លិខិតមិត្តអ្នកអាន៖ ហេតុ​អ្វី​លោក​ កឹម​ សុខា​ មិន​ធ្វើ​ជា​អ្នក​ក្លាហាន​ក្នុង​ស្នូក​?

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា

ប្រឈមមុខនឹងគុកច្រវាក់ លោក កឹម សុខា បានឱ្យបក្សលោកប្រកាសជាផ្លូវការថ លោកឋិតនៅក្នុងទីស្នាក់ការបក្សចាក់អង្រែលើ  បន្ទាប់ពីដឹងថាប្រជាពលរដ្ឋដែលគាំទ្របក្សលោកបានស្កាត់មកពីក្រុងខេត្តនានាមកការពារលោក ព្រមទាំងការគំរាមធ្វើបាតុកម្មពីសហជីពលោក ជា មុន្នី និងសមាគមគ្រូបង្រៀនលោក រ៉ុង ឈុន ផង ដែលនៅមុននោះសមាជិកបក្សប្រឆាំងបានត្រឹមតែថាលោកនៅក្នុងក្រុងភ្នំពេញ នៅកន្លែងដែលមានសុវត្ថិភាពប៉ុណ្ណោះ។ ការប្រកាសជាសាធារណៈ មិនលាក់បាំង ជាតាក់ទិចដ៏ប្រសិទ្ធភាពមួយ ប្រឆាំងនឹងការចាប់ខ្លួនដោយមិនគោរពអភ័យឯកសិទ្ធិតំណាងរាស្ត្រ ហើយយើងពិតជាឃើញថាខាងរដ្ឋាភិបាលបានទម្លាក់ដៃភ្លាមក្រោយដឹងថាកងទ័ពប្រជាជនស៊ីវិលគ្មានប្រដាប់អាវុធកំពុងចល័តចូលក្រុង។ ផ្ទុយទៅវិញ បើលោក កឹម សុខា សម្ងំលាក់ខ្លួន នឹងមិនអាចពួនរហូតឡើយ ដូចយើងជ្រាបហើយសមត្ថភាពចារកម្មរបស់រដ្ឋាភិបាលមិនអន់ទេ គង់តែនឹងរកឃើញពុំខាន ហើយរកឃើញប្រាកដជាចាប់។ ការសម្ងាត់តែងបង្កការភ័យខ្លាច កាន់តែខ្លាច កាន់តែផ្តល់សញ្ញាអាក្រក់ដល់អ្នកគាំទ្រនិងជំរុញឱ្យភាគីម្ខាងទៀតកាន់តែបំភ័យនិងកាន់តែចង់ចាប់ខ្លួន។ ការចាប់ខ្លួនអាចមានប្រសិទ្ធភាពតែនៅពេលដែលអាចបង្កការភ័យខ្លាចដល់មុខសញ្ញាចាប់ខ្លួននិងបំភ័យអ្នកដទៃឱ្យខ្លាចការចាប់ខ្លួនដែរប៉ុណ្ណោះ ដល់ពេលលោក កឹម សុខា មិនព្រមចាកចេញទៅក្រៅប្រទេសដែលជាសេណារីយ៉ូដែលបក្សកាន់អំណាចចង់បាន ហើយពលរដ្ឋមិនខ្លាចការបង្ក្រាបស៊ូការពារ ធ្វើឱ្យរដ្ឋាភិបាលញញើតនឹងអំណាចប្រជាជននិងខ្លាចការបង្ក្រាបបញ្ឆេះចលនាប្រជាជនទូទៅប្រទេស ក៏មនុស្សរបស់បក្សកាន់អំណាចបែរជាអះអាងផ្សេងៗគ្នាថាលោកនៅមានអភ័យឯកសិទ្ធិ មិនចង់បង្ក “ការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា” ដល់ពេលចង់ចាប់វិញ ក៏អះអាងថាបទលើ្មសជាក់ស្តែង ម៉ែអភ័យឯកសិទ្ធិក៏មិនជួយបានដែរ ដើម្បីនីតិរដ្ឋ អំណាចតុលាការមិនអាចលូកលាន់បាន…។ មតិអ្នកវិភាគនិងពលរដ្ឋមួយចំនួនថាមកពីបកស្រាយច្បាប់មិនចុះសម្រុងគ្នាពីបក្សមួយទៅបក្សមួយ ពីមេធាវីមួយទៅមេធាវីមួយ មកពីមិនព្រមរកអន្តរាគមន៍ពីក្រុមប្រឹក្សាធម្មនុញ្ញឬព្រះមហាក្សត្រ ដែលទោះមានអន្តរាគមន៍ក៏ដោយ ក៏មិនអាចផ្តល់សេចក្តីសុខចិត្តដល់ពលរដ្ឋដែរ ព្រោះសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនិងក្រុមប្រឹក្សារាជ្យសម្បត្តិសុទ្ធតែជាសមាជិកបក្សកាន់អំណាច។

តាមពិតទៅមិនមែនមកពីច្បាប់ឬបកប្រែច្បាប់ទេ គឺមកស្ថាប័នគ្របដណ្តប់ដោយបក្សនយោបាយ ដូច្នេះច្បាប់នឹងក្លាយជាឧបករណ៍នយោបាយ គេនឹងចុចយកមាត្រាណាដែលផ្តល់ផលប្រយោជន៍ដល់ខ្លួននិងផ្តល់ផលអាក្រក់ដល់ភាគីម្ខាងទៀត បើមាត្រានោះមិនបំរើប្រយោជន៍ខ្លួន នឹងត្រូវគេធ្វើវិសោធនកម្ម បើធ្វើវិសោធនកម្មមិនបានព្រោះមិនគ្រប់សំឡេង គេរំលោភតែម្តង ដោយមិនខ្វល់ថាការបកប្រែត្រឹមត្រូវឬអត់ទេ សំខាន់ត្រង់ត្រួតត្រាស្ថាប័នបកប្រែច្បាប់ឱ្យបកប្រែសកម្មភាពនោះថាស្របច្បាប់ទៅជាការស្រេច។

លោក សម រង្ស៊ី ធ្លាប់បានប្រកាសដើរចូលពន្ធនាគារជាមួយលោក កឹម សុខា ប្រសិនណាបើតុលាការចាប់ខ្លួនអនុប្រធានគណបក្ស។ ឥឡូវនេះ លោក កឹម សុខា កំពុងរងនឹងការចាប់ខ្លួន យើងមិនទាន់ឃើញលោក សម រង្ស៊ី ត្រឡប់មករួមសុខទុក្ខជាមួយលោកនៅឡើយទេ។ ការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានបំផុសឱ្យមានស្តង់ដារពីររួចទៅហើយរវាងការនិរទេសខ្លួនរបស់ប្រធានបក្សនិងការចូលឱ្យចាប់ខ្លួនរបស់សមាជិកបក្ស ប៉ុន្តែវានៅអាចឱ្យសមាជិកបក្សទាំងឡាយដោះសាបាន តាមរយៈអំណះអំណាងមេទ័ពមិនអាចឱ្យគេចាប់ខ្លួនរបស់លោក សម រង្ស៊ី ដល់ឥឡូវករណីលោក កឹម សុខា ធ្វើឱ្យពួកអត់មានអ្វីនិយាយការពារទៀតទេ ពួកគេក៏មិនហ៊ានបញ្ចេញមតិតែម្តង។ មែនទែនទៅ លោក សម រង្ស៊ី ក៏មិនហ៊ាននិយាយជួសលោក កឹម សុខា ដែរ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី១៧ មេសា ២០១៦ ដែលធ្លាប់សួរថាតើលោក កឹម សុខា គួរនិរទេសដូចលោកឬទេ។ ជាយោបល់ សមាជិកបក្សអាចដោះសាបានថា ដោយសារលោក កឹម សុខា ជាមេទ័ពរង ដូច្នេះទោះចាប់លោក ក៏នៅសល់មេទ័ពធំដែរ តែសំខាន់ត្រង់ថា ពួកគេមិនអាចនិយាយបែបនេះមុនមេបក្សរបស់ពួកគេឡើយ នេះបង្ហាញថា សមាជិកបក្សមិនហ៊ានបង្ហាញជំហរថាពួកគេចង់បានគំរូណាមួយពីមេបក្សទាំងពីរនោះទេ ប្រហែលដូចការរិះគន់ខ្លះអះអាងថា បក្សប្រឆាំងដឹកនាំតាមបែបមេបក្សនិយម សមាជិកគ្មានអំណាច ទើបមិនហ៊ាននិយាយ។ យ៉ាងណាក៏ដោយ ក៏យើងនៅតែអាចទស្សន៍ទាយពីជម្រៅចិត្តពួកគេបានដែរ ព្រោះធម្មតាស្ថាប័នណាក៏ដូចគ្នាដែរ មិនមែនតែគណបក្សនយោបាយទេ អ្នកក្រោមបង្គាប់តែងចង់បានគំរូល្អពីមេដឹកនាំ ស្រឡាញ់មេដឹកនាំណាដែលរួមសុខទុក្ខនឹងសមាជិកជាជាងពេញចិត្តនឹងមេដឹកនាំដែលរត់យករួចខ្លួនតែឯង ទោះសម្តីរបស់ពួកគេនិយាយផ្សេងពីនេះក៏ដោយ ហេតុនេះហើយទើបពលរដ្ឋខំស្កាត់ពីចុងកាត់មាត់ញកមកការពារលោក កឹម សុខា ទោះពួកគេនៅតែគាំទ្រជំហរនៅក្រៅស្រុកលោក សម រង្ស៊ី។

លោក សម រង្ស៊ី និង កឹម សុខា តាំងពីបង្កើតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១២មក តែងព្យាយាមពន្យល់ម្ចាស់ឆ្នោតថាពួកគេទាំងទ្វេហាគឺតែមួយ ប៉ុន្តែតាមពិតទៅ ពួកគេទាំងពីរគឺមានចរិតនិងសកម្មភាពខុសគ្នាទាំងស្រុង។ នៅឆ្នាំ២០០៥ កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា ធ្លាប់ជាប់ពន្ធនាគារដោយសាររិះគន់ការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនខ្មែរ-វៀតណាមនៅឆ្នាំ១៩៨៥ លោក សម រង្ស៊ី វិញ នៅឆ្នាំ២០០៦ ដើម្បីបានចូលស្រុក សុខចិត្តបំផុសគំនិតនិងចូលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីការបង្កើតរដ្ឋាភិបាលដោយសំឡេង២/៣ មក៥០បូក១ ដែលប៉ះពាល់យ៉ាងខ្លាំងដល់យន្តការប្រជាធិបតេយ្យ រួចរត់ចោលស្រុកនៅក្នុងសំណុំរឿងដកបង្គោលព្រំដែនខេត្តស្វាយរៀងឆ្នាំ២០០៨។ នៅឆ្នាំ២០១៣ លោក កឹម សុខា រងការគំរាមសម្លាប់តាមហេ្វសប៊ុក ដែលធ្វើឱ្យងឿងឆ្ងល់ថា ហេតុអ្វីមិនគំរាមសម្លាប់លោក សម រង្ស៊ី ដែលជាប្រធាន បែរជាទៅគំរាមអនុប្រធានទៅវិញ។ នេះបញ្ជាក់ថាបក្សកាន់អំណាចចាត់ទុកលោក កឹម សុខា ជាឆ្អឹងទទឹងក ឯលោក សម រង្ស៊ី វិញ តាមលោក ដេវិឌ ឆាណ្ឌល័រ ត្រឹមតែជាគូប្រជែងងាយទប់ទល់ប៉ុណ្ណោះ។ លោក ហ៊ុន សែន ចាត់ទុកលោក កឹម សុខា ជាមនុស្សពិបាកគ្នានិងចោទលោកថាជាអ្នកបង្កការរាំងស្ទះដល់ការចរចា ទើបលោកបង្កើតវប្បធម៌សន្ទនាតែជាមួយលោក សម រង្ស៊ី មិនជាមួយលោក  កឹម សុខា។ ការព្យាយាមសម្លុតមិនឱ្យលោក កឹម សុខា រិះគន់ និងប្រើរឿងអាស្រូវស្នេហាធ្វើទុក្ខបុកម្នេញ ហើយនិងការប៉ងចាប់ខ្លួនលោកថ្មីៗ ពិសេសការពន្យុះលោក កឹម សុខា ឱ្យធ្វើបក្សប្រហារ ដណ្តើមតំណែងប្រធានបក្ស បង្កប់យុទ្ធសាស្ត្រមួយរបស់លោក ហ៊ុន សែន ថាបើចង់កម្ទេចសង្គ្រោះជាតិត្រូវតែទាក់ទាញលោក សម រង្ស៊ី ដែលជាមនុស្សងាយនិយាយគ្នា ហើយវាយប្រហារលោក កឹម សុខា ដែលមនុស្សក្បាលរឹង ។ លោក កឹម សុខា ធ្លាប់បានប្រកាសថាគ្មានបំណងធ្វើប្រធានបក្សឡើយ ព្រោះលោកដឹងថានេះជាសេណារីយ៉ូដែលលោក ហ៊ុន សែន ចង់បាន ពិសេសគឺលោកយល់ច្បាស់ថាលោក សម រង្ស៊ី នឹងមិនបោះបង់តំណែងប្រធានបក្សឡើយ បក្សលោកនឹងបែកបាក់ បើលោកប្រជែងគ្នានឹងលោក សម រង្ស៊ី។ តាមរយៈសកម្មភាពគំរាមកំហែងលើលោក កឹម សុខា ច្រើនជាងលើលោក សម រង្ស៊ី និងតាមរយៈសកម្មភាពនៅក្នុងប្រទេសរបស់លោក កឹម សុខា ច្រើនជាងលោក សម រង្ស៊ី ដែលធ្វើសកម្មភាពក្រៅស្រុកច្រើនជាង អាចឱ្យគេសន្និដ្ឋានថាប្រជាប្រិយក្នុងបក្ស ប្រហែលជាលោក កឹម សុខា មានខ្ពស់ជាងលោក សម រង្ស៊ី ហើយបើនេះជាការពិតមែន លោក កឹម សុខា ក៏មិនចាំបាច់ទៅធ្វើបក្សប្រហារអ្វីដែរ គ្រាន់តែបោះឆ្នោតដោយមានតម្លាភាពក៏លោកអាចធ្វើជាប្រធានបក្សបាន ប៉ុន្តែលោកយល់ច្បាស់ថាហេតុអ្វីត្រូវដណ្តើមធ្វើប្រធាន បើធ្វើអនុប្រធានក៏មានអំណាចស្មើប្រធានដែរហ្នឹង ដែលលោកទាំងពីរមុនបង្កើតគណបក្ស បានដាក់ខសន្យាថាសម្រេចកិច្ចការគ្រប់យ៉ាងជាមួយគ្នា។

ទោះលោក សម រង្ស៊ី ធ្លាប់បំពានសន្យានេះ សម្រេចម្នាក់ឯង សន្ទនាតាមទូរស័ព្ទតែឯងជាមួយលោក ហ៊ុន សែន (លោកគួរមិនទទួលទូរស័ព្ទតែម្តង បើគ្មានវត្តមានលោក កឹម សុខា)  ដឹកនាំបក្សចូលសភាទោះអនុប្រធានជំទាស់ ក៏លោក កឹម សុខា ចេះតែខាំមាត់សង្កត់ចិត្ត ព្រោះលោកដឹងថា ឱ្យតែលោកឈ្លោះនឹងលោក សម រង្ស៊ី អ្នកឈ្នះគឺលោក ហ៊ុន សែន មិនមែនលោកខ្លួនឯងឈ្នះឬលោក សម រង្ស៊ី ឈ្នះទេ ផ្ទុយពីសម្ពន្ធភាពរវាងសម្តេចក្រុមព្រះនិងមេបក្សប្រឆាំងកាលឆ្នាំ២០០៣ ដែលសុខចិត្តឈ្លោះគ្នា ទោះខាតទាំងសងខាង ចំណេញតែលោក ហ៊ុន សែន ក៏ដោយ

នៅអនាគតដ៏ខ្លីកាន់តែខិតកៀកនឹងការបោះឆ្នោតឆ្នាំ២០១៧-១៨ ដែលអ្នកវិភាគយល់ថាជាទឹកចុងក្រោយរវាងគណបក្សទាំងពីរ គេងាយមើលធ្លុះពីគោលបំណងនៃការធ្វើទុក្ខបុកម្នេញ រួមទាំងការប៉ងចាប់ខ្លួនអនុប្រធានបក្សប្រឆាំង ព្រមទាំងទៅលើចាប់ខ្លួនសង្គមស៊ីវិល របស់បក្សកាន់អំណាចថា ដើម្បីយកសេណារីយ៉ូការបោះឆ្នោតឆ្នាំ២០១៣មកប្រើម្តងទៀត។ ការចាប់ខ្លួនអនុប្រធានប្រហែលមិនមែនធ្វើដើម្បីចាប់ខ្លួនមែនទែនទេ តែគឺដើម្បីបណ្តេញដូចករណីប្រធានបក្សច្រើនជាង ព្រោះបក្សកាន់អំណាចដឹងជាមុនពីលទ្ធផលនៃការចាប់ខ្លួនមេបក្សទាំងពីរថានឹងបំផ្ទុះកំហឹងអ្នកគាំទ្របក្សប្រឆាំងឱ្យក្រោកឈរតវ៉ា ដូច្នេះហើយទើបរំសាយកងកម្លាំងដែលលោមព័ទ្ធទីស្នាក់បក្សប្រឆាំងវិញ ក្រោយដឹងថាពលរដ្ឋចាប់ផ្តើមធ្វើដំណើរមក មានន័យថា បើគ្មានកម្លាំងពលរដ្ឋមកការពារទេ ប្រហែលជាការចាប់ខ្លួននឹងកើតឡើងមែន។ បក្សកាន់អំណាចក៏ប្រហែលជាទាល់ច្រកហើយ ដើរផ្លូវណាក៏គ្រោះច្រើនជាងលាភដែរ ព្រោះកំណែទម្រង់មិនសូវមានប្រសិទ្ធភាព មិនអាចទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋបាន ដោយសារពោរពេញដោយទំនាស់ផលប្រយោជន៍រវាងលទ្ធភាពឈ្នះឆ្នោតរបស់បក្សកាន់អំណាចនិងផលប្រយោជន៍ឈ្នួញធំៗដែលធ្លាប់តែឧបត្ថម្ភបក្សកន្លងមក គឺថា កំណែទម្រង់ បើចង់បានប្រសិទ្ធភាព ចៀសមិនផុតពីប៉ះពាល់ដល់ឈ្មួញទាំងនោះឡើយ ដែលបង្កការមិនសប្បាយចិត្តដល់ឈ្មួញទាំងនោះ ពួកគេអាចលែងគាំទ្របក្សខ្លួន ឬរត់ទៅគាំទ្របក្សដទៃណាដែលអាចបំរើប្រយោជន៍ខ្លួននិងមានលទ្ធភាពឈ្នះឆ្នោតខ្ពស់ជាង; បើកំណែទម្រង់មិនមានប្រសិទ្ធភាពវិញ ប្រជាប្រិយភាពបក្សប្រាកដជាចប់ ដូច្នេះហើយបក្សកាន់អំណាចសព្វថ្ងៃគ្មានជម្រើសអ្វីក្រៅពីព្យាយាមបង្កការលំបាកដល់បក្សប្រឆាំង ធ្វើឱ្យបក្សប្រឆាំងខ្សោយនិងទិញទឹកចិត្តអាជ្ញាកណ្តាល ដើម្បីឈ្នះទាំងមុនពេលឡើងសង្វៀន កំពុងនៅលើសង្វៀន ក្រោយពេលចុះពីសង្វៀននោះឡើយ៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ