មេបក្សប្រឆាំង​ថាបក្សកាន់អំណាច​មានបំណង​បង្អាក់​ការបោះឆ្នោត ទើប​​ចាប់​អ្នកនយោបាយ​និង​សង្គមស៊ីវិល​

លោក សម រង្ស៊ី កាលពីពេលកន្លង

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថាគណបក្សប្រជាជនកម្ពុជាបាននឹងកំពុងបង្កើតបញ្ហានៅក្នុងប្រទេសរួមមានការចាប់ខ្លួនបក្សប្រឆាំងនិងសង្គមស៊ីវិល ដោយថាគណបក្សកាន់អំណាចមានគោលដៅ”បង្អាក់ការបោះឆ្នោត”នៅពេលខាងមុខនេះ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែងថា៖ “ដូច្នេះការបោះឆ្នោតខាងមុខ មានគ.ជ.បថ្មី គឺគណបក្សប្រជាជនកម្ពុជាត្រូវតែចាញ់ឆ្នោតដាច់ខាត អញ្ចឹងណាស់បានជាគេព្រួយបារម្ភណាស់ គេស្លន់ស្លោរ គេត្រូវបង្កើតរឿង បង្កើតឧប្បត្តិហេតុ ធ្វើម៉េចកុំឲ្យការបោះឆ្នោតហ្នឹងទៅរួច ឬមួយការបោះឆ្នោតនាំឲ្យវារអាក់រអួល ឲ្យវាជ្រួលច្របល់ ឲ្យមានអំពើហិង្សា ឲ្យសម្លុត គេសម្លុតឯងតាមចិត្ត កុំឲ្យប្រជារាស្រ្តខ្មែរហ៊ានសម្តែងមតិជាទូទៅ មតិយោបល់ ឆន្ទៈពិតប្រាកដ បើឆន្ទៈពិតប្រាកដគេនឹងចាញ់ អញ្ចឹងហើយសូមយល់ឲ្យច្បាស់ បានគេបង្កើតរឿងមកទល់នឹងសព្វថ្ងៃ”។

លោក សម រង្ស៊ី បានបន្ថែមថាគណបក្សសង្រ្គោះជាតិចង់ឲ្យមានការបោះឆ្នោត “ដោយសន្តិវិធី ដោយការគោរពច្បាប់ រលូននិងពលរដ្ឋកុំឲ្យភ័យខ្លាច”។ លោកបញ្ជាក់ថាបក្សសង្រ្គោះជាតិបានប្រើយុទ្ធសាស្រ្តមួយ៖ “គេវាយយើង យើងសុទ្ធចិត្តឱន….មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ចំពោះរឿងឥតប្រយោជន៍”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់និងសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានព្រមានលោក សម រង្ស៊ី ថាពិនិត្យមើលទិដ្ឋភាពផ្លូវច្បាប់ ករណីដែលលោក សម រង្ស៊ី ធ្លាប់បានថ្លែងកាលពីកន្លងទៅថាលោក ហ៊ុន សែន មានបំណងបង្អាក់ការបោះឆ្នោតនៅឆ្នាំ២០១៨។ លោកថានឹងពិនិត្យមើលផ្លូវច្បាប់លើករណីនេះ ដោយចាត់ទុកថាជាបទលើ្មសព្រហ្មទណ្ឌឬក៏ជាការបរិហារកេរ្តិ៍។ លោកព្រមានថាលោកនឹងឈប់លើកលែងទោសឲ្យលោក សម រង្ស៊ី ហើយលោកថាលោក សម រង្ស៊ី កុំរត់ទៅក្រៅប្រទេសទៀត។

លោក ហ៊ុន សែន បានថ្លែងថា៖ “ឥឡូវមិនទាន់ដល់ពេលវេលាបោះឆ្នោត ឯកឧត្តមដើរទៅបំផុសប្រាប់គេឯង ប្រាប់បរទេសថាគណបក្សប្រជាជនដឹងថាខ្លួនចាញ់ មិនចង់ធ្វើការបោះឆ្នោត។ ឯកឧត្តមត្រូវមានភស្តុតាងឲ្យច្បាស់ ប្រយ័ត្នជាប់បទល្មើសព្រហ្មទណ្ឌ។ ការចោទប្រកាន់ដោយគ្មានភស្តុតាង អំពើនេះវាជាការបរិហារកេរ្តិ៍ឬក៏យ៉ាងណា យើងខ្ញុំត្រូវពិនិត្យអំពីផ្លូវច្បាប់លើបញ្ហានេះ ហើយសូមកុំបន្ទោស បើសិនជាផ្លូវច្បាប់ត្រូវចាត់ការចំពោះឯកឧត្តម”

លោក ហ៊ុន សែន បានថ្លែងបន្តថារដ្ឋាភិបាលបានព្យាយាមពឹងប្រទេសជប៉ុន អូស្រ្តាលីនិងសហភាពអឺរ៉ុប មកជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ លោកក៏បានព្រមានពីករណីផ្សេងៗទៀត ដែលលោកថា លោក សម រង្ស៊ី លោក កឹម សុខា និងសមាជិកមួយចំនួនទៀត ជាប់ពាក់ព័ន្ធ ដែលលោកថាផ្លូវច្បាប់មិនទាន់ចប់នៅឡើយទេ។

គួររំឭកថា លោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម។ លោកក៏ត្រូវបានតុលាការចេញដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងមួយទៀតរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ដែលបានប្តឹងលោកពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។

សាលាដំបូងរាជធានីភ្នំពេញបានអញ្ជើញលោក សម រង្ស៊ី ឲ្យចូលមកសវនាការជំនុំជម្រះនៅថ្ងៃទី២៨ ខែកក្កដា ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ