សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ

សកម្មជនគណបក្សប្រឆាំងនិងក្រុមយុវជនមួយក្រុមដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅព្រឹកថ្ងៃសុក្រនេះបានប៉ះទង្គិចគ្នាមួយប្រាវ ខណៈប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលរួមវេទិកានៅខេត្ដកំពង់ធំនាព្រឹកថ្ងៃសុក្រទី០៦ខែឧសភានេះ។

តាមវីដេអូបង្ហាញថាក្រុមរបស់យុវជន ស្រី ចំរើន ពួកគេបានស្រែកតាមឧបករណ៍បំពងសំឡេងនៅម្ខាងផ្លូវដោយស្រែកថាលោក កឹម សុខា ជា “មនុស្សកំសាក” និងទាមទារឲ្យបំភ្លឺខ្សែអាត់សំឡេងដែលគេចោទថាមានរឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ និងចោទថាលោកប្រព្រឹត្តិអំពើពុករលួយ។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលសុំមិនបញ្ចេញឈ្មោះដែលចូលរួមវេទិកានោះបានឲ្យដឹងថា ក្រុមរបស់យុវជន ស្រី ចំរើន បានព្យាយាមរំខានដល់វេទិកា។ នៅពេលនោះក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិប្រហែលជាង២០នាក់បានចូលរារាំងមិនឲ្យរំខានក្នុងវេទិកាគណបក្ស ព្រមទាំងមានប្រតាយប្រតប់គ្នា ប៉ុន្ដែមិនមានអ្នករបួសដល់ភាគីណាមួយឡើយ។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិអះអាងថាសមត្ថកិច្ចខ្លះបានចូលក្នុងហ្វូងបាតុករដោយមានការរុញច្រានអ្នកគាំទ្របក្សជំទាស់ ដោយទំនងទុកឱកាសឲ្យក្រុមយុវជន ស្រី ចំរើន នោះស្រែករំខានដល់ការថ្លៃងរបស់លោក កឹម សុខា។

VODមិនអាចទាក់ទងមន្រ្តីសមត្ថកិច្ចខេត្តកំពង់ធំបាននៅឡើយទេ ខណៈអភិបាលខេត្ដកំពង់ធំលោក អ៊ុត សំអន បានប្រាប់រវល់ធ្វើបុណ្យម្ដាយស្លាប់។

ក្នុងការប៉ះទង្គិចនៅខេត្តកំពង់ធំថ្ងៃនេះឈ្មោះ ស្រី ចំរើន បានសរសេរនៅហ្វេសប៊ុកថាក្រុមខ្លួនរងរបួស៦នាក់ហើយថាខ្លួនបានរៀបចំដាក់ពាក្យប្តឹងលោក កឹម សុខា ដោយចោទថាបណ្តោយឲ្យអង្គរក្សរារាំង រុញច្រាន និងប្រើអំពើហិង្សា។

ប៉ុន្តែសមាជិកគណៈកម្មការប្រតិបត្ដិគណបក្សសង្គ្រោះជាតិខេត្ដកំពង់ធំលោក ស៊ន់ ធន អះអាងថាក្រុមយុវជនដឹកនាំដោយលោក ស្រី ចំរើន នោះបានស្រែកតាមឧបករណ៍សំលេងដោយមានចេតនាចង់បង្កការរំខានដល់វេទិការបស់គណបក្សប្រឆាំង  ប៉ុន្ដែលោកថាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមិនបានឆ្លើយតបនឹងពួកគេឡើយ ដោយលោកថាគណបក្សសង្គ្រោះជាតិប្រកាន់នូវធម៌ ខន្ដី និងអហឹង្សា។

សូមបញ្ជាក់ ក្រុមយុវជនដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន តែងតែដើរតវ៉ាស្ទើរគ្រប់វេទិកាស្រែកឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេងដែលគេចោទថាជាការសន្ទនារវាងមេដឹកនាំគណបក្សប្រឆាំងនិងស្រ្តីម្នាក់ក្នុងទំនាក់ទំនងស្នេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ