លោក ខៀវ សុភ័គ៖ សមត្ថកិច្ច​នឹង​អនុវត្ត​តាម​ច្បាប់​ក្នុង​ករណី​លោក កឹម សុខា

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ឡើងវិញថា សមត្ថកិច្ចនឹងអនុវត្តទៅតាមអ្វីដែលច្បាប់តម្រូវឲ្យ ទាក់ទងនឹងករណីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលបំភ្លឺជាថ្មីម្ដងទៀតនៅពាក់កណ្ដាលខែមិថុនានេះ បន្ទាប់លោកបានបដិសេធចូលបំភ្លឺជាបន្តបន្ទាប់ ក្នុងនាមជាសាក្សីនៅក្នុងតុលាការ។

លោក ខៀវ សុភ័គ បានឲ្យដឹងកាលពីចុងសប្ដាហ៍កន្លងមកថា សមត្ថកិច្ចក្រសួងមហាផ្ទៃ មិនមានគម្រោងចាប់ខ្លួនលោក កឹម សុខា នោះឡើយ ដោយសារមេដឹកនាំគណបក្សប្រឆាំងរូបនេះ គឺជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ខណៈដែលលោកក៏បានជំរុញឲ្យលោក កឹម សុខា ចូលទៅតស៊ូក្ដីជាមួយមេធាវីរបស់លោក នៅក្នុងតុលាការ។

លោក ខៀវ សុភ័គ មានប្រសាសន៍ថា៖«គាត់ទៅតុលាការទៅចប់រឿងហើយ។ គេសួរនាំគាត់ជាសាក្សី។ យើងមើលគាត់មានអភ័យឯកសិទ្ធិទេ សភាបានប្រកាសថា អត់មានដកអភ័យឯកសិទ្ធិគាត់ឯណា អត់អាចឃុំឃាំងគាត់បាន អត់អាចចោទប្រកាន់គាត់បាន អភ័យឯកសិទ្ធិគាត់មាន គ្រាន់តែការកោះអញ្ជើញ អភ័យឯកសិទ្ធិគេអាចអញ្ជើញគាត់បាន។ មានតែខ្លួនគាត់ទេដែលជួយខ្លួនគាត់បាន»។

ទោះជាយ៉ាងណា នៅកិច្ចសម្ភាសមួយនាពេលថ្មីៗនេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឡើងវិញថា សមត្ថកិច្ចក្រសួងមហាផ្ទៃ នឹងអនុវត្តតាមតួនាទី ដែលត្រូវបានកំណត់ដោយ ទាក់ទងនឹងដីកាថ្មីបំផុតរបស់តុលាការ ដែលបានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន»។

លោក ខៀវ សុភ័គ មានប្រសាសន៍កាលថ្ងៃអាទិត្យកន្លងមកថា៖ «ជាសាលដីការបស់តុលាការ សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មានសមត្ថកិច្ចត្រូវអនុវត្តទៅតាមអ្វីដែលច្បាប់បានតម្រូវឲ្យ»។ លោកនៅតែបន្តទទូចឲ្យលោក កឹម សុខា ចូលទៅបំភ្លឺនៅតុលាការជាមួយមេធាវីរបស់លោក។

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ បន្ទាប់ពីលោកបានបដិសេធចូលបំភ្លឺម្ដងហើយម្ដងទៀត ក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿងសញ្ចារកម្មដ៏ចម្រូងចម្រាស់មួយ។

ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងមកនេះថា មេដឹកនាំរបស់លោក នៅតែរក្សាជំហរមិនចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការដដែល ដោយលោកអះអាងថា ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់ គោរពរដ្ឋធម្មនុញ្ញ និងមិនធ្វើតាមបុគ្គលណាម្នាក់ចង់បាននោះឡើយ។

លោក យ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ថា៖ «ឯកឧត្តម កឹម សុខា លោកបញ្ជាក់ម្តងហើយម្តងទៀតថា លោកជាអ្នកតំណាងរាស្ត្រ លោកមានអភ័យឯកសិទ្ធិ លោកមិនទៅទេ។ ដូច្នេះថ្ងៃ១៤ លោកមិនទៅទេ។ ប៉ុន្តែ យើងកំពុងតែសិក្សាផ្លូវច្បាប់ជាមួយក្រុមមេធាវី ដើម្បីស្វែងយល់តាមការអនុវត្តច្បាប់ ថាតើការអនុវត្តច្បាប់នោះត្រឹមត្រូវពេញលេញឬក៏អត់»។

លោកបន្ថែមថា៖ «យើងកំពុងពិភាក្សាជាមួយអ្នកច្បាប់បន្តទៀត ក្រុមមេធាវីរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាអស់លោកបណ្ឌិតខាងសាស្ត្រាចារ្យច្បាប់ដែលធ្លាប់ចូលរួមសរសេររដ្ឋធម្មនុញ្ញ ដែលធ្លាប់បង្រៀននៅសាលាច្បាប់ ដើម្បីស្តាប់មតិយោបលរបស់គាត់។ យើងទាំងអស់គ្នា មិនមែនជាប់ច្បាប់របស់បុគ្គលណាមួយ យកទៅបកស្រាយ ដើម្យីយកផលប្រយោជន៍របស់ខ្លួននោះទេ»។

យោងតាមដីកាបង្គាប់ថ្មីបំផុតរបស់តុលាការ លោក កឹម សុខា ត្រូវបានកោះហៅមិនមែនក្នុងនាមជាសាក្សីទៀតនោះឡើយ។ ផ្ទុយទៅវិញ លោកត្រូវបានបង្គាប់ឲ្យចូលខ្លួនក្នុងនាមជាជនសង្ស័យ ក្រោមការចោទប្រកាន់ពីបទ«បដិសេធក្នុងការចូលខ្លួន» ដែលសាលាដំបូងរាជធានីភ្នំពេញ បានយោងទៅតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ