អ្នកវិភាគថា បក្សកាន់អំណាចមិនចង់ឲ្យបក្សប្រឆាំងមានក្បាលម៉ាស៊ីនរឹងមាំ

ប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា

អ្នកតាមដានបញ្ហានយោបាយ និងសង្គម លើកឡើងថា ការព្រមទទួលស្គាល់លោក កឹម សុខា​ ជាប្រធានបក្សប្រឆាំង ប៉ុន្តែបែរជាមិនទទួលស្គាល់អនុប្រធានបីរូបទៀត ដោយក្រសួងមហាផ្ទៃនោះ គឺជាចេតនានយោបាយមិនចង់ឲ្យក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំងនេះរឹងមាំ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានប្រកាសទទួសស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ និងស្វាគមន៍ចំពោះការសម្រេចដកពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំប្រើរាស្ដ្រ»។

ប៉ុន្ដែក្នុងសេចក្ដីប្រកាសដដែល ក្រសួងមហាផ្ទៃមិនទទួលស្គាល់អនុប្រធានបក្ស៣រូបទៀត របស់គណបក្សប្រឆាំង រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក​ អេង ឆៃអ៊ាង នោះទេ។ ក្រសួងមហាផ្ទៃលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៧ នេះ គឺខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះ បានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី វិភាគថា ទោះបីក្រសួងមហាផ្ទៃហាក់បង្ហាញថា ខ្លួនកំពុងជួយណែនាំ ឬអន្ដរាគមន៍ផ្នែកច្បាប់ដល់បក្សសង្គ្រោះជាតិក៏ដោយ ប៉ុន្ដែក្នុងនោះ លោកថា ទំនងជាមានហេតុផលនយោបាយនៅពីក្រោយ។

លោកបន្ដថា ក្រសួងមហាផ្ទៃហាក់កំពុងយកយន្ដការច្បាប់ ដើម្បីយកមកយីយា និងរារាំងគណបក្សប្រឆាំង មុនការបោះឆ្នោត ដោយថា សមាសភាពដឹកនាំរបស់គណបក្សសង្គ្រោះជាតិ តាមរូបមន្ដប្រធានមួយ និងអនុប្រធាន៣ មានភាពរឹងមាំ មិនងាយបំបែកបាន។ ចំណែក រូបមន្ដមានប្រធានមួយ និងអនុប្រធានមួយនោះ លោកថា អាចធ្វើឲ្យរង្គោះរង្គើរគណបក្សទាំងមូលយ៉ាងងាយ ដោយលោកថា នេះហើយជាអ្វីដែលជាការចង់បានរបស់បក្សកាន់អំណាច។

លោកថា៖ «ឃើញពីមុនៗមក ក្បាល់ម៉ាស៊ីនរបស់ (បក្សសង្គ្រោះជាតិ) ដែលមានតែ បើសិនជាមានតែមួយ តែមួយ តែឯង តែឯង មានប្រធាន និងអនុប្រធាន យើងឃើញថា ក្បាលម៉ាស៊ីនបែបហ្នឹង ត្រូវទទួលរងនូវការសំពាធ ឬការវាយប្រហារ ដូចយើងបានឃើញកន្លងមកហើយ ។ អញ្ចឹងពេលដែលសង្គ្រោះជាតិចាប់ផ្ដើមរៀបចំ​ឲ្យទៅជាមានក្រុមការងារមួយ ដែលធ្វើការជាក្រុម អាហ្នឹងបើសិនជាមានការព្យាយាមដាក់សំពាធ ឬយាយីពីខាងក្រៅមក គឺមានការពិបាកក្នុងការ។ ខ្ញុំឃើញថា អ្វីដែលចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃនេះ ហាក់បីដូចទំនងចង់ឲ្យឃើញសង្គ្រោះជាតិហ្នឹង គឺមានមេដឹកនាំតែមួយបានហើយ។ ក្នុងស្ថានភាពបែបហ្នឹង​ វាមានល្អ វាមានមិនល្អ ល្អត្រង់ថា សម្រាប់គណបក្សប្រជាជន បានន័យថា បើសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនដែលនាំដោយបុគ្គល អាណឹងបើមានអីកើតឡើងសម្រាប់បុគ្គលហ្នឹងណាមួយ វាមានការរំខានទូទៅទាំងស្ថាប័ន តាំងពីលើដល់ក្រោម ដូចយើងឃើញរយៈពេលកន្លងមក»។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា  ក្រសួងមហាផ្ទៃហាក់កំពុងលូកដៃជ្រៅក្នុងកិច្ចការផ្ទៃក្នុងគណបក្សប្រឆាំង និងរងឥទ្ធិពលគណបក្សកាន់អំណាច។ លោកបន្ដថា នេះមិនមែនជារឿងចំឡែកទេ ដែលបក្សកាន់អំណាចអាចប្រើគ្រប់មធ្យោបាយ ដើម្បីផ្ដួលគូប្រជែង មុនការបោះឆ្នោត។

លោកមានប្រសាសន៍បន្ថែមថា ការជំទាស់ផ្នែកច្បាប់របស់ក្រសួងមហាផ្ទៃលើសមាសភាពក្បាលម៉ាស៊ីនដឹកនាំបក្សសង្គ្រោះជាតិ លោកថា មិនប៉ះពាល់អ្វីធំដុំក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ទេ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ គណបក្សប្រឆាំងអាចបន្ដធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ឬគោរពតាមច្បាប់លក្ខន្ដិកៈថ្មីឲ្យបានត្រឹមត្រូវ បន្ទាប់ពីក្រសួងប្រកាសទទួលស្គាល់ទៅបានហើយ។

លោកថា៖ «ក៏ប៉ុន្ដែបើសិនជាគាត់ទទួលស្គាល់លក្ខន្ដិកៈថ្មី នៃគណបក្សសង្គ្រោះជាតិហើយ អញ្ចឹងបានន័យថា គាត់មិនទទួលស្គាល់សមាសភាពអនុប្រធានបីរូបហ្នឹង អាហ្នឹងជាយន្ដការនយោបាយ ដែលធ្វើឲ្យគណបក្សប្រឆាំងមានភាពមន្ទិលសង្ស័យ ព្រោះនៅក្នុងការប្រកួតប្រជែងនយោបាយ​គេ​ គណបក្សណាក៏ដោយ ឲ្យតែមានលទ្ធភាពធ្វើ ឬផ្ដួលគូប្រជែងបាន គេធ្វើតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន ឥឡូវយើងកុំនិយាយពីពាក្យអីត្រឹមត្រូវ យុត្តិធម៌ សមភាព គ្មានទេ នៅក្នុងការប្រកួតប្រជែងនយោបាយ»។

លោកបន្ថែមថា ទៅថ្ងៃអនាគត គួរមានស្ថាប័នឯករាជ្យមួយទៀត ផ្សេងពីក្រសួងមហាផ្ទៃ ដែលជាអ្នកទទួលបន្ទុកលើកិច្ចការនេះ ទើបត្រឹមត្រូវ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើងថា បើពិនិត្យលើទិដ្ឋភាពច្បាប់ ការបដិសេធជាបន្ដបន្ទាប់របស់ក្រសួងមហាផ្ទៃ អាចមានភាពត្រឹមត្រូវខ្លះដែរ។ ប៉ុន្ដែលោកថា ក្រសួងមហាផ្ទៃហាក់កំពុងអនុវត្តហួសដែនសមត្ថកិច្ចហើយ ដោយថា​ ពេលនេះ ថែមទាំងអាចបញ្ជា និងគ្រប់គ្រងរចនាសម្ព័ន្ធរបស់គណបក្សនយោបាយទៀតផង។

លោកក៏បានរិះគន់ច្បាប់ស្ដីពីគណបក្សនយោបាយផងដែរ ដោយថា បានផ្ដល់សិទ្ធិអំណាចដល់ក្រសួងមហាផ្ទៃច្រើនពេក រហូតអាចជំទាស់នឹងរឿងផ្ទៃក្នុងរបស់គណបក្សទៅទៀត។ លោកបន្ដថា ក្រសួងមហាផ្ទៃគួរបើកចិត្តឲ្យទូលាយ និងមិនគួរទទួលរងឥទ្ធិពលពីគណបក្សណាមួយនោះទេ ក្នុងនាមក្រសួងជាស្ថាប័នអនុវត្តច្បាប់នោះ។

លោកថា៖ «គ្រប់គ្រងទៅលើរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សនយោបាយថែមទៀតផង ហើយការគ្រប់គ្រងទៅលើរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សនេះ ខ្ញុំគិតថាជាសកម្មភាពមួយដែលហួស ដែលជ្រុល អាចប៉ះពាល់ការដឹកនាំរបស់គណបក្សនយោបាយដែរ មិនថាតែគណបក្សសង្គ្រោះជាតិទេ គណបក្សផ្សេងក៏ដោយ»។

ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជា សហភាពអន្ដរសភា (IPU) បានចេញញត្តិមួយ កាលពីថ្ងៃទី៥ មេសា ម្សិលមិញ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ថ្កោលទោសរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ថាបានរំលោភសិទ្ធិតំណាងរាស្ដ្រគណបក្សប្រឆាំង និងការកែច្បាប់គណបក្សនយោបាយ ដោយចង់រំលាយបក្សប្រឆាំងមិនឲ្យចូលរួមប្រកួតប្រជែង មុនការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ