អនុរដ្ឋលេខាធិការអាមេរិក លោកស្រីCatherine Novelli មកបំពេញទស្សនកិច្ចនៅកម្ពុជា

អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli(រូបថតពីwww.sommetdelome.org)

អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli នឹងមកបំពេញទស្សនកិច្ចផ្លូវការចំនួនពីរថ្ងៃនៅសប្តាហ៍នេះ ដោយនឹងពិភាក្សាទៅលើបញ្ហាបរិស្ថាននិងសេដ្ឋកិច្ច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ស្ថានទូតអាមេរិកបានឲ្យដឹងថានៅថ្ងៃទី៩ ខែមិថុនា លោកស្រី Catherineនឹងធ្វើដំណើរទៅកាន់តំបន់ព្រៃឡង់ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វ៉េង សាខុន។  លោកស្រីក៏នឹងជួបជាមួយក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើនិងការជួញដូរសត្វព្រៃជាដើម។

សេចក្តីប្រកាសបន្តថាពេលត្រឡប់មកភ្នំពេញវិញ លោកស្រីអនុរដ្ឋលេខាធិការក៏នឹងជួបជាមួយលោក សុខ ចិន្តាសុភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅពីនេះ លោកស្រីក៏នឹងចូលរួមពិសារភោជនាហារពេលល្ងាចជាមួយសហគ្រិនស្រ្តី។

យោងតាមសេចក្តីប្រកាសដដែល ក្រៅពីបញ្ហាបរិស្ថាននិងពាណិជ្ជកម្ម នៅថ្ងៃទី១០ខែមិថុនា លោកស្រីគ្រោងនឹងចូលរួមការពិភាក្សាដើម្បីគូសបញ្ជាក់ពីបញ្ហានយោបាយ ស្ថាប័ន និងភាពជាដៃគូចាំបាច់សំរាប់កសាងសេដ្ឋកិច្ចដែលមានវិស័យចម្រុះជាច្រើននិងមានភាពជឿនលឿននៅកម្ពុជា។

នៅថ្ងៃដដែល លោកស្រី Catherine នឹងបន្តដំណើរទៅខេត្តសៀមរាប ដើម្បីមើលការជួសជុលប្រាសាទភ្នំបាក់ខែងនិងប្រាសាទដទៃទៀត ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិកនៅក្នុងសួនឧទ្យានអង្គរ។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកស្រីអនុរដ្ឋលេខាធិការបានចាកចេញពីប្រទេសចិន ដែលនៅទីនោះលោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី៨ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ