ថៅកែ​​​​ផលិតកម្ម Galaxy ​ដល់​​ម៉ោង​ដេក​ភ័យ

លោក ឡេង ណាវ៉ាត់ត្រា

ក្នុងពិធីចែកអំណោយប្រមាណ​​​​​៤ ៥០០​ដុល្លារ​ ដល់​សហគមន៍​ក្រីក្រ​នៅ​ស្រុកគង​ពិសី​ ក្នុង​ខេត្ត​​កំពង់ស្ពឺ កាលពី​​រសៀលថ្ងៃ​ទី​​​៥ មេសា ​​ផលិត​ករ​រឿង​ «​​​កំពូលល្ងង់​នៅ​​អាស៊ី»​ លោក ឡេង ណាវ៉ាត់ត្រា ​ដែលត្រូវ​គេ​ស្គាល់​ថា​​ជា​ថៅកែ​​ដីធ្លីផង បានអះអាង​ថាខ្លួន​មានរឿង​​​ដេកភ័យ។ ​លោកអះអាងថា​ ស្ថានភាព​ដែលខ្លួន​បានជួប​ប្រទះ ហាក់ធ្វើអោយលោកមិនសូវ​ស្រឡះចិត្ត​​នា​ពេលចុ​ងក្រោយនោះ​​ផង​។

​​លោក​ ឡេង ណាវ៉ាត់ត្រា ​ដោយសារតែលោក​ទើបតែ​ប្រមូល​លុយ​ពីការ​បញ្ចាំង​រឿង ​​«​កំពូលល្ងង់​​​​​នៅអាស៊ី» ​​​​​​​ហើយ​ទទួល​បាន​​ផលចំណេញ​ប្រមាណ​ជា​​​​​​ជាង​​​៤​ម៉ឺនដុល្លារ​​ក្រោយ​​​​​ទូទាត់​​​​​ដើម​​​ទុន ទើប​លោកសម្រេច​​​​​​​​ដក​​ខ្ទង់​ចំណេញ​​​​​ចំនួន​១០ភាគរយ ​​​​យកទៅធ្វើ​​គម្រោង​សប្បុរសធម៌​នៅខេត្ត​កំពង់ស្ពឺ។ ​លោកថា ខ្លួ​នមាន​បំណងជួយ​ដល់​មន្ទីរពេទ្យគន្ធ​បុប្ផា និង​​​​មណ្ឌល​កុមារកំព្រា​ឯណោះទេ ​​​ប៉ុន្តែ​ដោយសារតែ​​​​​​លោក​ចុះ​​​មកដល់​តំបន់​មួយនៅស្រុកគង​ពិសី ក្នុងខេត្ត​​កំពង់ស្ពឺ ​ហើយ​កត់សម្គាល់ឃើញថា​​​​ប្រជា​ជន​នៅទី​នោះ មានចំនួន​​​​ខ្វះ​ខាត​ច្រើន ទើប​លោកសម្រេច​​​​​​ស្នើអោយ​​​អាជ្ញាធរប្រមែប្រមូល​​​​​​​ពលរដ្ឋ​ដែលគួរទទួលជំនួយ​​អោយ​​​ចំនួន​​​​​​​ជិត​​២០០​គ្រួសារ​​​ដើម្បី​អោយលោកបានធ្វើទាន​។

លោកថា ​​​ហេតុ​ផលដែ​ល​លោក​សម្រេច​​​ចិត្ត​​​ចែកអំណោយ​ជា​​​​​ទឹកត្រី ​ជា​អង្ករ​ ​និង​​​​​​​​គ្រឿង​​ឧបភោបរិភោគ​​​អមដោយ​ថវិកា​​​​​ជូន​ដល់គ្រួសារ​​ក្រីក្រនេះ គឺ​ដើម្បី​អោយ​បង​ប្អូនទាំង​នេះ​ទទួល​បាន​​​​​​អត្ថប្រយោជន៍​មួយ​ពីការ​ចំណេញរឿង​​របស់លោក​ ដែ​ល​លោកអះអាងថាជា​ការ​ធ្វើ​បុណ្យ​ដែល​បាន​ពីការ​​​​​​​​​​​​​​​​គៀរគរ​​​​​​​​​​​​​ប្រាក់​កាសពី​ក្រុមអ្នក​មាន​​​ ហើយ​យក​មកចែករំលែកដល់​អ្នកខ្វះ​ខាត​។

លោកថា​​និយាយថា​​​​ការ​បញ្ចាំង​រឿង​​ «​​​កំពូល​ល្ងង់​នៅ​អាស៊ី​» ​​​​នៅ​មិន​ទាន់​បញ្ចប់​ទេ ដោយ​​មានគម្រោង​​យកទៅ​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​​​​​មួយលើកទៀត ​ដែលលោក​រំពឹង​ថា​នឹ​ង​ទទួល​បាន​ថវិការចំណេញ​​មួយជើង​ទៀត​ក្នុង​ពេលខា​ងមុខ​។ ​យ៉ាងណាមិញ លោក​បាន​ប្រកាស​យ៉ាង​ក្ដែង​ៗ​ប្រសិន​បើ​លោក​ទទួល​បាន​ផលចំណេញ​​ពីការ​​​​​​​យករឿង​ទៅ​បញ្ចាំង​នៅ​​​​​​​​​​​ក្នុង​ចំណោម​ពលករ​ខ្មែរ​នៅ​កូរ៉េ​នោះ​​​មែន លោកនឹង​​​​យក​​១០០ភាគរយ​មកប្រើ​​ក្នុងកិច្ច​ការ​សប្បុរសធម៌តែ​ម្ដង ដើម្បី​​​​ជា​​​​​​កម្លាំង​ចិត្ត​ដល់​អ្នកខ្វះ​ខាត​អោយមានកម្លាំង​តស៊ូ។ ​លោករំពឹង​នឹង​ទទួល​បាន​ច្រើន​ពាន់​ដុល្លារ​​ ពីការ​​បញ្ចាំង​រឿង​នៅទី​នោះ ​ដោយសារតែ​រឿងដែល​លោក​ផលិត ​​​​បាន​ក្លាយជា​​ភាព​យន្ត​​​​ពេញនិយម​ក្នុង​ពេល​បញ្ចាំង​​ក្នុងស្រុក។

​​​​​​លោក​​ ឡេង ណាវ៉ាត់ត្រា ​​បានអះអាងថា​ទន្ទឹម​នឹងអារម្មណ៍សប្បាយចិត្ត ​លោកក៏​ដេកភ័យខ្លួន​ផងដែរ ​បន្ទាប់ពី​មាន​ព័ត៌មាន​ច្រើន​ឡើង​​​​ផ្សាយ​ថា​លោកមានលុយ​​ក្នុងដៃ​​១​លានដុល្លារ ​ដែល​​លោក​​យល់​ថា​​​បណ្ដាល​អោយមានការ​​រិះគន់ និង​​​ក្លាយជា​​​ដំណឹង​ធ្វើអោយ​លោក​ចេះតែ​ព្រឺ​ឆ្អឹង​ខ្នង។ ​លោកថា ​​​អ្នក​សិល្បៈច្រើនឡើង​​​​ ប្រហែលជា​គិតថា​លោកអួត​អាង ​ដោយសូម្បីតែ​លោកគ្រាន់តែ​ឆ្លើយ​សំណួរ​អ្នកកាសែត​នៅ​ពេល​មានការ​ចោទ​សួរ​ថា​​​​ ​តើ​​​​​​​​​​​​​​​​​មកទល់​ពេល​នេះ លោកមានទុន​ប៉ុន្មានក្នុងដៃ​​ក្រោយ​វិវត្ដន៍ខ្លួន​ពី​​​ពលករ​នៅ​កូរ៉េ ​មកធ្វើជា​​​អ្នក​ពុះដីឡូតិ៍លក់ និងធ្វើជា​ថៅកែ​​​ផលិតកម្ម​ចម្រៀង និង​ភាព​យន្ត ​Galaxy

​លោកថា សរុបទាំងការ​ដ្ឋាន ​​ទាំង​​ធ្លី​ និង​​​​​​ការ​ចំណាយ​ផ្សេង​​ៗ​​​​​គឺមួយ​​​លានដុល្លារ​មិនខ្វះ​នោះទេ ​ប៉ុន្តែ​ថវិកាទាំង​នោះ​មិនមែនជា​​​លុយ​សុទ្ធ​ឡើយ ទើប​លោក​​​​​​​​​បញ្ជាក់​មាន​​អារម្មណ៍​​ចង់​ភ័យ នៅ​ពេល​​ការ​ចុះ​ផ្សាយ​កន្លង​មក ​​ចង់ច្រលំ​ថា​លោកមាន​លុយ​សុទ្ធ​ក្នុង​ដៃ​​​១​លាន​ដុល្លារ ​ដែលសូម្បីតែ​​​​​​​​បង​ប្អូនលោក​ក៏ព្រឺ​​ខ្លួន​ពីសុវត្ថិភាព​ជំនួស។ លោកថា​​​​​​​​​​អ្នក​មាន​​ជំនួញដូច​លោក ​សឹង​មិនមាន​អ្នកណាម្នាក់មាន​ទុន​ក្រោម​​​​​១​លាន​ដុល្លារ​នោះទេ ​​ប៉ុន្តែ​លោកនៅតែ​យល់ថា​ការ​ប្រកាសថា​​​លោកមាន​លុយ​​​១លាន​​​​ ក្នុងនាមដែលលោកគឺជា​​​តារា​សិល្បៈ​ម្នាក់​ផង ​គឺ​ជា​រឿង​ផ្អើលៗ​ដែល​លោក​មិនសប្បាយចិត្ត។ ​

តាំង​ពីមាន​​ព័ត៌មាន​នោះ​មក លោកថា​​​ខ្លួន​​​មានអារម្មណ៍ខ្លាច​គេសើ​ច ខ្លាច​គេ​ថា​​លោកអួត ​និង​​ខ្លាច​​​​គេ​​​​​​​ពេបជ្រាយទៅ​វិញ ​​​ក្នុងពេលដែល​តារា​សិល្បៈ​មួយចំនួន​​ក៏មាន​មុខជំនួញ​មានដើម​ដល់​​​​​ច្រើន​លាន​ជាង​នេះ តែ​គេ​មិន​បានចុះ​ផ្សាយ​។ ​​​លោកកាន់​តែ​ភ័យខ្លួនខ្លាំង​ឡើង​ក្រោយពេល​សាច់​ញាតិ​បង​ប្អូន​ស្ដី​បន្ទោស និង​ថា​អ្វីដែល​លោក​បាន​​​​​ផ្ដល់​សម្ភាសន៍ គឺ​ជា​រឿង​​យកទុក្ខ​ដាក់ខ្លួន​ និង​ជា​រឿងធ្វើ​គេសើច​យំ។ យ៉ាងណាមិញ លោកថា​អ្វីដែលលោក​ទទួលស្គាល់ថា​ខ្លួ​នមាន​ទុន​​​​​​​​​រង្វង់​​​១​លាន​ដុល្លារ​​មកទល់​នឹង​ពេល​ចុង​ក្រោយ គឺ​គ្រាន់តែចង់​ចែករំលែកពី​​​​​​​​កម្រិត​ជោគជ័យរបស់លោក ក្រោយពី​បាន​ហក់លោតមកធ្វើជា​ម្ចាស់​ផលិតកម្ម និងមកធ្វើជា​​​ម្ចាស់​ក្រុម​ហ៊ុន​​អចលនទ្រព្យ​ប៉ុណ្ណោះ​។ ​ ​

លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា​​ខ្លួននឹងធ្វើ​​​ភាពយន្តជា​លើកទី​​២ បន្ទាប់ពីលោកក៏ទើប​នឹង​បាន​​ផលិត​បទ​ចម្រៀង​​​​​​​​មួយ​បទ​​ដោយ​ចំណាយ​​​​​​​​​​​​​​​ទុន​ថត​អស់​ដល់ច្រើន​ពាន់​ដុល្លារ​​​​​​​ដើម្បី​​ត្រៀម​ចេញ​លក់​​ក្នុង​ពេល​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ