ទឹម​ រដ្ឋា បានតំណែងនៅ​PNN ក្រោយ​​ត្រូវ​គេ​​បង្ខូច​ឈ្មោះ​​៣​ឆ្នាំ

កញ្ញា ទឹម រដ្ឋា កាលពីកន្លងទៅ

ប្រមាណ៣ឆ្នាំមកហើយ ដែលតារាសម្ដែងល្បីឈ្មោះកញ្ញា ទឹម រដ្ឋា បានអះអាងថាអត់មានរឿងភាគសម្ដែងទាល់តែសោះ ដោយសារតែគេបង្ខូចឈ្មោះថានាងឈប់ទទួលថតរឿងភាគព្រោះតែខ្លាចខូចស្បែកនិងថាគូស្នេហ៍ក្នុងពេលមិនទាន់បែកគ្នានោះហាមឃាត់។ នាងថ្លែងបែបនេះ បន្ទាប់ពីត្រូវបានទូរទស្សន៍PNN យល់ព្រមអោយសម្ដែងរឿងបើកឆាករបស់ខ្លួន ដែលខ្សែរឿងនោះគឺផលិតកម្ម LD Picture  ជាអ្នកផលិតអោយPNN ជាលើកដំបូង។

ក្នុងបទសម្ភាសន៍ដោយផ្ទាល់ជាមួយVOD តារាសម្ដែងនាងទឹម រដ្ឋា បានអះអាងថារយៈពេលពេញ៣ឆ្នាំគត់ដែលនាងអត់មានផលិតករណាម្នាក់ទាក់ទងឲ្យថតរឿងភាគទាល់តែសោះ បន្ទាប់ពីមានមានការលើកឡើងថានាងឈប់ទទួលថតកុនសម្រាប់ទូរទស្សន៍ ព្រោះតែរឿងទាំងនោះទទួលបានតម្លៃតិច ត្រូវថតយូរថ្ងៃ និងជាការងារខូចស្បែកមិនដូចទទួលថតរឿងដុំឬឡើងឆាកទូរទស្សន៍។ នាងនិយាយថា៖ “ដំបូងៗខ្ញុំអត់ដឹងថាមកពីហេតុអីទេ ដល់ពេលយូរៗទៅបានដឹងថាផលិតករអត់ហ៊ានហៅខ្ញុំថត ដោយសារតែគេថាខ្ញុំឈប់ថតកុនហើយ ហើយការពិតមនុស្សចង់អោយមានតែគេហៅបំផុត ព្រោះតាំងពីដើមមកខ្ញុំអត់ដែលថាអត់ទទួលថតកុនទេ ចង់គេអោយលេងតួស្អីក៏ដោយ!”។ នាងថាតាំងពីបាត់ការសម្ដែង នេះជាលើកទី១បំផុតដែលនាងត្រូវបានផលិតកម្ម LD Picture ដែលជាដៃគូសហការរបស់ទូរទស្សន៍PNN ហៅអោយមកសម្ដែងដោយនាងត្រូវបានស្ថាប័នទាំងពីរយល់ព្រមអោយសម្ដែងជាតួរងឆ្នាស់។ នាងថាខ្សែរឿងភាគទូរទស្សន៍បើកឆាកជាថ្មីនេះ ជារឿងដំបូងរបស់ទូរទស្សន៍PNN  ហើយក៏ជារឿងដែលនាងរំពឹងខ្លាំងពីទំហ៊ំជោគជ័យផងដែរ បើទោះជានាងបានត្រឹមសម្ដែងជាតួរង និងមិនមែនជាតួឯកដូចដែលនាងធ្លាប់ទទួល។ ខ្សែរឿងដំបូងនេះមានចំណងជើងថា«ម្ទេសហិរប៉ះអំបិលប្រៃ» ដោយតាមគម្រោងនឹងត្រូវដាក់បញ្ចាំងនៅលើPNN នៅដើមខែកញ្ញាខាងមុខ។ នាងចាត់ទុកថានេះជាលើកទី១ ដែលនាងមានឱកាសសម្ដែងរឿងភាគទូរទស្សន៍ឡើងវិញ ហើយក៏ជារឿងដែលPNNធ្វើការវិនិយោគជាមួយផលិតកម្មក្នុងស្រុកដំបូងគេសម្រាប់ប្រកួតប្រជែងម៉ោងមាសផងដែរ។ នាងនិយាយថា៖ “បីឆ្នាំហ្នឹងខ្ញុំចេះតែឆ្ងល់ថាថីអត់មានអ្នក ហៅថត មានណាគេដើរសម្ពុយខ្ញុំគ្រប់គ្នាថាទឹម រដ្ឋា ឈប់ថតរឿងភាគហើយ ការពិតខ្ញុំបន់អោយតែមានគេហៅ ព្រោះរឿងទូរទស្សន៍ថតយូរមែន តែវាបានគេមើលតាមទូរទស្សន៍ទូលំទូលាយ មិនខ្វល់រឿងធ្លាក់កូដ ហើយខ្ញុំឯណាឈប់ថត តែទម្រាំដឹង៣ឆ្នាំគត់”។

ទឹម រដ្ឋា បញ្ជាក់ថា ខ្សែរឿង«ម្ទេសហិរប៉ះអំបិលប្រៃ»នាងសម្ដែងជាតួរង និងឆ្នាស់ឆ្នើមបំផុត ប៉ុន្តែនាងពេញចិត្តសម្ដែង បើទោះជានាងគឺជាតារារៀមច្បងហើយមកត្រូវសម្ដែងធ្វើតួរងរបស់កញ្ញាម៉ាក់សែន សូនីតា(តូតា)។ នាងនិយាយថា៖ “រឿងហ្នឹងខ្ញុំតួរង ហើយឆ្នាស់ទៀត តែខ្ញុំគិតថាជោគជ័យព្រោះរឿងហ្នឹងជារឿងទី១ ដែលPNN គាត់វិនិយោគជាមួយផលិតកម្មក្នុងស្រុក ហើយខ្ញុំថតប៉ុន្មានថ្ងៃហ្នឹងក៏មើលទៅមានស្ដង់ដារខុសប្លែកពីរឿងផ្សេងៗផងដែរ ដោយសារតែខាងPNN គាត់កំណត់អោយLD ប្រើសុទ្ធតែសម្ភារកុនទំនើបៗ ហើយបើនិយាយពីស្ដង់ដារផលិតក៏ខាងទូរទស្សន៍គាត់ច្បាស់លាស់!”។ នាងថាខ្សែរឿង«ម្ទេសហិរប៉ះអំបិលប្រៃ»នាងបានសម្ដែងចំនួន៣៤ថ្ងៃមកហើយ ដោយតាមគម្រោងសម្រាប់ប្លង់នាងគឺរហូតដល់៣ខែទើបចប់។

លោកលៀក លីដា ម្ចាស់ផលិតកម្មLD Picture បានអះអាងថាក្នុងចំណោមខ្សែរឿងដែលលោកផលិតអោយបណ្ដាស្ថានីយទូរទស្សន៍ទាំងអស់គឺមានតែរឿងដែលគ្រោងផលិតអោយទូរទស្សន៍PNN មួយនេះប៉ុណ្ណោះ ដែលខាងទូរទស្សន៍តម្រូវអោយលោកប្រើប្រាស់នូវប្រភេទកាមេរ៉ា4K និងCinema Lance ដែលមានកម្រិតដូចគ្នានឹងការរឿងរបស់ប្រទេសជិតខាង។ ក្នុងនោះសូម្បីតែការផលិតមួយភាគៗក៏ខាងទូរទស្សន៍តម្រូវអោយមានការត្រួតពិនិត្យដើម្បីគុណភាពមិននឹងធ្វើការសម្រេចផងដែរ។ លោកថាខ្សែរឿង«ម្ទេសហិរអំបិលប្រៃ»គឺជារឿងទី១ដែលលោកសាកល្បងផលិតអោយទូរទស្សន៍ PNN ដែលលោក និងខាងទូរទស្សន៍បានសម្រេចអោយ ទឹម រដ្ឋា សម្ដែងជាតួឆ្នាស់ឆ្នើមក្រោយពីបាត់មុខក្នុងរឿងភាគទូរទស្សន៍អស់រយៈពេលច្រើនឆ្នាំ។ លោកមិនរំពឹងពីភាពផលចំណេញពីការផលិតមួយរឿងនេះទេ ដោយសារតែខាងទូរទស្សន៍មានការកំណត់ស្ដង់ដារដែលតម្រូវអោយលោកចំណាយថវិកាច្រើនលើការនាំចូលសម្ភារៈថតកុន និងប្រើប្រាស់ក្រុមការងារអស់ច្រើនជាងមុន។ ក្នុងនោះសូម្បីតែតួសម្ដែងក៏PNN មិនទុកអោយលោកសម្រេចតែឯងនោះដែរ ដើម្បីអោយរឿងដែលបានផលិតឡើងមានគុណភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ