អតីតតំណាងរាស្ត្របក្សឆាំងថាសកម្មជនជាប់ឃុំកំពុងរងការរឹតត្បិតខ្លាំង

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង អះអាងថា សកម្មជនទាំង១៤នាក់ដែលកំពុងជាប់ឃុំ​បានប្រាប់ថា ខាងពន្ធនាគារបានរឹតបន្តឹងសន្តិសុខធ្វើឲ្យពួកគាត់ពិលំបាកក្នុងការរស់នៅដោយសារនៅតាមបន្ទប់ពួកគាត់មានបំពាក់​កាមេរ៉ានិងគ្មាន​កង្ហារ ក្រោយពីមានប្រតិកម្មខ្លាំងៗពីលោក ហ៊ុន សែន។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូឌីនៅថ្ងៃនេះថា ​សកម្មជនរបស់​គណបក្ស​ប្រឆាំង​រួម​ទាំង​លោក អ៊ុំ សំអាន បាន​ប្រាប់​លោកថា ចាប់តាំងពី​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បញ្ជាឲ្យ​ពន្ធនាគារ​ដក​ហូត​ទូរស័ព្ទពីលោក មាជ សុវណ្ណរ៉ា មក មន្ត្រីពន្ធនាគារបានរឹតបន្តឹងខ្លាំងលើសិទ្ធិសេរីភាពពួកគាត់។

លោកថា៖«ដូចជាថ្មីៗត្រូវបានគេដាក់ ពិន័យមិនបានជួបប្រពន្ធាកូនទេ ក្នុងរយៈពេល ១០ ថ្ងៃហ្នឹង គេមិនឲ្យជួប គេផ្លាល់ប្ដូរទៅបន្ទប់ដែលមិន មានដាក់​កង្ហារអីឲ្យហ្នឹង  ហើយអត់​កង្ហារទៅវាមានមូសខាំ ទី៣ តាមបន្ទប់ដែលគេផ្លាស់ ប្ដូរពួកគាត់ ទៅគេដាក់កាំម៉ារ៉ា ក៏មានត្អូញត្អែរពីអ្នកតំណាងរាស្ត្រ និងសកម្មជនមួយចំនួនថា វាប៉ះពាល់ដល់​កេរ្តិ៍ខ្មាស់របស់គាត់ ព្រោះពិបាកផ្លាស់ខោអាវអញ្ចឹងទៅ ព្រោះកាំមេរ៉ានៅជាប់ហ្នឹង»។

លោកបន្តថា អ្នកទាំង ១៤​រូប ដែល​កំពុង​ជាប់ឃុំ បាន​អំពាវនាវ​ទៅគណបក្ស​នយោបាយ ធ្វើការចចារគ្នា ដោះស្រាយវបត្តិនយោបាយឲ្យបានឆាប់ ដើម្បី​អាច​ឲ្យ​ពួកគាត់មាន​សេរីភាពវិញ។

ពាក់ព័ន្ធរឿងនេះ វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃលោក នុត សាវនា បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ នេះ លោកនាកយករដ្ឋមន្ត្រី ហ៊ុន​ សែន  បាន​បញ្ជា​ទៅកាន់​ក្រសួង​មហា​ផ្ទៃឲ្យ​ពិនិត្យ​ឡើង​វិញ​ជុំ​វិញ​ករណី​លោក ​មាជ សុវណ្ណារ៉ា អា​ចប្រើ​ទូរស័ព្ទទាក់​ទង​ទៅខាង​ក្រៅ​ និង​ព្រមានដក​តំណែង​ប្រធាន​ពន្ធ​នាគារ​រហូត​​មេនគរបាល​ជាតិ​ផង​ដែរ បើ​មាន​ករណី​នេះ​កើត​ឡើង​ទៀត​​។

លោកថ្លៃងថា៖«ទៅដកពីអា​ មាជ​ សុវណ្ណារ៉ា ដកពីអាហ្នឹងឲ្យបានបញ្ជា​ភ្លាម​ កុំភាន់ច្រឡំឲ្យសោះណាហើយអា​ មាជ សុណ្ណារ៉ា​ ប្រហែលកំពុងស្តាប់អាហ្នឹងណា ព្រោះវាដោនឡូតចូល​ អាក្នុង​​ហ្នឹង​​មានអ៊ិនធឹណែត​​ទៀតប្រាប់លោកឯងទៅ ​ជាប់អត់ថ្ងៃចេញទេ! ​អញប្រាប់ឲ្យហើយព្រោះមេលោកឯងព្រហើន។ […] មើល បានបញ្ជាហើយនៅបញ្ជាហើយ។ មើល​ អាមេគុកហ្នឹង​ បើគ្រប់គ្រងមិនបាន ​ដូរអាមេគុកហ្នឹងចោលទៅ។ មិចបានជាបណ្តោយឲ្យអា​ មាជ សុវណ្ណារ៉ា​ និយាយទាក់ទងទូរស័ព្ទរាល់ថ្ងៃឥឡូវឲ្យតែហ៊ាននិយាយទៀត​ អញដកមេប៉ូលិស ដកទាំអស់ហ្នឹង»

ប្រធាន​គ្រប់​គ្រង​ផ្នែកអង្កេតនៃអង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្នកជាប់ឃុំមានសិទ្ធិ ជួបនិងទាក់ទងជាមួយក្រុមគ្រួសាររបស់ខ្លួន ប៉ុន្តែបើខាងពន្ធនាគារមិនអនុញ្ញាតឲ្យក្រុមគ្រួសារចូល សួរសុខទុក្ខទេ និងការដាក់កាំមេរ៉ានៅតាមបន្ទប់នេះ វាជាការរំលោភសិទ្ធិអ្នកជាប់ឃុំដែលមានចែងនៅ ក្នុងច្បាប់។  លោកបន្តថា ប្រសិនបើមន្ត្រីពន្ធនាគារនៅតែបន្តរឹតបន្តឹងសិទ្ធិសេរីភាពសកម្មជនបក្ស ប្រឆាំងបែបនេះទៀត  វានឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោកថា៖«បើសិនគាត់រឹតត្បិតនឹងវាយូរ ហើយវាធ្វើឲ្យប៉ះពាល់សិទ្ធិរបស់គាត់នាំឲ្យគេរិះគន់ជាបន្ត ថាយើងអនុវត្តសិទ្ធិតឹងរឹង ឬក៏អ​នុវត្តសិទ្ធិរឹងត្បិតនេះតែទៅលើអតីតនៃគណបក្សនយោបាយគណបក្ស ប្រឆាំងគេមានការរិះគន់ទៅលើបញ្ហាទាំងអស់នេះ។ អញ្ចឹងយើងធ្វើអីក៏ដោយ យើងត្រូវអនុវត្តទៅតាម សិទ្ធិរបស់ពួកគាត់ហើយ ហើយអនុវត្តឲ្យស្មើភាពគ្នា ស្មើសិទ្ធិគ្នា»។

គួរបញ្ជាក់​ថា លោក​មាជ សុវណ្ណារ៉ា ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផង​នោះ​ ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ ខណៈសកម្មជនបក្សប្រឆាំងជាង១០នាក់ទៀតក៏ត្រូវបានកាត់ទោសដូចគ្នានេះដែរ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ