ACUថានឹងពិនិត្យ​រឿងយកលុយ​ជំនួយ​មក​ប្រើប្រាស់ ខណៈ​​ស្រ្តីម្នាក់ទៀត​ចេញមុខប្តឹង​លោក កឹម សុខា

ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កាលពីពេលកន្លងទៅ (រូបថតដោយលោក ទូច សុខា​)

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឱម យ៉ិនទៀង បានថ្លែងថាអង្គភាពនឹងពិនិត្យមើលករណីចោទប្រកាន់ថាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ យកលុយជំនួយពីក្រៅប្រទេសមកចាយវាយផ្ទាល់ខ្លួននិងការយកមនុស្សទៅក្រៅប្រទេសជាថ្នូរនឹងលុយ២ម៉ឺនដុល្លារ។

លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំមួយជាមួយស្រ្តីម្នាក់ ឈ្មោះ សំ ផល្លា ដែលធ្លាប់ចេញមុខតវ៉ាប្រឆាំងនឹងលោក កឹម សុខា និងបានអះអាងថាខ្លួនជាម្តាយរបស់ស្រ្តីម្នាក់ដែលអ្នកស្រីថាជាប្រពន្ធចុងរបស់លោក កឹម សុខា។

អ្នកស្រី សំ ផល្លា បានប្តឹងលោក កឹម សុខា ថាបានប្រើហិង្សាមកលើរូបអ្នកស្រី កាលពីឆ្នាំ២០១៣ តាមរយៈការវាយដំពីអង្គរក្សរបស់លោក កឹម សុខា។ អ្នកស្រីក៏បានលើកឡើងថាលោក កឹម សុខា បានឲ្យលុយទៅកូនស្រីរបស់អ្នកស្រីចំនួន៤ពាន់ដុល្លារហើយថាលុយនោះបានពីជំនួយនៅក្រៅប្រទេស។ អ្នកស្រីបន្តថាលោក កឹម សុខា ទទួលបានលុយ២ម៉ឺនដុល្លារពីមនុស្សម្នាក់ពេលយកមនុស្សទៅក្រៅប្រទេសគឺទៅសហរដ្ឋអាមេរិក។ ចំណុចផ្សេងទៀតដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនោះ គឺពាក់ព័ន្ធនឹងបទឯកពន្ធភាព បទល្មើសឆបោកនិងរំលោភសេចក្តីទុកចិត្តជាដើម។

អ្នកស្រីបន្ថែមថា៖ “បានលុយជំនួយគេជួយ…គាត់មាននាំមនុស្សចេញទៅក្រៅប្រទេស ដាក់ថាជាលេខាគាត់អ៊ីចឹងទៅ(ដោយ)យកម្នាក់ពីរម៉ឺនដុល្លារ”

Sokha-mother-in-law
អ្នកស្រី សំ ផល្លា ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថាអង្គភាពមិនអាចចាត់ការរឿងបង្ករបួសស្នាមលើអ្នកស្រី សំ ផល្លា និងបណ្តឹងមួយចំនួនទៀតនោះទេដោយថាមិនស្ថិតក្នុងបទល្មើសពុករលួយ តែថាខ្លួននឹងពិនិត្យមើលរឿងលុយបានពីជំនួយបរទេសនិងរឿងចោទប្រកាន់ថាយកលុយ២ម៉ឺនដុល្លារជាថ្នូរនឹងការយកមនុស្សទៅក្រៅប្រទេស។

លោកបន្ថែមថា៖ “ប៉ុន្តែអង្គភាពអាចយកព័ត៌មានអំពីការ(យក)លុយ២ម៉ឺន(ដុល្លារ)ម្នាក់ក្នុងការនាំមនុស្សក្នុងការនាំមនុស្សទៅក្រៅ អាចយកបញ្ហាដែលគាត់ចែករំលែកឲ្យបង៤ពាន់ដុល្លារពីក្នុងកញ្ចប់ថវិការ៉ៃអង្គាសពីសហរដ្ឋអាមេរិកមកៗពិចារណាក្នុងកិច្ចការរបស់ខ្លួនថែមទៀត”

វីអូឌីមិនអាចសុំការបញ្ជាក់ភ្លាមៗពីលោក កឹម សុខា និងមន្រ្តីបក្សសង្រ្គោះជាតិបាននៅឡើយទេ។

គួរបញ្ជាក់ថានេះជាករណីថ្មីមួយទៀត ស្របពេលលោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួន ដែលករណីនេះចេញមកពីដើមរឿងបែកធ្លាយសំឡេងសន្ទនាជាមួយស្រ្តីម្នាក់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា៕ដោយទូច សុខា និងស៊ុុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ