លោក ហ៊ុន​ សែន សរសើរចិនថាឲ្យលុយខ្ចីស្រួលចាត់ចែងតាមតម្រូវការ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ខ្លួននៅតែបន្តខ្ចីប្រាក់ពីមហាមិត្តចិន យកមក​កសាងហេដ្ឋារ​ចនាស​ម្ព័​ន្ធ​ស្ពាន ថ្នល់ ដោ​​យ​ថាប្រា​​ក់​កម្ចីពីមហាអំណាចមួយនេះ ស្រួលចាត់ចែងតាមតម្រូវការ ខណៈ​​​​​​ជំនួយ​នានា​ពី​ប្រ​ទេ​​​​​ស​​​​​លោកសេរី បាន​ដា​ក់​លក្ខខណ្ឌឲ្យគោរពសិទ្ធិមនុស្សនិងចាយវាយត្រូវមានតម្លាភាព។

ក្នុងពិធិសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ នាព្រឹកថ្ងៃទី៦ខែមេសានេះ លោក ហ៊ុន សែន ថ្លែង​ថា គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់នយោបាយផ្តោតលើកការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ស្ពា​ន ថ្នល់ ទឹក ​ភ្លើង តាមរយៈចំណូលថវិកាជាតិនិងប្រាក់កម្ចីពីមហាអំណាចចិនដដែល។

លោក ហ៊ុន សែន អះអាងទៀតថា គោលនយោបាយនេះ បានផ្សាភ្ជាប់អ្នកមាននិងអ្នកក្រ អ្នកទីក្រុងនិង​ជនបទ ដោយលោកថា ពួកគេមានឱកាសប្រើប្រាស់ផ្លូវចាក់កៅស៊ូបានដូចគ្នា។

លោកថា៖ «មិត្តចិនតែងគោរពទៅតាមការគិតគូរបស់កម្ពុជា។ ដូចជាយើងចង់បានថា ពង្រីកផ្លូវនេះ​[ផ្លូវជា​តិ៦A​]​ឲ្យទៅជា៤គន្លង ការចាត់ចែងថវិកាពីមិត្តចិន​មក គឺយើងងាយស្រួលក្នុងការប្រើប្រាស់នូវថវិកានេះ ដើ​ម្បី​ស​ម្រេចនូវសមិទ្ធផលទាំងឡាយដែលយើងចង់បាន»។

ក្នុងពិ​ធីនោះនោះដែរ លោក ហ៊ុន សែន បានព្យាយាមរំឭកពីសមិទ្ធផលនានា ដែល​រដ្ឋាភិ​បាលបាន​កសា​ង​ឡើង តាមរយៈជំនួយពីប្រទេសចិន និងថាស្ពានថ្នល់​ជាច្រើនទៀ​ត នឹងត្រូ​វ​​​​​ក​សា​ង​ឡើ​​ងបន្ថែមទៀតនៅ​ពេ​​​ល​ខាងមុខ បើ​កម្ពុ​ជារក្សាបា​ន​ស្ថានភាពនយោបាយមានសន្តិភាពដូចបច្ចុប្បន្ន។

អនុ​ប្រធានគណៈ​ក​ម្ម​​​​​កា​រសេដ្ឋកិច្ចហិរ​ញ្ញ​វត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភា មក​ពីបក្ស​ប្រ​​​ឆាំង លោក​ សុន ឆ័យ ធ្លាប់ប្រាប់VOD​ថា​ នៅឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជាត្រូវការប្រាក់ប្រមាណជា១០០លានដុល្លារ ស​ម្រា​​ប់​​សងការប្រាក់ទៅប្រទេសជាម្ចាស់បំណុល។

លោ​ក សុន ឆ័យ ឲ្យដឹងដែរថា ចំនួននេះកើនឡើងយ៉ាងគំហុក នឹងធ្វើ​ឲ្យកម្ពុជាគ្មា​នលទ្ធ​ភា​ព​​ប្រើ​ប្រា​ស់​ថ​វិកា ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព  លោក យង់ គិមអេង លើកឡើងថា កម្ចី​ពីប្រ​ទេសចិន មិនបាន​ដា​ក់​​​​​​លក្ខ​ណពីសិទ្ធិមនុស្ស និង​អភិ​​បា​ល​​​កិ​ច្ចទេ។ លោកថា ចិនគិតតែម្យ៉ា​ងគឺយកកា​រ​ប្រា​​ក់​ឲ្យ​​គ្រប់ ពីប្រទេសជាកូនបំណុលសម្រាប់ជាផល​ប្រយោជន៍ប្រទេសគេជាការស្រេច។

លោក យង់ គិមអេង ឲ្យដឹងទៀតថា ជំនួយបែបនេះ អាចក្លាយជាការដាក់​ទណ្ឌកម្ម​ ដល់ពលរ​ដ្ឋក្រី ទៅវិ​ញទេ​ បើរដ្ឋាភិបាលជាកូនបំណុលនោះ យកប្រាក់កម្ចីនោះ ទៅប្រើប្រាស់គ្មានតម្លាភាព ឬក៏មាន​អំ​​ពើ​​ពុក​រលួ​​​យនោះ។

លោកថា៖ «ពិតមែនតែលុយកម្ចីគេគិតពីបញ្ហាសិទ្ធិមនុស្សជារួម គេអត់ចង់ឃើញ​ប្រាក់កម្ចីដែ​លយកពី​​ប្រទេស របស់គេហ្នឹង ទៅជាឧបករណ៍រំលោភសិទ្ធិមនុស្សទេបាទ។ អញ្ចឹងបើធ្វើបែបហ្នឹងវាធ្វើឲ្យអាប្រាក់កម្ចី រប​​ស់​​គេហ្នឹ​ងវាក្លាយជាការដាក់ទណ្ឌកម្មវិញ វាមិនមែនជាការជួយបាទ»។

លោក យង់ គិមអេង ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានកសាងស្ពានថ្នល់ច្រើនមែន ប៉ុន្តែលោកថា ថ្នល់​ភាគច្រើនគ្មានគុណភាព ធ្វើមុខ ខូចក្រោយ ឬធ្វើហើយខូចវិញ ក្នុងរយៈពេលខ្លី។

លោក យង់ គិមអេង ជំរុញឲ្យរដ្ឋាភិបាល ត្រូវប្រកាសជាសាធារណៈ ពីដំណើរការអនុវត្តគម្រោងនេះ ដែ​ល​លោ​កថា ដើម្បីឲ្យពលរដ្ឋជាអ្នកសងបំណុល បានតាមដានពីអភិបាលកិច្ច និងទប់ស្កាត់អំពើ​ពុករលួ​យ។

កាលពីចុងឆ្នាំ២០១៦ ធនាគារពិភពលោក បានចេញរបាយការណ៍មួយបង្ហាញ​ថា​ គិតត្រឹម​ឆ្នាំ២០១៥ ក​ម្ពុ​ជាបានជំពាក់​បំណុល​បរទេស​ជិត១ម៉ឺនលាន​ដុ​ល្លា​រ(​៩​៣១​៨​​​​លាន​ដុល្លារ)។ ចំនួននេះ​បើគិតជាមធ្យ​ម​ព​​ល​រដ្ឋខ្មែ​រម្នាក់ ជំពាក់​​បំ​​​​ណុលបរ​ទេ​ស ​ជាង​៦​រយដុ​ល្លា​រ។

ប៉ុ​ន្តែ​នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបកស្រាយថា បំណុលជិត១ម៉ឺន​លាន​​ដុ​ល្លា​​រ​​​នោះ រដ្ឋាភិបាលជំពាក់តែជិត៦ពាន់(៥,៦)លានដុល្លារ ចំ​ណែ​​​​ក​​​៤​​ពាន់​​លានដុល្លារទៀត រដ្ឋាភិ​បា​ល​​ថា វិ​ស័យឯកជនជាអ្នកជំពាក់ ក្នុងនោះជំពាក់ចិន ៤៥ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ