លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រ​ធ្វើ​នយោបាយ​ជើង​មិនជាប់​​ដី​របស់​លោក​ សម​ រង្ស៊ី​ មាន​ប្រសិទ្ធភាព​ឬ​ទេ​? (ភាគបញ្ចាប់)

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

(តពីភាគ២)

៧. កឹម​ សុខា​, កឹម​ មនោវិទ្យា​, កូន​មិន​ខុសពី​​ឪពុក​?

មិន​មែន​សំណើដោះ​ដូរ​​នេះ​សុទ្ធ​តែអាច​​បំភ័ន្ត​មនុស្ស​គ្រប់គ្នានោះ​​ទេ!​ ​កញ្ញា​ កឹម​ មនោវិទ្យា​កូនស្រី​ច្បង​លោក​ កឹម សុខា និង​ជា​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​​នៃ​គណបក្ស​សង្គ្រោះជាតិ​ បាន​រិះ​គន់​ចំអកលើ​សំណើ​របស់​លោក​ សម​ រង្ស៊ី​ ថា​ជា​ពាក្យ​កុហក​ បង្ហាញ​ពីភាព​មិន​​ស្មោះ​ត្រង់​។​ អម​ដោយ​អត្ថបទ​របស់ Cambodia Daily មាន​ចំណង​ជើង​​​ ‘Proposed Prisoner Swap Sam Rainsy for Colleagues’ កញ្ញា​សរសេរ​លើ​បណ្តាញសង្គម​​ Twitter របស់​កញ្ញានៅ​ថ្ងៃ​ទី​១៧តុលា​២០១៦ ​ថា «​អ្នក​ខ្លះ​មើល​រឿង​ច្រើន​ពេក​ពេល​ទំនេរ​។ បើ​អ្នក​គោរព​ទស្សនិកជន​ យ៉ាង​ហោច​ណាស់​ អ្នកឯង​​គួរ​តែ​កុហកគេ​ឱ្យ​ទំនង​ជឿ​ដែរ​»។ កញ្ញាបាន​​មើល​ធ្លុះ​ការ​សម្តែងរបស់​លោក​ សម​ រង្ស៊ី​ ដែល​ធ្វើ​ជា​ចង់​ចូល​ស្រុក​ដោះ​ដូរ​អ្នក​ទោស​នយោបាយ​​ ដែល​តាម​ពិត​ លោក​បាន​​ដឹង​ជា​មុន​ថា​បក្ស​កាន់​អំណាច​នឹង​​មិន​យល់​ព្រម​​។

ក្រោយ​ពេល​លេច​ឮ​ដំណឹង​រដ្ឋាភិបាល​ហាម​មិន​ឱ្យលោក​ សម​ រង្ស៊ី​ កញ្ញា​ក៏​បាន​បញ្ចេញ​មតិ​រិះ​គន់​ម្តង​ទៀត​លើ​បណ្តាញ​សង្គម​ Twitter កាល​ពី​យប់​ថ្ងៃ​ទី​២៣តុលា២០១៦ ​ថា «អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ គឺ​នៅ​ពេល​នេះ លោក​ សម រង្ស៊ី អាច​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​និរទេស​ខ្លួននិង​មាន​ហេតុផល​ស្រប​ច្បាប់​ក្នុង​ការ​ស្ថិត​នៅ​បរទេស​បន្ត​ទៀត។ រដ្ឋាភិបាល​ខ្មែរ​នឹង​ហៅ​ស្ថានភាព​នេះ​ថា ​ឈ្នះ​ៗ គឺ​ សម រង្ស៊ី ក៏​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឈ្នះ។» បង្កប់​ន័យ​ថា​ អ្នក​ចាញ់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មេ​បក្ស​និរទេស​ខ្លួន​។ ចាប់​តាំង​ពី​បាន​លិខិតនិរទេស​​ផ្លូវការ​នេះ​មក​ ​​លោក សម​ រង្ស៊ី​ ពិត​ជា​បាន​លេស​និរទេស​ខ្លួន​ដូច​កញ្ញា​ មនោវិទ្យា​ អះ​អាង​មែន​, ឱ្យ​តែ​អ្នក​សារព័ត៌មាន​ប្រើ​ពាក្យ ​​​‘និរទេស​ដោយ​ខ្លួន​ឯង​’ (Self-exile) លោក​នឹង​​​​បដិសេធ​ឱ្យ​ប្រើ​ពាក្យ​ ‘រដ្ឋាភិបាល​និរទេស​លោក’​ វិញ​ ​ដើម្បី​បាន​លេស​បន្ទោស​រដ្ឋាភិបាល។

ឆ្លើយ​តប​នឹង​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​ភ្នំ​ពេញ​ប៉ុស្តិ៍អំពី​ការ​បញ្ចេញ​មតិ​របស់​កញ្ញា​, ​កញ្ញា​ មនោវិទ្យា​ បាន​បញ្ជាក់​ថា៖ «ដំបូង​វា​ជា​ការ​ខុស​ឆ្គង​ណាស់​ដែល​ថា​លោក​ សម រង្ស៊ី ​មាន​ជម្រើស​តែ​ពីរ​គឺ​ត្រូវ​ជាប់​​ពន្ធនាគារ​នៅ​ទី​នេះ ​ឬ​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​ការ​​​ជួយ។ សូម​មើល​លោក កឹម ​សុខា ​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មិន​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ​ពីព្រោះ​ការ​ក្រោក​ឈរ​ឡើង​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ភាព​អយុត្តិធម៌​នៅ​ទី​នេះ ​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ការ​គាំទ្រ និង​សម្រាប់​​មូលហេតុ​ទាំង​ពីរ​គឺ​អ្នក​គាំទ្រ​របស់​យើង​ និង​សហគមន៍​អន្ដរជាតិ។ ការ​តស៊ូ​គឺ​មាន​នៅ​ទី​នេះ ​បណ្តាញ​ការទូត​ក៏​មាន​ផង​ដែរ​នៅក្នុង​រាជធានី​ភ្នំពេញ។ គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​ស្ថាប័ន​នយោបាយ​ដ៏ធំ​មួយ​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​គ្រប់គ្រង​ប្រទេស [និង] តម្រូវ​ឲ្យ​មាន​មនុស្ស​ចូលរួម​មកពី​គ្រប់​កម្រិត​ផ្សេងៗ​​គ្នា​ ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​រួម​ទាំង​មេដឹកនាំ​កំពូលៗ​ផង​ដែរ»។ គេអាច​​បក​ស្រាយសម្តី​របស់​កញ្ញា​​​ថា​ ​គណបក្ស​ប្រឆាំង​មិន​មែន​ប្រកួត​ប្រជែង​ដើម្បី​ដឹក​នាំ​កម្ពុជា​ពី​បរទេស​នោះ​ទេ​, បក្ស​ប្រឆាំង​ត្រូវ​ការ​ធន​ធាន​ពី​គ្រប់​មជ្ឈដ្ឋាន​ រួម​មានវត្តមាន​​ប្រធានបក្ស​នោះ​ដែរ​​ ដូច្នេះ​និរទេស​ខ្លួន​មិន​ត្រឹម​តែ​មិន​បាន​ជួយអ្វី​​ច្រើន​ដល់​គណបក្ស​ទេ​ ដោយ​សារ​ទោះ​នៅ​ក្នុង​ស្រុក​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ខាង​ក្រៅ​ដូច​គ្នា​។

សម្តី​របស់​កញ្ញា​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ច្រើន​មជ្ឈដ្ឋាន​ ត្បិតនៅ​កម្ពុជា​ ​កម្រ​មាន​សមាជិកណា​​ហ៊ាន​រិះ​គន់​មេ​បក្ស​ណាស់​​ ប៉ុន្តែ​ការ​មិន​ពេញ​ចិត្ត​និង​ការ​រិះ​គន់របស់​កញ្ញា​ក៏​មាន​ផង​​ដែរ​។ លោក​ មាស​ នី​ បាន​អះ​អាង​តាម​រយៈ​អាស៊ី​សេរី​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​គណបក្សសង្គ្រោះ​ជាតិ​ជា​កម្លាំង​​ប្រឆាំងតែ​មួយ​គត់​ សម្រាប់​រដ្ឋាភិបាល,​ ការ​បែក​បាក់​គ្នា​នៅ​ក្នុង​បក្ស​ប្រឆាំងមួយ​នេះ ​គឺ​​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ​​​​៖ «បើ​ខ្ញុំ​ជា​កូន​លោក កឹម សុខា ខ្ញុំ​ត្រូវ​តែ​ប្រយត្នប្រយែង ព្រោះ​ជាតិ​ត្រូវ​ការ​អ្នក​រួប​រួម​គ្នា មិនមែន​ជាតិ​​ត្រូវ​ការ​អ្នក​បំបែកបំបាក់​គ្នា​​ទេបាទ​។ ហើយ​ប្រសិនជា​​សម្ដី​របស់​កូន​លោក កឹម សុខា បាន​ក្លាយ​ទៅជា​​រឿង​មួយ​បង្ក​ឱ្យ​ទៅ​ជាជម្លោះ​បែក​បាក់​គ្នានៅ​​​ក្នុង​​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​គិត​ថា​ នាង​នឹងត្រូវ​បាន​​ទទួល​នូវ​​វិប្បដិសារី និង​ការ​ជេរ​ស្ដីច្រើន​ណាស់​ពី​​មហាជនទួទៅ​»។ បើ​គេ​ពិចារណា​ពុំ​បាន​ស៊ី​ជម្រៅ​ គេ​ជឿ​លើ​ការ​វិភាគ​នេះ​ជាក់​ជា​ខាន​។ សម្តី​ខាង​លើ​បង្កប់​ន័យ​ថា​ កញ្ញា​ជា​អ្នក​បំបែក​បំបាក់​ ឬ​អាច​ធ្វើឱ្យ​​គណបក្ស​ប្រឆាំង​​ប្រេះ​ស្រាំ​ដោយការ​បញ្ចេញ​មតិឥត​ប្រយោជន៍​​​របស់​កញ្ញា​ ប៉ុន្តែ​តាម​ពិត​ទៅ​ វា​បង្កប់នូវ​​មតិ​សន្មត​ខុស​ឆ្គង​ ព្រោះ​គណបក្ស​នេះ ​មាន​ស្នាម​ប្រេះ​ស្រាំ​យូរមក​ហើយ​ តាំង​ពី​បង្កើតដំបូង​​ម្ល៉េះ​ ការ​រិះ​គន់​របស់​កញ្ញា​គ្រាន់​តែ​រោគ​សញ្ញានៃ​បញ្ហា​​ដែល​មាន​ស្រាប់ប៉ុណ្ណោះ​។ មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​សមាជិក​បក្ស​នេះ​មិន​ពេញ​ចិត្ត​នឹង​ជំហរ​របស់​មេ​បក្ស​ ជាក់​ស្តែង​លោក​ អ៊ំ សំអាន​ បាន​សម្រេច​ចិត្ត​វិល​ចូល​ស្រុក​ប្រឈម​នឹង​ពន្ធានាគារ​ ដែល​ជា​សកម្មភាព​ផ្ចាញ់​ជំហរ​និរទេសរបស់​​មេ​បក្ស​ទាំង​ស្រុង​ បើ​គេ​មាន​ឱកាស​ចោទ​សួរ​លោកអំពី​ករណី​ប្រធានរបស់​លោក​​ម្តេច​មិន​ធ្វើ​ដូចលោក​​, លោក​ សំអាន​ ដូច​សមាជិក​ឯទៀត​ដែរ​ អាច​ទំនងជា​​មិន​ហ៊ាន​ឆ្លើយ​ទេ​ ព្រោះ​ខ្លាច​អំណាច​​មេ​បក្ស​,​ ត្បិត​សមាជិក​មិន​សូវ​មាន​អំណាច​, បាន​ត្រឹម​ហៃ​អើ​​និង​ជួយ​និយាយ​ដោះ​សា​ឱ្យ​មេ​បក្ស​ប៉ុណ្ណោះ,ជា​ក់​ស្តែង​ ពេល​មាន​ជំហរ​ផ្ទុយ​គ្នា​នៃ​មេ​បក្ស​ទាំង​ពីរ​ ពួក​គេ​មិន​ហ៊ាន​បញ្ចេញ​មតិ​លើ​ជំហរ​របស់​មេ​បក្សទាំង​​ពីរឡើយ​​ ស្រប​ពេល​ដែល​គេ​ដឹង​ថា​ បក្ស​ដែលមាន​​លក្ខណៈ​ប្រជាធិបតេយ្យ​ សមាជិក​បក្សមិន​​ខ្លាច​មេ​បក្ស​ទេ​ ព្រោះ​ពួក​គេ​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​មេ​បក្ស​។ ប្រការ​នេះ ​ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ថា ​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ​មែន​ឬ​ទេ​?

ខណៈ​មាន​មតិ​ខ្វែង​គ្នា​អំពី​ជំហរ​និរទេស​របស់​លោក​ សម​ រង្ស៊ី​ ក្នុង​គណបក្ស​,​ ព្រះអម្ចាស់ស៊ីសុវត្ថិ​​ធម្មិកោ ​សមាជិក​បក្ស​ប្រឆាំងតែ​ម្នាក់​គត់​ដែល​ជាប់​ខ្សែ​រាជ​វង្ស​ នៅ​ថ្ងៃ​ទី​២៨តុលា​២០១៦ បានព្រមាន​ចាក​ចេញ​ពី​គណបក្ស ពោល​គឺ​លា​លែង​ពី​តំណែង​​ បើ​គ្មាន​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​គណបក្ស​ ពោល​គឺ​ ជាការ​កែទម្រង់​អំពី​ទម្លាប់​ធ្វើ​ការ​បែប​បក្ស​ពួក​និយម ដើម្បី​ឱ្យ​​គណបក្ស​​ទទួល​យក​យោបល់និង​ការ​​បញ្ចេញ​មតិ​របស់​មន្ត្រី​ក្នុង​បក្ស៖ «តាម​ការ​ពិត ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​យន្តការ​ដើម្បី​ជជែក​គ្នា។ ក៏ប៉ុន្តែ ក្នុង​ការ​ពិសោធ​ដែល​ខ្ញុំ​មាន​ក្នុង​រយៈពេល​បី​ឆ្នាំ បាន​ចូល​ជា​សមាជិក​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ណា​ដែល​លើក​បញ្ហា​អី​នៅ​ក្នុង​យន្តការ​ហ្នឹង ចេះ​តែ​ស្ដាប់​ចេះ​តែ​អឺ​អ៊ីចឹង តែ​អត់​មាន​ការ​អនុវត្ត​ទៅ​លើ​ការ​សម្រេច ទៅ​លើ​សំណូមពរ​របស់​សមាជិក​នីមួយៗ[ឡើយ​]» (RFA)។ […] នៅ​ខាង​ក្រោយ​ការ​រួប​រួម​រវាង​លោក​ កឹម​ សុខា​ និង​ សម​ រង្ស៊ី​ អ្វី​ផ្សេង​ទៀត​បែង​ចែក​ដាច់​ដោយ​ឡែក​ មិន​រួប​រួម​គ្នាទេ​​…ពួក​យើង​ [បក្ស​ប្រឆាំង​​] ធ្វើ​ការ​របៀប​ជា​បុគ្គល​ ដែល​មិន​មែន​គណបក្ស​នោះ​ទេ​។ (Cambodia Daily)» លោក​ អ៊ូ វីរៈ​ យល់​ស្រប​នឹង​ទស្សនៈ​ព្រះ​អម្ចាស់អំពី​ការ​ដឹក​នាំ​បក្ស​បែប​បុគ្គល​និយម​​ ដោយ​អះ​អាង​ថា​ ​ «បើ​អ្នក​មើល​ទៅ​កាន់​គណបក្ស​[សង្គ្រោះ​ជាតិ​] អ្នក​នឹងមើល​​ឃើញ​គណបក្ស​បុរស​ខ្លាំង​ មិន​មែន​ស្ថាប័ន​ខ្លាំង​ទេ​។»

ផ្ទុយ​ពី​មន្ត្រី​គណបក្សសង្គ្រោះ​ជាតិ​​ដទៃ​ទៀតដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​បញ្ចេញ​មតិ​របស់​កញ្ញា​ មនោវិទ្យា​​ ​ព្រះ​អង្គបាន​​ស្នើ​ឱ្យ​​គណបក្ស​យកចិត្តទុកដាក់ដោយ​សំអាង​ថា​ ​បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​បុគ្គល​នោះ​ទេ តែ​​ជា​បញ្ហា​នយោបាយ​ស៊ី​ជម្រៅ​​ដែល​ត្រូវ​ដោះស្រាយរក​ជំហរ​រួម​មួយ៖​ «ឯកឧត្តម សម រង្ស៊ី មិន​មែន​ជា​បុគ្គល​សាមញ្ញ​ទេ។ ឯកឧត្តម សម រង្ស៊ី ជា​មេ​បក្ស។ អ្វី​ដែល​ឯកឧត្តម សម រង្ស៊ី សម្រេច គឺ​មាន​ផលប្រយោជន៍ ឬ​ផល​វិបត្តិ​ធ្លាក់​ទៅ​លើ​គណបក្ស​ផង និង​ជះ​ទៅ​លើ​ជាតិ​ផង»។ ដើម្បី​ឈាន​ទៅ​រក​ឯកច្ឆន្ទ​ព្រះ​អម្ចាស់​ ធម្មកោ​ បាន​​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ស្ទង់​មតិ​សម្រេច​ថា​តើ​លោក សម រង្ស៊ី​ គួរ​ស្នាក់​នៅ​​បរទេស​បន្ត​ ឬ​គួរ​ត្រឡប់​ចូល​ស្រុក​​​វិញ​ ដែល​​ព្រះអង្គ​ជឿជាក់​ថា​ លទ្ធផល​ឆ្នោត​នឹង​​គាំទ្រ​​ឱ្យ​លោក​ សម​ រង្ស៊ី​ ចូល​មក​កម្ពុជា​​។ ជា​អកុសល​ ព្រះ​អង្គ​បាន​ឱ្យ​ដឹង​ថា​ គ្មាន​ការ​បោះ​ឆ្នោត​អ្វី​កើត​ឡើង​ទេ​ ដែល​មិន​មែន​ជា​ព័ត៌មាន​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​ដឹង​ពី​របៀប​ដឹក​នាំ​របស់​បក្ស​ប្រឆាំង​៖ ប្រជាធិបតេយ្យ​បែប​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ប្រធាន​បក្ស​ជា​អ្នក​សម្រេច​ជំនួស​ឱ្យ​គណបក្ស​និង​សមាជិក​ មិន​មែន​សមាជិក​សម្រេច​ចិត្ត​ឱ្យ​មេ​បក្ស​នោះ​ទេ​។ បាន​សេចក្តី​ថា​ ការ​សម្រេច​ចិត្ត​វិល​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​ ក្រោយ​ដឹង​ថា​ រដ្ឋាភិបាល​ហាម​ឃាត់​លោក​មិន​ចូល​ស្រុក​ពុំ​មែន​ជាការ​​សម្រេច​ចិត្ត​ចេញ​ពី​ការ​ប្រជុំ​សមាជិក​បក្ស​ដូច​ដែល​មេ​បក្ស​នេះ​អះ​អាង​នោះ​ទេ​ តែ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​។

លេស ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​របស់​បក្ស​ប្រឆាំង​​ពេល​ត្រូវ​បាន​ចោទ​សួរ​ពី​ការ​បែក​បាក់​ គឺ​​ទម្លាក់កំហុស​ទៅ​លើ​​គណបក្ស​ប្រជាជន,​ ហើយ​មែន​ទែន​ទៅ​ ពិត​មែន​តែ​គណបក្ស​កាន់​អំណាច​ព្យាយាម​បំបែក​មែន​ ប៉ុន្តែ​ពុំ​មែន​មាន​ន័យថា​ គ្រប់​ការ​បែក​បាក់​ទាំង​អស់​មក​ពី​បក្ស​ប្រជាជន​នោះ​ដែរ​ គឺករណី​ខ្លះ​​មក​ពីបក្ស​ប្រឆាំង​ខ្លួន​ឯង​គ្មាន​យន្តការ​​ដោះ​ស្រាយ​វិវាទ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ច្រើន​ជាង​​​។ ដូចការ​លើក​ឡើង​របស់​លោក​ អ៊ូ វីរៈ​ តាម​រយៈ​ Cambodia Daily ថា​ «គណបក្ស​នេះ​តែង​តែ​ឋិត​នៅ​ក្នុង​វិបត្តិ​។ វាជាការរួមបញ្ចូលគ្នាទៅ​តាម​ការ​សម​ស្រប​និងភាពចាំ​បាច់ប៉ុណ្ណោះ​ បក្ស​នេះ​ នៅមិនទាន់ក្លាយ​ជាគណបក្សខ្លាំងនៅឡើយទេ​។រឿង​ដែល​លេច​ធ្លាយ​ជា​សាធារណៈ​នេះ​ មានចាប់តាំងពីថ្ងៃដែលគណបក្សត្រូវបានបង្កើតឡើងដំបូង​មក​ម្ល៉េះ​ អ៊ីចឹង​វាគ្មានអីប្រែ​ប្រួល​ច្រើនទេ» បាន​សេចក្តី​ថា​ ទោះមាន​ការ​បាក់​បែក​​ក្រោយ​ការ​បញ្ចេញ​មតិ​របស់​​កញ្ញា​ មនោវិទ្យា ក៏​ដោយ​ ក៏​គេ​មិន​គួរ​បន្ទោស​កញ្ញា​ទាំង​ស្រុង​ ព្រោះ​បើ​បក្ស​បែក​បាក់គឺ​មក​ពី​បក្ស​នេះ​ងាយ​​បែក​ ទើប​សម្តី​ប៉ុន្មាន​ម៉ាត់​សោះ​​​ធ្វើ​ឱ្យ​បក្ស​បែក​បាក់​បាន​។ បើ​គេបន្ត​​ពិចារណា​អំពី​សម្តី​របស់​លោក​ មាស​ នី​ ខាង​លើ គេ​នឹង​ឃើញ​កំហុស​ជា​ច្រើន​ទៀត​ គឺ​ថា​ ​បើ​ការ​រិះ​គន់ពី​សមាជិក​បក្សទៅ​លើ​មេ​បក្ស​​​គឺ​ជា​បំបែក​បំបាក់​បក្ស​ នោះ​គឺ​ការ​រិះ​គន់​របស់​អ្នក​វិភាគជាតិទៅ​លើ​មេ​ដឹក​នាំ​ប្រទេស​ជាតិ​​ក៏​​គឺ​ជា​បំបាក់​បំបែក​ជាតិ​ដូច​គ្នា​ដែរ​ ពុំ​នោះ​ទេ​ ចៀស​មិន​ផុត​ពី​ការ​ប្រើ​ស្តង​ដារ​ពីរ​។ បើ​ការ​មិន​ហ៊ាន​និយាយ​ ឬ​មិន​ហ៊ាន​រិះ​គន់​ទើប​ជា​ជម្រើស​ល្អ​នោះ​ មាន​ន័យ​ថា​ ការ​រួប​រួម​​គ្មាន​អត្ថន័យ​អ្វី​លើស​ពី​ពាក្យ​ហៃ​អើតាមតែ​​មេ​នោះ​​ទេ​។ វិប្បដិសារី​ដែល​កញ្ញា​គួរ​មាន​មិន​មែន​ជា​ការ​បញ្ចេញ​មតិនោះ​​ទេ​ គឺជា​ការ​​ស្តាយក្រោយ​​​ដែល​មិន​អាច​ធ្វើ​អ្វី​កើត​ដើម្បី​កែ​ប្រែ​វប្បធម៌‘មេ​មិន​ចេះ​ខុស’​នេះ​។ បើ​មហាជន​ជេរ​ស្តី​កញ្ញា​ មិន​មែន​មក​ពី​កញ្ញា​សម​នឹង​ត្រូវ​គេ​ថ្កោល​ទោស​ទេ​ គឺ​មក​ពួក​គេយល់​ខុស​ឬ​​ជឿ​លើ​ការ​រិភាគ​ដែល​មិន​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​។

មតិ​ខ្លះ​ទៀត​ យល់​ថា​ ការ​បញ្ចេញ​មតិ​របស់​កញ្ញា​គឺ​ឥត​ប្រយោជន៍​ គ្មាន​ចំណេញ​អ្វី​ដល់​គណបក្ស ប៉ុន្តែ​គេ​ក៏​គួរ​គិត​ដែរ​ថា​ ការ​មិន​បញ្ចេញ​មតិ​ក៏​មិន​មែន​ចេះ​តែ​មាន​ប្រយោជន៍​នោះ​ដែរ​ បើ​ជំហរ​និរទេស​របស់​មេ​បក្ស​មាន​ផល​ប៉ះ​ពាល់មិន​ល្អ​​ដល់​ប្រជាប្រិយភាព​របស់​បក្ស​​ ស្រប​ពេល​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​​ ហើយ​បើ​មេ​បក្ស​ផ្លាស់​ប្តូរ​ជំហរ​ ព្រម​វិល​​ចូល​ស្រុក​អាច​បង្កើន​ប្រជាប្រិយ​ភាព​បក្ស​ឱ្យ​ឈ្នះ​ឆ្នោត​ តែ​មេ​បក្ស​មិន​ព្រម​មក​ ការ​រិះ​គន់​គឺ​ជា​ប្រការ​ចាំ​បាច់ មិន​មែន​ចេះ​តែ​បណ្តោយ​ឱ្យ​បុគ្គល​ម្នាក់​ ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​បក្សម្តង​ហើយ​ម្តង​ទៀត​​នោះ​ទេ​​។ មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ការ​សម្រេច​ចិត្ត​របស់​លោក​ សម​ រង្ស៊ី​ នាំ​​ទុក្ខ​ដល់​គណបក្ស​​ទាំង​មូល​។ គេ​នៅ​ចាំ​ការ​ដឹក​នាំ​សមាជិក​បក្ស​ចូល​សភា​នៅ​ឆ្នាំ​២០១៤​ ដោយ​គ្មាន​វត្តមាន​លោក​ កឹម​ សុខា​ (ព្រោះ​លោក​មិន​បាន​យល់​ស្រប)​ បាន​ធ្វើ​ឱ្យ​សាធារណជន​ខក​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ពល​រដ្ឋ​ខ្លះ​ពោល​ដោយ​អស់​សង្ឃឹមថា​ វាសនា​បក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរមិន​​ដែល​​ ណា​ឆ្ងាយ​ខុសពី​​ហ៊្វុនស៊ិនប៉ិច​, ស្រប​ពេល​ដែល​ពី​មុន​ បក្សប្រឆាំង​អះ​អាង​ថា​មិន​ចូលជា​​ដាច់​ខាត​ មិន​ចូល​សភា​ចោរ​ ក្រោយ​មក​ប្រើ​ហេតុ​ផល​ ចូល​សភា​ដើម្បី​ចាប់​ចោរ​ទៅ​វិញ​។​ យោល​តាម​បទ​ពិសោធ​នេះ​​ បើការ​​រិះ​គន់​ជំហរ​និរទេស​របស់​លោក​ សម​ រង្ស៊ី​ ដោយ​កញ្ញា​ មនោវិទ្យា​ គឺជា​​ទង្វើ​ខុស​ឆ្គង​ គួរ​​តែ​ត្រូវ​បាន​ថ្កោល​ទោស,​ នោះ​​ចង់​ឬ​មិន​ចង់​ មាន​ន័យ​ស្មើនឹងការ​​ថ្លែង​គាំទ្រ ​​​ការ​ដាក់​​វាសនា​បក្ស​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​បុគ្គលម្នាក់​ បណ្តោយ​ឱ្យ​មេ​បក្ស​ធ្វើ​អ្វី​ស្រេច​ចិត្ត​ ទោះ​បី​ជា​ទង្វើ​នោះ​មិន​ត្រឹម​ត្រូវ​ ផ្ទុយ​ពី​ឆន្ទៈ​បក្ស​ក៏​ដោយ​ ស៊ី​​គ្នា​នឹងការ​និទស្សន៍​របស់​លោក​ កែម​ ឡី​ ដែល​ថា បើ​បាន​ឡើង​កាន់​អំណាច​ ​ លោក​ សម​ រង្ស៊ី​ នឹង​ផ្តាច់​ការ​ជាង​ ហ៊ុន​ សែន​ ទៅ​ទៀត​ ​បើ​ក្នុង​បក្ស​ផ្តាច់​ការ​ប៉ុណ្ណឹង​ទៅ​ហើយ​។

ប្រាប់​លោក​ David Hutt, លោក​ស្រី​ មួរ​​ សុខ​ហួរ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ បាន​អះ​អាង​​ការ​ពារការ​​និរទេសខ្លួន​របស់​លោក​ សម​ រង្ស៊ី​ ​ថា​មិន​ប៉ះ​ពាល់ដល់​ប្រជាប្រិយ​ភាព​បក្សឡើយ​ ដោយ​សំអាង​ថា​បក្ស​មិន​ដែល​បាត់​បង់​សំឡេង​តែ​មាន​តែ​កើន​សំឡេងទៅ​វិញ​។ ទោះ​បី​យ៉ាង​ណា​ ការ​ពិត​ដែល​បក្ស​ប្រឆាំង​មិន​បាន​បាត់​បង់​សំឡេង​​មិន​អាច​យក​មក​បដិសេធ​សេចក្តី​ទោមនុស្ស​ចំពោះ​ជំហរ​រត់​ចោល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​ បាន​ឡើយ​​​ ព្រោះ​អ្នក​ដែល​បោះ​ឆ្នោត​ឱ្យ​បក្ស​ប្រឆាំង​មិន​ប្រាកដ​ថា​គាំទ្រ​នយោបាយ​និរទេស​របស់​លោក​ទេ​ គ្រាន់​តែខឹង​​ឬ​ស្អប់គណ​បក្ស​កាន់​អំណាច​ឬ​​គិត​ថាគ្មាន​​គណបក្ស​​ផ្សេងណា​​ដែល​មាន​សក្តានុពល​អាចយកឈ្នះ​គណ​បក្ស​ប្រជាជនតែ​​ប៉ុណ្ណោះ​​​​។​​​ មិន​ខុស​ការ​រិះ​គន់​នាយករដ្ឋមន្ត្រី​ ដើម្បី​ក្រើន​រំឭក​អំពីការ​ដឹក​នាំ​​មិន​ត្រឹម​ត្រូវ​របស់​លោក​និង​បក្ស​លោក​នោះ​​ទេ​ បើសមាជិក​បក្ស​ប្រឆាំង​មិនអាច​​រិះ​គន់​ប្រធាន/អនុ​ប្រធាន​​បក្ស​បាន​​ តើ​អ្វី​ជា​លក្ខណៈ​ខុស​គ្នា​រវាង​​​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន ត្បិត​ក្នុង​គណបក្ស​កាន់​អំណាច​ មិនមាន​​សមាជិក​ណា​ហ៊ាន​រិះ​គន់​លោក​ ហ៊ុន​ សែន​ នោះ​ឡើយ​ យ៉ាង​ហោច​ណាស់​ ក៏​មិន​មែន​រិះ​គន់​​ជា​សាធារណៈ​ដែរ​? ​

បើ​ក្នុង​ករណី​បក្ស​ប្រឆាំង​បែក​បាក់​​មែន​ ទោះ​សម្តី​របស់​កញ្ញា​ មនោវិទ្យា​ ជា​មូល​ហេតុ​មួយ​មែន​ឬ​មិន​មែន​ក៏​ដោយ​ ក៏​វា​មិន​មែនជា​​បុព្វហេតុ​ចម្បងនោះ​​ដែរ​ ត្បិត​ បើ​សម្តី​ប៉ុន្មាន​ម៉ាត់​អាច​ធ្វើ​ឱ្យ​គណបក្ស​នេះ​បែក​បាក់​ដូច​ការ​លើក​ឡើង​របស់​លោក​ មាស​ នី​ មែន នោះតើ​​គេ​ពន្យល់​ពី​ការ​ចាក​ចេញ​របស់​អ្នក​ឯទៀត​ដែល​សម្តែង​​ការ​មិន​ពេញ​ចិត្ត​នេះ​ដូច​គ្នាយ៉ាង​ដូច​ម្តេច​?​ ហេតុ​អ្វី​បក្ស​មិន​បែក​នៅ​កាល​នោះ​? ទោះ​បី​លិខិតក្រុម​យុវជន​គណបក្ស​​ទាម​ទារ​ដាក់​ទណ្ឌកម្ម​លើ​កញ្ញា​ ក្លែង​ក្លាយក៏​ដោយ​ (ប្រធាន​ចលនា​យុវជនគណបក្ស​សង្គ្រោះ​ជាតិ​​ លោក​ ហ៊ីង​ សុខ​សាន្ត​ បញ្ជាក់​, គេ​តែង​សង្ស័យ​បក្ស​កាន់​អំណាច​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ចែក​ចាយ​លិខិត​អានាមឹកដែល​​រក​រឿង​បក្ស​ប្រឆាំង​​)​ ក៏​វា​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លោក​ សម រង្ស៊ី​ ពិសេស​សមាជិកបក្ស​​ស្លាប​ខាង​លោក សម​ រង្ស៊ី​ ​អន់​ចិត្ត​មិន​ស្ទើរ​ដែរ​ ទោះ​បី​ពួក​គេ​មិន​បញ្ចេញ​ជា​សាធារណៈ​ក៏​ដោយ​។ សាក​ល្បង​ប្រមើល​ បើ​សិន​ជា​មិន​មែន​ជា​កូន​អនុប្រធាន​បក្ស​ ដែល​ភាសា​ប្រជាជនសាមញ្ញ​​ថា​ មាន​ខ្នង​ក្រាស់​ នោះ​ ម្ល៉េះ​ថា​មិន​ត្រូវ​ កញ្ញាអាច​​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​បក្ស​ដូច​លោក​ស្រី​ ឡាក់​ សុភាព​ ក៏​ថា​បាន​​​ ស្រប​ពេល​ដែល​គេ​ដឹងថា​ ​ នៅ​កម្ពុជា​ ប្រធាន​បក្ស​មាន​អំណាច​ខ្លាំង​លើស​លប់​លើ​សមាជិក​​ ដោយ​សារ​ប្រព័ន្ធ​សមាមាត្រា​និង​ការ​ដឹក​នាំ​បែប​ចាត់​តាំង​។បើ​កញ្ញា​ត្រូវ​បាន​ពិន័យ​ព្រោះ​រិះ​គន់​មេ​បក្ស​ នោះនឹង​កាន់​តែ​បង្ហាញ​​ថា​ កម្រិត​​ប្រជាធិបតេយ្យ​ក្នុង​បក្ស​ប្រឆាំងកាន់​តែ​​ទន់​ខ្សោយ​ បន្ទាប់​ពី​ការ​ពិន័យ​ហើយ​ថា​តើ​មាន​នរណា​ហ៊ាន​រិះ​គន់ឬ​និយាយ​ការ​ពិត​អ្វី​​ទៀត​ សូម្បី​តែជា​​កូន​ស្រី​អនុប្រធាន​ហើយ​នៅ​រិះ​គន់​មិន​បាន​ ចុះ​ទម្រាំ​យុវជន​ធម្មតា​ដែល​គ្មាន​ឪពុក​ជា​អនុប្រធាន​ទៀត​​? ទោះ​បី​យ៉ាង​ណា​ គេ​មិន​គួរ​គិត​ងាយៗ​ថា​ យុវជនបក្ស​​នឹង​ហ៊ាន​យកតាម​​គំរូ​កញ្ញា​នោះ​ទេ​ ត្បិត​គ្មាន​ខ្នង​ក្រាស​នោះ​ទេ​ ហើយ​​គេ​មិន​គួរ​រំពឹង​ដែល​ថា​ កញ្ញា​នឹង​រិះ​គន់​ឪពុក​កញ្ញា​អំពី​ការ​សំងំ​ក្នុង​បក្ស​ ព្រួយ​បារម្ភ​ពី​សុវត្ថិភាពនោះ​ដែរ​។ឧ. មិន​ខុស​ពី​លើក​ឡើង​​របស់លោក​​ឪពុក​ដែរ​ កញ្ញា កឹម មនោវិទ្យា បាន​ថ្លែង​ដោយ​បង្ហាញ​ពី​ជំហរ​ចង់​ឲ្យ​លោក​​ សម រង្ស៊ី វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​និង​ថា​បក្ស​នៅ​តែ​ដំណើរ​ការ​ធម្មតា​ ទោះ​គ្មាន​លោក​ សម​ រង្ស៊ី​។ ​ឧបមា​ថា​ កញ្ញា​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​បក្ស​ នោះ​ទើប​ធ្វើ​ឱ្យ​បក្ស​បែក​បាក់មែន​​ ព្រោះ​លោក​ កឹម​ សុខា​ មិន​ទំនង​ជា​បណ្តោយ​ឱ្យ​ស្លាប​ខាង​លោក​ សម​ រង្ស៊ី​ បំពាន​លើ​កូន​ស្រី​របស់​លោក​នោះ​ទេ​ បើ​ត្រូវ​ដេញ​ មាន​តែ​ត្រូវ​ដេញ​ទាំង​លោក​ផង​ ត្បិត​លោក​ក៏​បាន​បញ្ចេញ​មតិ​មិន​ពេញ​ចិត្ត​នឹង​ការ​និរទេស​ខ្លួន​របស់​លោក​ សម​ រង្ស៊ី​ ដែរ​។ លោក កឹម សុខា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុកមួយ​របស់​លោក​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ២០១៦ ថា «ជា​ធម្មតា​យើង​ធ្វើ​ដំណើរ​កាត់​ភ្លៀង​តែងតែ​ទទឹក​ហើយ ក៏​ប៉ុន្ដែ​បើ​ពេល​វេលា​ចាំបាច់​តម្រូវ​ឲ្យ​យើង​ទៅ​ឲ្យ​ដល់​គោលដៅ​នោះ យើង​ត្រូវតែ​ធ្វើ! យើង​ត្រូវតែ​ហ៊ាន​ប្រឈម! យើង​មិន​ត្រូវ​គេចវេះ ឬ​ខ្លាចរអា​ឡើយ។» ជាក់​ស្តែង​ណាស់​ នេះ​ជា​សម្តី​ប្រឆាំង​ការ​ធ្វើ​នយោបាយ​មិន​ហ៊ាន​ប្រឈម​របស់​លោក ​សម​ រង្ស៊ី​ ការ​ប្រើ​ពាក្យ​ប្រយោល​ ដោយ​សារ​តែ​មិន​ចង់​ឱ្យ​សាធារណមតិ​យល់ថា​​ មេ​បក្ស​ទាំង​ពីរ​ទាស់​គ្នា​ប៉ុណ្ណោះ​។

៨. យុទ្ធសាស្ត្រ​ធ្វើ​នយោបាយ​ជើង​មិន​ជាប់​ដី​និង​តាក់ទិច​បំបែក​របស់​បក្ស​កាន់​អំណាច​

ទី​បំផុតទៅ​​ ចំណាត់​ការ​បិទ​អាកាសចររបស់​រដ្ឋាភិបាល​​​​បាន​បង្ហាញថា​ ការ​ចាប់​ដាក់​គុកឃាត់​ខ្លួន​ឱ្យ​នៅ​ក្នុង​ស្រុក​​មិន​មែន​ជា​អន្ទាក់​ដូច​ដែល​លោក​ សម​ រង្ស៊ី​ យល់​ឃើញ​នោះ​ទេ​, អន្ទាក់​ពិត​ប្រាកដ​គឺ​គុកឥត​ជញ្ជាំង​​ដែល​មាន​​សេរីភាព​នៅ​​បរទេស​ដែល​បក្ស​កាន់​អំណាច​ចង់​ឱ្យ​លោក​ជាប់នៅ​ក្រៅ​ប្រទេស​មិន​អាច​ដឹក​នាំ​បក្ស​ដោយ​ផ្ទាល់បាន​​​ ហើយធ្វើ​ឱ្យ​លោក​​គិតថា​ អន្ទាក់​ឋិត​ក្នុង​ស្រុក​ទៅ​វិញ​​។ ការ​រារាំង​មិន​ឱ្យ​លោក​ចូល​ស្រុក​សបញ្ជាក់​​​ឱ្យ​ឃើញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ថា​គ្រាន់​តែ​ដើម្បី​បំភ័យ​និង​កម្លា​ប៉ុណ្ណោះ ពួក​គេ​គ្មាន​បំណង​ចាប់​ខ្លួនឡើយ​​ គ្រាន់​តែមាន​​បំណង​បណ្តេញ​ឱ្យ​នៅ​ក្រៅ​ស្រុក​ កុំឱ្យ​​ដឹក​នាំ​បក្ស​បាន​ដោយ​ស្រួល​ឬ​​កុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ ពិបាក​បំបែក​។ ឧ. លោកនាយករដ្ឋមន្ត្រី​ចាត់​ទុក​លោក​ កឹម​ សុខា​ ថា​ជា​ឆ្អឹង​ទទឹង​ក​​ ពិបាក​ធ្វើ​ការ​មួយ​ ធ្វើ​ឱ្យរាំង​ស្ទះ​ការ​ចរចាឬ​​ល្បិច​បំបែក​របស់​លោក​​​ ហើយ​​លោក​យល់​ថា​​ ដោយ​សារ​បក្ស​នេះ​អាស្រ័យលើ​​តែ​មនុស្ស​ពីរ​នាក់ បំបែក​មេ​បក្ស​បាន​ បក្សនឹង​បែក​តាម​ដំណើរ​, ​​បើ​ចង់​បំបែកពួក​គេ​ ដំបូង​ត្រូវតែ​​ធ្វើ​ឱ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពិបាក​ទាក់​ទង​គ្នា​ជា​មុន​សិន​​។​ ​

តាក់​ទិច​បំបែកនិង​កម្ទេច​​អាច​និយាយ​បាន​ថាជា​គំរូ​អាក្រក់ឬ​របៀប​ធ្វើ​នយោបាយ​ផ្តាច់​ការ​ ប៉ុន្តែ​គេ​មិន​គួរ​អះអាងថា​​​​​ភាព​គ្មាន​ការ​ឈ្លាស​វៃ​ ចាស់​គំរិល​ ​នោះ​ទេ​ ព្រោះ​តាក់ទិច​នេះផ្អែក​ទៅ​លើ​ការ​វិនិច្ឆ័យបាន​ត្រឹម​ត្រូវ​​អំពី​អត្តចរិត​របស់​អ្នក​នយោបាយ​ជា​គូ​ប្រជែង​និង​គណបក្ស​របស់​ពួក​គេ​ ហើយ​​ធ្លាប់​មាន​ប្រសិទ្ធភាព​។ ឧ. គណបក្ស​ប្រជាជន​ធ្លាប់​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិចជា​ជំរាក និង​បំបែក​ការ​ចង​សម្ពន្ធ​រវាង​បក្ស​នេះ ​និង​គណបក្ស​សម​រង្ស៊ី​បាន​ជោគ​ជ័យ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣។ តាក់ទិច​ទម្លាយ​ខ្សែ​អាត់​ឬ​រឿង​អាស្រូវ​ត្រូវ​បាន​ប្រើ​ប្រាស់​មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​មួយ​ល្មម​ដែល​អាច​ធ្វើ​ឱ្យ​ការ​ផ្គុំ​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​ សម ​រង្ស៊ី​ នៅ​ឆ្នាំ​២០១១​ បរាជ័យ​ ដោយ​មាន​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សន្ទនាតាម​ទូរ​សព្ទកាល​ពី​ឆ្នាំ​នោះ​​​រវាង​លោក​ កឹម​ សុខា​ និង​ ហ៊ុន​ សែន​ អំពីវិធី​ដណ្តើម​យក​សមាជិកពី​បក្ស ​សម ​រង្ស៊ី​​​ ដែលការ​​សន្ទនានោះ​បាន​កើត​ឡើង​​តាំង​ពី​ឆ្នាំ​២០០៧ ឯណោះ​ នេះ​បើ​តាម​ការ​រំឭក​ឡើង​វិញ ​នៅ​ក្នុង​អត្ថបទ​របស់​ Cambodia Daily ‘Hopes Pinned on Populist Appeal of Kem Sokha’។ ក៏​គួរ​រំឮក​ដែល​ថា​ លោក​ សម​ រង្ស៊ី​ ធ្លាប់​បានមាន​ប្រសាសន៍​​ចាត់​ទុក​គណបក្ស​សម​រង្ស៊ីរបស់​​លោក​ជា​គណបក្ស​ប្រឆាំងធំ​ជាង​គេ​​តែ​មួយ​គត់​ ឯ​គណបក្ស​ដទៃ​គ្រាន់​តែ​ជា​បក្ស​កំប៉េក​កំប៉ុក​ប៉ុណ្ណោះ​។ ​គណបក្ស​ពីរ​ដែលធ្លាប់​តែ​​បាច​ទឹក​គ្នា​ រួម​បញ្ចូល​គ្នា​ដោយ​សារ​តែ​ផលប្រយោជន៍​​នយោបាយ​ ជា​ជាង​​​ប្រយោជន៍ជាតិ​ ​បំបែក​គឺ​ជាតាក់​ទិច​​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ត្រឹម​ត្រូវ​ ទោះ​បី​គំនិត​អាក្រក់​ក៏​ដោយ​។ ទោះ​បី​ការ​កសាង​ខ្លួនល្អ​​ប្រសើរជាង​​បំផ្លាញ​គេ​មែន​ក៏​ដោយ​ គេ​គប្បី​យល់​ថា​ មិន​មែន​អ្នក​នយោបាយ​ទាំង​អស់សុទ្ធ​តែ​​បោះ​បង់​ផ្លូវ​វៀច​នោះ​ទេ​។ ទោះ​បី​យ៉ាង​ណា​ តាក់ទិច​បំបែក​ជា​មុន​ កម្ទេច​ជា​ក្រោយ​​មិន​មែន​បាន​ផល​វិជ្ជមាន​ដល់​អ្នក​ប្រព្រឹត្ត​រហូត​ទេ​ ក្នុង​លក្ខខណៈ​ខ្លះ​ វា​ទទួល​លទ្ធផល​ផ្ទុយ​ ពិត​ណាស់​ វា​​​បាន​បរាជ័យ​ក្នុងការ​​រារាំង​ការ​រួមគ្នា​បង្កើត​បក្ស​សង្គ្រោះ​ជាតិ​ បក្ស​ទាំង​ពីរ​នៅ​តែ​ច្របាច់​បញ្ចូល​គ្នា​បាន​ ទោះ​បី​ស្លាប​ខាង​រង្ស៊ី ​និង​សុខា​នៅ​តែ​មិន​ចុះ​សម្រុង​គ្នា​ ​(បុគ្គល​ឯករាជ្យ​ ដូច​ជា​ អ៊ូ វីរៈ​, កែម ឡី​​, ប៊ុត​ ប៊ុនតិញ​…បញ្ជាក់​ថា​បក្ស​ទាំង​ពីរ​នៅ​តែ​មិន​ចុះ​សម្រុង​ប្រកាន់​បក្ស​ពួក​, អ្នក​ធ្លាប់​គាំទ្របក្ស​នេះ​​បាន​ប្រែ​ចិត្តទៅ​បង្កើត​បក្ស​ខ្លួន​​ឯង​ដូច​ជា​ ឡាក់​ សុភាព​, ម៉ម​ សុម៉មដូ​, គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ ​អះ​អាង​ថាធ្លាប់​​ផ្តល់​យោបល់​ទៅ​បក្ស​នេះដែរ​​ តែ​គេ​មិន​ទទួល​ ទើប​ទៅ​បង្កើត​បក្ស​ខ្លួន​ឯង​​។)។ ការ​ទម្លាយ​ខ្សែ​អាត់​សន្ទនា​រវាង​លោក​ ហ៊ុន​ សែន​ និង​ សម​ រង្ស៊ី​ ដោយ​គ្មាន​វត្តមាន​លោក​ កឹម​ សុខា​ បាន​បរាជ័យ​មិន​អាច​បំបែក​ពួក​គេ​ទាំង​ពីរនៅ​ឆ្នាំ២​០១៤,​ ការ​គំរាម​ទម្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​លោក​ កឹម​ សុខា​ជា​មួយ​និង​ស្រី​កំណាន់​ ជា​ថ្នូរ​នឹងការ​​ទម្លាក់​លោក​ សម​ រង្ស៊ី​ ចេញ​ពី​បក្ស​ ហើយឱ្យ​​លោក​ឡើង​ធ្វើ​ប្រធាន​បក្ស​ខ្លួន​ឯង​ បរាជ័យ​ម្តង​ទៀត​, ការ​ទម្លាយ​ខ្សែ​អាត់​សន្ទនា​រវាង​លោក​ ហ៊ុន​ សែន​ និង​ កឹម​ សុខា​ នៅ​ខែ​មីនា​ ឆ្នាំ២​០១៧ ក្នុង​បំណង​ផ្សព្វ​ផ្សាយ​ថា​លោក​ កឹម​ សុខា​ ជា​មនុស្ស​របស់​លោក​ ហ៊ុន​ សែន​…អត់​ប្រសិទ្ធភាព​ទៀត​។ ផ្ទុយ​ទៅ​វិញ​ បក្ស​ប្រជាជន​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាជនជា​​ច្រើន​ ដែល​ស្អប់​ខ្ពើម​តាក់ទិច​នយោបាយ​អបលក្ខណ៍​ទាំង​នេះ​។

តាក់ទិចដដែលៗ ​ពុំ​មាន​ប្រសិទ្ធភាព​រហូត​នោះ​ទេ​ ចុះ​ហេតុ​អ្វី​ពួក​គេ​នៅ​តែ​ប្រើ​ បើ​​ប្រសិទ្ធភាពថម​ថយ​​ទៅ​ហើយនោះ​​​? តើ​​នេះ​មិន​មែន​បង្ហាញ​ពី​ភាព​គ្មាន​ឈ្លាស​វៃ​ទេ​ឬ​? ទី​១​ មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​មាន​សមត្ថភាព​ចេះ​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​តាក់ទិច​ដែល​ខ្លួន​ប្រើ​ប្រាស់​នោះ​ទេ​ មិន​សំខាន់​ថា​តើ​​តាក់ទិច​នោះ​សម​តាម​បំណង​ឬ​អត់​នោះ​ទេ​ សំខាន់​គឺ​អ្នក​អនុវត្ត​អាច​មិន​នឹក​តាក់​ទិច​ថ្មី​ ឬ​គិតថា​​តាក់ទិច​ចាស់​ត្រឹម​ត្រូវ​និង​បាន​ផល​គឺ​ជា​ការ​ស្រេច​ ដោយ​មិន​ចាំ​បាច់​គិត​ពី​លក្ខខណ្ឌ​ដែល​ថា​ ការ​គិត​របស់​ពួក​គេ​ត្រឹម​ត្រូវ​ឬ​អត់​​។ ទី​២ គួរប្រឹង​​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ មិន​គួរ​ឈ្នានីស​បក្ស​ដទៃ​គ្រាន់​តែ​ជា​យោបល់​ល្អ​ពី​អ្នក​វិភាគ​តែ​ប៉ុណ្ណោះ មែន​ទែន​ទៅ​ បក្ស​កាន់​អំណាច​បាន​ព្យាយាម​ដែរ​ តែ​ទទួល​បាន​ការ​គាំទ្រ​តិច​តួច​ ដោយ​សារ​តែ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទៅ​មិន​រួច​ ពី​ព្រោះ​ប្រព័ន្ធនយោបាយ​​នេះ​ស៊ី​ជ្រៅ​និង​ដុះ​ស្លែ​ទៅ​ហើយ, បើ​ប្រកួត​ប្រជែង​តាមរបៀប​​ប្រជាធិបតេយ្យ​ស្មើ​ភាព​គ្នា​នឹង​មិន​អាច​ឈ្នះ​ទេ​​ ដូច្នេះ​មាន​តែ​កម្ទេច​គូ​ប្រជែង​ប៉ុណ្ណោះ​ ទើប​មាន​សង្ឃឹម​កាន់​អំណាច​បន្ត​។ ​

លោក​ កែម​ ឡី​ បាន​មើល​ឃើញ​ពី​ចំណុច​នេះ​យូរ​មក​ហើយ។​​ ​នៅ​ក្នុង​វេទិកា​អាស៊ី​សេរីថ្ងៃ​ទី១១ មេសា​​ ២០១៦ លោក​បាន​អះ​អាង​ថា ​«ក្នុងឆាកនយោបាយរបស់គណបក្សកាន់អំណាចដែលខ្ញុំ​មើល​ឃើញ​គាត់​ឈ្នះកន្លងមក មែន​​ឈ្នះដោយសារការប្រកួតប្រជែងគំនិតទេ មែន​ឈ្នះ​ដោយ​សារ​ការប្រកួតប្រជែងគោលនយោបាយទេ គឺ​ឈ្នះ​ដោយ​សារ​វាយ​កម្ទេច​គូ​ប្រកួត​។ ខ្ញុំ​ឧទាហរណ៍ដូច​ឆ្នាំ​១៩៩៧​ គាត់​ដឹង​ថា​ឆ្នាំ១​៩៩៣ ចាញ់​ បើ​ទុកហ្វ៊ិនស៊ីនប៉ិចឲ្យបោះឆ្នោតនៅឆ្នាំ១៩៩៨ទៀត គឺ​មិន​អាច​ឈ្នះ​បាន​ទេ​ អ៊ីចឹងគាត់​ត្រូវ​តែ​កម្ទេច​ចោល​​​​។ ដូចគ្នានោះ​ដែរ ក្នុងឆ្នាំ​២០១៣​នេះ បើសិនជាទុកសង្គ្រោះជាតិឱ្យ​មានការបោះឆ្នោតរហូតដល់ឆ្នាំ២០១៧-២០១៨ គឺ​គណបក្ស​ប្រជាជនមិនអាចឈ្នះបានទេ អ៊ីចឹង គាត់រកវិធីសាស្ត្រកម្ទេច គណបក្សសង្គ្រោះជាតិ​ទៅ​វិញទេ​។»​ លោក​ ជុន​ ច័ន្ទបុត្រ​ នៅ​ក្នុង​វេទិកា​អាស៊ីសេរី ​ថ្ងៃ​ទី​២៣ខែ​កក្កដា២០១៦ ប្រធាន​បទ​ ‘ឃាតកម្ម​បណ្ឌិត កែម ឡី និង​ករណី​ចោទ​ប្រកាន់​រឿង​ស្នើ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារ​សម្លៀកបំពាក់’ បាន​រំឮក​ពី​ការ​សន្ទនា​ក្រៅ​ឆាក​រវាង​លោក​និងលោក​ កែម​ ឡី​ ប៉ុន្មាន​សប្ដាហ៍​មុន​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ មក​​សួរ​បញ្ជាក់​លោក​ សម​ រង្ស៊ី​៖ «គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ទុក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​មេ​ដឹក​នាំ​ពីរ​ធ្វើ​ការ​​រួម​​គ្នា​ទេ​។…ប្រសិន​បើ​គេ​ទុក​ឱ្យ​លោក​ កឹម​ សុខា​ នៅ​ក្រៅ​គុក​ គឺ​គេ​នឹង​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​លោក​ កឹម​ សុខា​ ទាត់​លោក​ សម​ រង្ស៊ី​ ចោល​ ដើម្បី​ឱ្យ​លោក​ កឹម​ សុខា​ ឡើង​ធ្វើ​ប្រធាន​។ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ធ្វើ​ឱ្យ​លោក​ កឹម​ សុខា​ ទាត់​លោក​ សម​ រង្ស៊ី​ ចោលបាន​ទេ​ គេ​នឹង​ត្រូវ​រ៉ូវ​គ្នាជា​មួយ​នឹង​លោក​ សម​ រង្ស៊ី​​…បើក​ផ្លូវ​ឱ្យ​លោក​ សម​ រង្ស៊ី​ ចូល​មកប្រទេស​​កម្ពុជា​​វិញ​ ហើយ​គេ​នឹងរក​រឿង​​ដើម្បី​ចាប់​លោក​ កឹម​ សុខា​ ដាក់​គុក​។…រឿង​មួយ​ដែល​គេ​អាច​ចាប់​លោក​ កឹម​ សុខា​ ដាក់​គុក​បាន​ គឺ​បទ​ជួញ​ដូរ​មនុស្ស​ នាំ​មនុស្ស​ទៅ​បរទេសអី​​ជា​ដើម​។» ទោះ​បី​លោក​ សម​ រង្ស៊ី​ យល់​ស្រប​នឹង​ទស្សនៈ​របស់​លោក​ កែម​ ឡី​ ​ខាង​លើ​នេះ​ក៏​​ដោយ​ ក៏​ការ​អនុវត្ត​នយោបាយ​ជើង​មិន​ជាប់​ដី​ បានចូល​ស៊ង​​តាក់ទិច​បំបែក​របស់​លោក​ ហ៊ុន​ សែន​ ដោយលោក​​ខ្លួន​ឯង​ តិច​ឬ​ច្រើន​ ដោយ​សារ​តែ​ការ​ធ្វើ​នយោបាយ​ឱ្យ​តម្លៃ​លើ​សមរភូមិ​ក្រៅ​ស្រុក​ជាង​ក្នុង​ស្រុក​ ឧស្សាហ៍​ចាក់​ចេញ​ទៅ​ក្រៅ​ប្រទេស​ញឹក​ញាប់​ជាង​ចុះ​មូលដ្ឋាន​ និង​ចាក​ចេញ​មិន​ចូល​ស្រុក​វិញ​ពេល​រង​បណ្តឹង​តុលាការឬ​ការ​ចាប់​ខ្លួន​​, បើក​ឱកាស​ឱ្យ​លោក​ ហ៊ុន​ សែន​​ អាច​បង្វិលលោក​ សម​ រង្ស៊ី​ បាន​តាម​អំពើ​ចិត្ត​ពោល​គឺ​បណ្តេញ​ឱ្យ​រត់​ចោល​ស្រុកបាន​​ដោយ​គ្រាន់​តែ​សើ​រើ​ករណី​ចាស់​ អាច​បង្កើត​គម្លាត​ឱ្យ​លោក​នៅ​ឆ្ងាយ​ពី​លោក​ កឹម​ សុខា​ រួច​​ហើយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​លោក​ កឹម​ សុខា ស្រប​​គ្នា​​នោះដែរ​​។

ទន្ទឹម​នឹង​សាធារណមតិ​មួយ​ចំនួន​យល់​ថា លោក​និរទេសខ្លួន​​ព្រោះ​រឿង​ក្តី​ក្តាំ​​ លោក​ អ៊ូ វីរៈ​ យល់​ថា​វា​ក៏​ជា​របៀប​ធ្វើ​នយោបាយ​របស់លោក​ សម​ រង្ស៊ី​ ផង​ដែរ​។  នៅ​ក្នុង​កម្មវិធីវិទ្យុរបស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក អ៊ូ វីរៈ ​បាន​លើក​ឡើង​ថា ​«លោក​ សម​ រង្ស៊ី​…កាល​គាត់​នៅ​ក្នុង​ស្រុក​ គាត់​មិន​ចូល​ចិត្ត​ទេ​។ ចឹង​បានខ្ញុំ​ចួន​កាល​ ​​ចេះ​តែ​និយាយ​សើច​ជា​មួយ​បរទេស​ថា​ គាត់​ធ្វើ[ជា​]​អ្នក​នយោបាយបារាំង​​នៅ​ប្រទេស​បារាំង​, ល្អ​ គាត់​ពូកែ​ ប៉ុន្តែ​ក្នុង​ស្រុក​ គាត់​អត់​សូវ​ពូកែ​ទេ​ ដោយ​សារ​អី?​ [ទី​មួយ​] គាត់​ពូកែតែ​ធ្វើ​ជា​សកម្មជន​ទេ​ ​ ​គាត់​ពូកែ​ក្នុង​​ការ​តវ៉ា​បាតុកម្ម​…ដូច​មេសហជីព​មួយ​អ៊ីចឹង​…ដូច​មេ​សហជីព​នៅ​ស្រុក​គេអ៊ីចឹង​​ នៅ​ស្រុក​គេ​ ​គេ​ធ្វើ​ចឹង។​​ ទី​ពីរ​ គាត់​​អត់​ចូលចិត្ត​​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ។​ ពេល​ដែល​គាត់​ត្រូវ​បាន​គេ​រារាំង​តាម​ផ្លូវ​ច្បាប់​ គាត់ចូល​ក្នុង​ស្រុក​បួន​ឆ្នាំ​​ ដល់​ពេល​គេ​ព្រម​ឱ្យ​ចូល​មក​ក្នុង​ស្រុក​ គាត់​ចូល​ក្នុង​ស្រុក​បាន​តែ​មួយ​ភ្លេត​ គាត់​ទៅ​ទៀត​​បាត់​…មួយភ្លេត​​សោះ​​ ទៅ១០​ថ្ងៃ​​​ទៀត​ ដល់​ទៅ​១០ថ្ងៃ​ ​មក​វិញ ​បាន​ប្រហែល​មួយ​អាទិត្យទៀត​ទៅ​​ គាត់​ទៅ​បាត់​ទៀត​ទៅ​។ ចឹង​បាន​ន័យ​ថា​ ទោះ​បី​គាត់​អត់​មាន​រឿង ​ក៏​គាត់​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង…តាម​ពិត ​គាត់​គួរ​ចំណាយ​ពេល​វេលា​ភាគ​ច្រើន​ក្នុង​ការិយាល័យ​គាត់​​ ហើយ​និង​ភាគ​មួយ​ចំនួន​ នៅ​តាម​ជនបទ ជា​មួយ​នឹង​ប្រជាពលរដ្ឋ​ ដើម្បី​ស្គាល់ពី​​បញ្ហា​ប្រជាពលរដ្ឋ​​ ហើយ​និង​មួយ​ចំនួន​ ដើម្បី​ចួប​អ្នក​ជំនាញ​យក​​យោបល់​គេ ប៉ុន្តែ​គាត់​បែង​ចែក​ភាគ​ច្រើន​ផ្ទុយ​ពី​ហ្នឹង​​។…ដល់​ក្រៅ​ប្រទេស​ហើយ​គឺ​គាត់​និយាយ​ឈប់​គិត​ហើយ​ គាត់​និយាយ​ឈប់​ធ្វើ​ជា​គណបក្ស​ឬ​មួយ​ក៏​ជា​អ្នកនយោបាយរបៀប​​ជា​​អ្នក​ឈាន​ទៅ​រក​ការ​ដឹក​នាំ​ហើយ​ គាត់​និយាយ​ជា​​អ្នក​សកម្មជន​ទៀត​។» ការ​អះ​អាង​របស់​លោក​ វីរៈ​ ត្រឹម​ត្រូវ​ដែល​ថា​ បក្ស​ប្រឆាំង​ធ្វើ​នយោបាយមិន​មែន​ក្នុង​របៀប​ជា​គណបក្ស​នយោបាយទេ​ ​តែ​​គឺ​ដូច​សហជីព ត្បិត​តាំង​បង្កើត​ដំបូង​មក​ម្ល៉េះ​ គណបក្ស​ជាតិ​ខ្មែរ​​ឬគណ​សម​រង្ស៊ី​ យក​កម្មករ​កម្មការិនី​ជា​មូលដ្ឋាន​ការ​គាំទ្រ​និង​ការ​ធ្វើ​បាតុកម្ម​, ចលនា​សហជីព​ដំបូង​គេ​នៅ​កម្ពុជា​ គឺ​ផ្តើម​ចេញ​ពីគណ​បក្សប្រឆាំង​​​នេះ​ឯង​ គួរ​កុំ​ភ្លេច​ដែរ​ថា​ ជា​ វិជ្ជា​ អតីត​មេ​សហជីព​ដ៏​ល្បីល្បាញ​​គឺ​ជា​សមាជិក​គណបក្ស​សម​រង្ស៊ី​​។ យ៉ាង​ណា​ក៏​ដោយ​ សម្តី​របស់​លោក​ វីរៈ​ ក៏​មិន​ត្រូវ​ទាំង​ស្រុង​ដែរ​ ត្បិត​ករណី​ដែល​បក្ស​កាន់​អំណាច​ក្តោប​ក្តាប់​ស្ថាប័នរដ្ឋ​សឹង​ទាំង​ស្រុង​​ រាល់​ដំណើរ​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​ដើរ​តាម​យន្តការស្ថាប័ន​ ​ដូច​ជា​ ស្វែង​រក​អន្តរាគមន៍​តុលាការ​, សភា​, ​រដ្ឋាភិបាល​ឬ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច, ចរចា​, ដាក់​ញត្តិ​​, សើរើ​វិវាទ​ការ​បោះ​ឆ្នោត​…​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ​ ដូច្នេះ​ហើយ​បក្ស​ប្រឆាំង​គ្មាន​ជម្រើស​អ្វី​ច្រើន​ ក្រៅ​ពី​ដើរតាម​យន្តការ​ក្រៅ​ស្ថាប័ន​ ពោល​គឺ​បាតុកម្ម​ ការ​ធ្វើ​នយោបាយរបៀប​ជា​សកម្មជន​ឬ​សហជីព​ក៏​ទាស់​ខុស​ណាស់​ណា​ដែរ ទោះ​បី​បក្ស​ប្រឆាំង​គួរ​តែ​ផ្តោត​លើ​គោលនយោបាយ​មែន​ក៏​ដោយ​​​,​​ អ្នកអះ​អាង​ថា​ បាតុកម្ម​មិន​មែន​ដំណោះស្រាយ​ ពី​ព្រោះ​ពួក​គេមើល​ឃើញ​​ឥទ្ធិពល​នៃ​បាតុកម្ម​ទៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​​ឧ. ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ច្រើន​កើត​ឡើង​ក្រោយ​មាន​បាតុកម្ម (ផ្តុំ​គ្នា​តវ៉ា​)​ឬ​កូដកម្ម​ (ផ្អាក​ពលកម្ម​ឬ​ធ្វើ​ចូល​ធ្វើ​ការ​មួយ​រយៈ​) ពី​កម្មករ​។

ដល់​ក្រោយពេល​​ដែល​រដ្ឋាភិបាល​ហាមជា​ផ្លូវ​ការ​​ ទើប​លោក សម​ រង្ស៊ី​ ​ធ្វើ​ជា​ចង់​ស្រុក​វិញ​ ​ហើយពេល​​រដ្ឋាភិបាល​មិន​ទាន់​​បាន​​​ហាម​លោកក៏​ពុំ​ព្យាយាម​មក បែរ​ជា​ប្រឹង​ប្រែង​និយាយ​ការ​ពារ​ជំហរ​និរទេស​ជា​និច្ច​កាល​​​ ដែល​នាំ​អ្នក​ខ្លះ​ជា​ចេតនា​ក្រឡេក​ក្រឡុច​។សកម្មសង្ឃ​ ប៊ុត​ ប៊ុនតិញ​ មាន​មន្ទិល​សង្ស័យ​ចំពោះ​ជម្រើស​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​ ដោយ​​មាន​សង្ឃដីកា​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​«​​លោក សម រង្ស៊ី មិន​ចាំបាច់​រង់ចាំ​រដ្ឋាភិបាល[ទេ​]។ ហេតុអ្វី​គាត់​កំពុង​រង់ចាំ​រដ្ឋាភិបាល​ផ្តល់​ឱកាស​ឲ្យ​គាត់​? ​ពួកគេ​មិន​ដែល​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ទេ ​ដូច្នេះ​កុំ​ចាំ​»​។ «​មក​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​មាន​តាមរយៈ​កប៉ាល់ រថយន្ត​ក្រុង​ រថយន្ត​ផ្សេងៗ​ តាម​មធ្យោបាយ​​ណា​ក៏ដោយ​ឲ្យ​តែ​មក​។ ​ប្រសិន​បើ​រដ្ឋាបាល​ហ៊ាន​​ចាប់​ខ្លួន​លោក សម រង្ស៊ី ឬ​សម្លាប់​លោក សម រង្ស៊ី វា​មាន​ន័យ​ថា​លោក​នឹង​ក្លាយ​ជា​វីរបុរស​»។ ដូច្នេះ​ មិន​មែន​មាន​តែ​តាម​ផ្លូវ​អាកាស​នោះទេ​ មូល​ហេតុ​ទំនង​ជាង​គេ​ដែល​ជំរុញ​ឱ្យ​លោក​ពុំ​ព្យាយាម​ស្វះ​ស្វែងរក​​មធ្យោបាយផ្សេង​​ទៀត​ ​​គឺ​មក​ពី​លោក​មិន​ទាន់​ចង់​ចូល​មក​កម្ពុជា​វិញ​។គេ​អាច​និយាយ​បាន​​ថា​ លោក​ពិតជា​​ចង់​ត្រលប់​ចូល​កម្ពុជាវិញ​ត្បិត​បើ​ថា​មិន​ចង់​ទាំង​ស្រុង​ក៏​វា​មិន​ទំនងដែរ​​ (ត្បិត​លោក​តែង​តែ​ព្យាយាម​រក​អន្តរាគមន៍​ដើម្បី​បាន​ចូល​ស្រុក​ចូលមុន​​ការ​បោះ​ឆ្នោតជា​និច្ច​កាល​​​)​ ពិសេស​ពេល​ជិត​បោះ​ឆ្នោត​ តែ​មិន​ទំនង​ជា​ចង់​រយៈពេល​​យូរ​ដែរ​។​ ​អ្វី​ដែល​គេ​ច្បាស់​បាន​គឺ​ថា​ លោក​នឹង​មិនទំនង​ជា​​កែ​​ប្រែ​របៀបធ្វើ​​នយោបាយជើង​មិន​ជាប់​ដី​​ ឬ​នឹង​​​ឱ្យ​តម្លៃ​លើ​ការ​​​ស្នាក់​នៅ​កម្ពុជាច្រើន​ជាង​ទស្សនកិច្ច​ទៅ​បរទេស​នោះ​ឡើយ​​​ ត្បិត​សម្រាប់​លោក​ ការ​និរទេស​ខ្លួន​ឯង​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ឯ​ការ​និយាយ​ការ​ពារ​ជម្រើស​និរទេស​នេះ​ក៏​មាន​ហេតុផល​ច្រើន​សំបូរ​ ហេតុ​ផល​ទាំង​អស់​នោះ​ពុំបាន​បង្ហាញ​ថា​ លោក​ចង់​វិញ​ត្រលប់​ចូល​កម្ពុជាតាម​​​ពាក្យ​សន្យា​ឡើយ​​។ សូម្បី​តែ​ពេល​រដ្ឋាភិបាល​បិទ​អាកាសចរ​​មិន​ឱ្យលោក​ចូល​ស្រុក​ក៏​លោក​នៅ​តែ​ជឿ​ជាក់​លើ​​ទ្រឹស្តីនយោបាយ​ជើង​មិន​ជាប់​ដីដដែល​​ មិន​គិត​ថា​រដ្ឋាភិបាល​ហាម​ឃាត់​លោក​ ព្រោះ​ការ​វិល​ចូល​ស្រុក​ជា​ជម្រើស​ត្រឹម​ត្រូវ​នោះ​ទេ​​។ លោក​ សម​ រង្ស៊ី​ មិន​បាន​បញ្ចេញ​មតិ​ទៅ​លើ​ការ​ធ្វើ​នយោបាយ​ជើងជាប់​​ដី​របស់​លោក​ កឹម​ សុខា​ ថា​តើ​ត្រឹម​ត្រូវ​ឬ​អត់​ទេ​តែលោកបាន​​​ធ្វើ​ឱ្យ​សម​ហេតុ​ផល​រវាង​ជម្រើស​​នយោបាយ​ពីរ​ផ្ទុយ​គ្នា​ថា​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​។ជា​សម្តី​ទំនង​ជាមិន​​ច្បាស់​ទេ​ ប៉ុន្តែ​ជា​សកម្មភាព​របស់​លោក​ សម​ រង្ស៊ី​ ដែល​ឧស្សាហ៍ទៅ​​​ក្រៅ​ប្រទេស​វិញ​ បង្ហាញ​ពី​គំនិត​របស់​លោក​ថា​​ លោក​ កឹម​ សុខា​ ​ស្នាក់​នៅ​កម្ពុជា​ ក្រោម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​បក្ស​កាន់​អំណាច​ ​ជា​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ឥត​ប្រយោជន៍។ ​បើ​ខ្ចី​ពាក្យ​របស់​លោក​ សម​ រង្ស៊ី​, លោក​នឹង​មិន​លេង​ល្បែង​នយោបាយ​អយុត្តិធម៌​នោះ​ទេ​ មាន​ន័យ​ថា​​ ល្បែង​នយោបាយ​ យុត្តិធម៌​បានលេង​​ ស្រប​ពេល​ដែល​គេ​ដឹង​ថា​ លោក​ ហ៊ុន​ សែន​ មិន​ដែល​អនុញ្ញា​ឱ្យ​គូ​ប្រជែង​របស់​លោក​លេង​ល្បែង​នយោបាយ​ជា​មួយ​លោក​ដោយ​យុត្តិធម៌​នោះ​ឡើយ​។ ដោយ​មិន​ដឹង​ថា​ ពេល​ណាល្បែងនេះ​​មាន​យុត្តិធម៌​ ក៏​មិន​ដឹង​ថា​ ពេល​ណា​ដែល​គណបក្ស​ប្រឆាំង​មិន​ប្រឈម​នឹង​ហានិភ័យ បក្ស​ប្រឆាំង​តែង​​ប្រឈម​ហានិភ័យ​តាំង​ពី​បង្កើត​ដំបូងមក​​ម្ល៉េះ​​ ដូច្នេះ​គេ​ក៏​ពុំ​ដឹង​ថា​  ពេល​ណា​ទើប​លោក​ សម​ រង្ស៊ី​ ហ៊ាន​លេង​ឬ​ប្រឈម​នោះ​ដែរ​។

ជា​សេចក្តី​សន្និដ្ឋាន​ យុទ្ធសាស្ត្រ​ធ្វើ​នយោបាយ​ជើង​មិន​ជាប់​ដី​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​រំដោះ​កម្ពុជា​ពី​របប​ផ្តាច់​ការ​ឬ​ការ​ពារ​កម្ពុជា​ពី​ឥទ្ធិពល​វៀតណាម​នោះ​ទេ​។ ទោះ​បី​គេ​មិន​ដឹងថា​​​ គំរូ​​និរទេសខ្លួន​ម្តង​ហើយ​ម្តង​ទៀត​​របស់​​លោក​ សម​ រង្ស៊ី​ ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​នយោបាយ​ឬ​សកម្មជនដទៃ​ទៀតកម្រិត​ណា​​ក៏​ដោយ​ក៏​នៅ​តែ​មានអ្នក​​ដែល​​អនុវត្តព្រម​ទាំង​អ្នក​មិន​អនុវត្ត​​ទ្រឹស្តីធ្វើ​​នយោបាយ​ត្រូវ​រត់​ចោល​ស្រុកនេះ​​ ពី​ព្រោះ​មិន​មែន​សកម្មជន​​ទាំង​អស់សុទ្ធ​តែ​​ចំណាយ​ពេល​សិក្សា​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​នេះ​ទាំង​អស់​គ្នា​នោះ​ទេ​។ តួ​យ៉ាង​ សកម្មជន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ​ហ៊ាន​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ ឧ. អ្នក​ស្រី​ ទេព​ វន្នី, សកម្មជន​មាតាធម្មជាតិ​ខ្លះ​សុទ្ធ​ចិត្ត​ជាប់​ពន្ធនាគារ​រហូត​មាន​ដោះលែង​​ ខ្លះ​ទៀត​ភៀស​ខ្លះ​ទៅ​បរទេស​គេច​ពី​បណ្តឹង​តុលាការ​, អ្នក​វិភាគ​ឯករាជ្យ​ លោក​ គឹម​ សុខ​ រង​បណ្តឹង​សុខ​ចិត្ត​ជាប់​គុក​ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ ដូច​មាន​ លោក​ អ៊ំ សំអាន​ សុខ​ចិត្ត​នឹង​ការ​ជាប់​ពន្ធនាគារ​​​​។ល។ ពួក​គេ​ទាំង​អស់​នោះ​ឋិត​ក្នុង​ស្ថានភាព​ដូច​គ្នា តែ​សម្រេច​ចិត្ត​ខុស​គ្នា​ ដល់​ទី​បំផុត​ទៅ​ លោក​ សម​ រង្ស៊ី​ នៅ​តែ​ជា​បុគ្គល​ដែល​អាច​ចាត់​ទុក​ថា​ជា​អ្នក​អនុវត្តបាន​​ជាប់​លាប់ជាង​គេ​​ នូវ​ទ្រឹស្តី​ធ្វើ​នយោបាយ​ត្រូវ​ចោល​ស្រុក​​ឬ​យុទ្ធសាស្ត្រ​ធ្វើ​នយោបាយ​ជើង​មិនជាប់​​ដី​។ ដូច​ការ​លើក​ឡើង​របស់​លោក​ អ៊ូ រិទ្ធី ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ​​ «លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​និមិត្តរូប​​នៃ​ការ​ផ្លាស់​ប្តូ​រនៅ​កម្ពុជា​​ ប៉ុន្តែ​​លោក​ខ្លួន​ឯង​ពុំ​ដែល​បាន​ផ្លាស់​ប្តូរ​នោះ​ទេ​។ និយាយ​ឱ្យ​ចំ​ លោក​នៅ​តែ​ជា​ជន​កំសាក​៕»

ដោយ​ ទេព​ រ៉ានិត              

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ