អង្គការតំបន់​មួយ​ស្នើ​ឲ្យ​ដោះ​លែងនិង​ទម្លាក់​ការ​ចោទ​ប្រកាន់​អតី​តអ្នក​ព័ត៌មានវិទ្យុអាស៊ីសេរី​

អតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ធ្វើដំណើរចេញពីតុលាការ( រូបដោយ ជន ចាន់រ៉ែន)

អង្គការ​តំបន់​មួយបាន​បង្ហាញ​ក្តីបារម្ភពីការ​បន្ត​ឃុំ​ខ្លួនអតីត​អ្នក​យក​ព័តមាន​អាស៊ីសេរី ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​អ្នក​ទាំង​ពីរជា​បន្ទាន់។

កាលពី​ថ្ងៃ​ទី​៤ មេសា​ សាលា​ឧទ្ធរណ៍​បាន​សម្រច​ទាត់​ចោល​បណ្តឹង​សុំ​មោឃភាព​នីតិវិធី នៃ​ការ​ឃាត់ខ្លួនបស់មេធាវី​របស់​អតី​ត​អ្នក​ការសែត​អាស៊ី​សេរី​លោក អ៊ូន ឈិន និង​លោក​យាង​ សុជា​មេត្តា ដោយ​ថា​នគរ​បាល​មិនបាន​ឃុំ​ខ្លួន​អ្នកទាំង​ពីរហួស​ការ​កំណត់​នោះ​ទេ។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ៥ មេសា ឆ្នាំ​២០១៨ វេទិការ​អាស៊ាន ដើម្បិ​សិទ្ធិ​មនុស្ស​​ និង​ការ​អភិវឌ្ឍ ដែល​មាន​ទី​​តាំង​នៅទីក្រុង​បាងកក​ប្រទេស​ថៃ​​ ថា​​សម្រេច​នេះ​គឺជា​ការ​វិនិច្ឆ័យ​មិន​យុត្តិ​ធម៌ និង​មាន​ចេតនាធ្វើ​ទុក្ខ​បុក​ម្នេ​ញ​សេរីភាព​សារ​ព័ត៌​មាន​​នៅ​កម្ពុជា និង​បាន​ចាត់​ទុកករណី​របស់ពួ​កគេ​គឺជា​ឧទាហរណ៍​មួយ​ទៀត​នៃការ​ធ្វើឱ្យ​ខូច​ខាត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាពិសេស​សិទ្ធិ​សេរី​ភាព​​បញ្ចេញមតិ​ស្របតាមការផ្តល់សច្ចាប័ន​លើកតិកាសញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិ​ពលរ​ដ្ឋ​ និងសិទ្ធិ​នយោ​បាយ​។

វេទិការអាស៊ាន​សរសេរ​ថា៖ ​« ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់បង្ហាញពីចេតនារបស់ខ្លួនក្នុងការជំរុញប្រទេសឱ្យឆ្ពោះទៅរកការ​​បោះឆ្នោតសេរីនិងយុត្តិធម៌នោះវាគួរតែធានាឱ្យមានការជំនុំជម្រះដោយយុត្តិធម៌មួយទៅលើករណី​​របស់អួន ឈិននិងយៀងសុធារិន​ »

មាត្រា ៩៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ស្ដីពី​ការ​ឃាត់ខ្លួន​ចែងថា មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៤៨​ម៉ោង។ ថិរវេលា​នេះ​ត្រូវ​គិត​ចាប់ពី​ម៉ោង​ដែល​សាមី​ខ្លួន​មកដល់​អង្គភាព​នគរបាល ឬ​កងរាជអាវុធហត្ថ។

ក្នុង​ការ​អនុវត្តន៍​ច្បាប់​ ប្រសិន​ជា​តុលាការ​រក​ឃើញ​តាម​អ្នក​អនុវត្តន៍​មាន​កំហុស​នីតិវិធី​នោះ​ តុលាការ​ត្រូវ​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​មានសេរីភាពវិញ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក​ ជិន ម៉ាលីន ថា​ការ​លើក​ឡើង​នេះ​គឺជា​ការ​លើក​ឡើង​ដដែល​ៗ និ​ង​មាន​ចេតនានយោបាយ​ច្រើន​ជាង​បច្ចេក​ទេស​។

លោកថា៖ « បានន័យថាឲ្យតែអនុវត្តន៍ច្បាប់ទៅលើសកម្មជនសិទ្ធិមនុស្ស ក៏ក្រុមបក្សប្រឆាំងគាត់ថាអាហ្នឹងជាការរឹតត្បិតសិទ្ធិសេរីភាពក៏ប៉ុន្តែគាត់អត់វិភាគទៅលើបច្ចេកទេសច្បាប់ និងក្របខ័ណ្ឌច្បាប់ទេ ថាតើទិដ្ឋភាពទាំងអស់ហ្នឹង មានមូលដ្ឋានគ្រប់គ្រាន់បង្កើតជាបទល្មើសដែរឬអត់ទេ។ ជារួមយើងអត់មានចម្លែកទេព្រោះវាជាការឆ្លើយតបនិងទិតៀនជាប្រព័ន្ធហើយដែលមួយក្រុមហ្នឹងគេរៀបចំ ធ្វើតែអញ្ចឹង »

កាលពីដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ក្រុមអ្នកសារព័ត៌មានបាននាំគ្នាធ្វើយុទ្ធនាការតាមអនឡាញ ដើម្បីទាមទារឲ្យតុលាការ​ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី (RFA) ពីររូប ដោយពួកគេយល់​ថា ការ​ចោទ​ប្រកាន់​​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​នាំ​​អន្តរាយ​ដល់​ ប្រទេសជាតិនេះជា​ការ​ចោទប្រកាន់​មួយ​​ធ្ងន់ធ្ងរពេក។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សមត្ថកិច្ច​ចោទ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ផ្ញើ​រទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។

ការចាប់ខ្លួននិងឃុំខ្លួនអតីតបុគ្គលិកទាំងពីររូបនេះ កើតឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា​ កាលឆ្នាំមុន បន្ទាប់ពីមានបញ្ហាប្រឈម​មួយ​​ចំនួន​​ជាមួយរដ្ឋាភិបាល។ ​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធាន​ការ​​ បើសិន​ជា​បុគ្គលិក​អាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ