើនដង​ហើយ ប៉ុន្តែលោកថាពួកគេមិនព្រម​ស្តាប់នោះទេ។ លោកថានៅយប់នេះលោកនឹងដឹកនាំក្រុមការងារចុះអប់រំអាជីវកម្តង​ទៀតដោយលោកថាបើមិនព្រម​ធ្វើ​តាម​ទេ លោកនឹង​រឹបអូសបន្លែទំាងនោះយកម​ក​ខ័ណ្ឌ។ លោកមានប្រសាសន៍ថា៖ “បើគាត់មិនគោរពតាម កម្លាំងខ្ញុំឲ្យតែធ្លាក់អីវ៉ាន់ធ្លាក់អីលក់ពេញថ្នល់ យើងខ្ញុំនឹងដកហូតយកមកទុកនៅសាលាខណ្ឌឲ្យគាត់មកធ្វើការដោះស្រាយបើគាត់មិនយកថងឬបន្ថែបីបួនប្រាំគីទ្បូៗហ្នឹងទេ យើងនឹងឲ្យចុងភៅចាត់ចែងធ្វើម្ហូបឲ្យសណ្តាប់ធ្នាប់”។

ដោយឡែករឿង​ទាលុយ​(ភាស៊ី)លោកអះអាងថា មន្ត្រីនិង​ខាងសណ្តាប់ធ្នាប់ខ័ណ្ឌចំការមនមិន​បានទារលុយ​ពីពួកគេដូច​ការ​លើកឡើ​ងរបស់​ក្រុមអាជីវកនោះ​ទេ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាការ​លក់ដូរ​លើចិញ្ចើមផ្លូវ​យ៉ាងអនាធិបតេយ្យបែបនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ លោកថាករណីដែលអាជ្ញាធរមិនទប់ស្កាត់លោកថាទំនងជា​អាជ្ញាធរទំាងនោះចូលរួមប្រព្រឹត្តអំពើពុក​រលួយ។ លោកបន្តថា៖ “បើទោះបីមិនច្រើនក៏តិចដែរពុករលួយហ្នឹងព្រោះអីអាជ្ញាធរបាន…សណ្តាប់ធ្នាប់សាធារណៈហ្នឹងដោយសារតែលុយកាក់បន្តិចបន្តួចហ្នឹងយើងចឹងបានឲ្យបញ្ហាហ្នឹងមានដំណោះស្រាយ វាជាគំរូមួយសម្រាប់ស្រោចស្រង់ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញដែរ ព្រោះអីការលក់ដូរខ្លះដែរពាក់ព័ន្ធហ្នឹងការបង់លុយបង់កាក់ជូនអាជ្ញាធរហ្នឹងហើយដែរស្ទះចរាចរណ៍ច្រើន ហើយមិនមែនតែផ្សារដើមគហ្នឹងទេមានកន្លែងផ្សេងទៀតច្រើន”។

ផ្សារ​ដើមគនិង​ផ្សារ​នាគមាសជាផ្សារបោះ​ដុំបន្លែធំជាងគេក្នុង​រាជធានីភ្នំពេញចែកចាយបន្តទៅតាម​បណ្តាខេត្ត​។ បន្លែនោះភាគច្រើន​ត្រូ​​វបានគេយកមក​ពីប្រទេសវៀតណាមនិង​មួយចំនួនទៀត​យក​មកពីបណ្តាខេត្តនានារាប់ម៉ឺនតោនក្នុងមួយថ្ងៃ​។ ចំណែកផ្លែឈើភាគច្រើននាំចូលពីប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ